ក្រុមហ៊ុនបញ្ជាទិញ​សម្លៀកបំពាក់ធំៗអំពាវ​នាវឲ្យកម្ពុជាចាប់ខ្លួន​អ្នកបាញ់កម្មករ

នៅ​ថ្ងៃ​​​ទី​១២​ មីនា ២០១២ ទីភ្នាក់ងារ​ព័ត៌មាន​បារាំងAFPបាន​ផ្សាយ​ឲ្យ​​ដឹង​​​ថា ក្រុមហ៊ុន​បញ្ជាទិញ​សម្លៀកបំពាក់​ធំៗ​ថ្នាក់​ពិភព​លោក​រួម​មាន Puma Gap និង H&M បាន​ថ្លែង​ថា ពួកគេ​មាន​ក្តី​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​​ហេតុការណ៍​បាញ់​រះ​លើ​កម្មករ​កាល​ពី​ថ្ងៃ​ទី​២០​ កុម្ភៈ។ ​

ក្រុមហ៊ុន​ធំ​ៗទាំង​បី​បាន​សរសេរ​លិខិត​រួម​មួយ​ទៅ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩​មីនា​ដើម្បី​ទាមទារឲ្យ​​រដ្ឋាភិបាល​ចាប់​ខ្លួន​ជនសង្ស័យ​បាញ់​កម្មការិនី។ ខ្លឹមសារ​លិខិត​នោះ​សរសេរ​ថា កម្មការិនី​៣​នាក់​របស់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​កីឡា​របស់​ក្រុមហ៊ុន Puma ត្រូវ​បាន​គេ​បាញ់ឲ្យ​​របួស ដូច្នេះ​​តម្រូវ​ឲ្យ​​មាន​ការ​ស៊ើបអង្កេត​អោយ​បាន​ពេញលេញ​ប្រកប​ដោយ​តម្លាភាព។

ការទាមទារ​របស់​ក្រុមហ៊ុន​ធំៗ​ទាំង​បី​ធ្វើ​ឡើង នៅ​ពេល​ដែល​តុលាការ​បាន​កោះ​ហៅ​ជន​សង្ស័យ​ឈ្មោះ ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត អោយ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦​មីនា​សប្តាហ៍​នេះ។ ដីកា​កោះ​អោយ​ជន​សង្ស័យ​ចូល​ខ្លួន​បំភ្លឺ​សំណុំរឿង​ឧក្រិដ្ឋ​នេះ មែន​ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​កំពុង​រស់នៅ​លាក់​ខ្លួន​នេះ​នៅ​ឡើយ​ទេ។

សូម​រម្លឹក​ថា ក្រោយ​ព្រឹត្តិការណ៍​បាញ់​កម្មការិនី​៣​នាក់​អោយ​របួស​នៅ​ក្នុង​ការតវ៉ា​មួយ​នៅ​ថ្ងៃ​ទី​២០​កុម្ភៈ ក្រុមហ៊ុនPuma ក៏​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​មក​កម្ពុជា​ដើម្បី​តានដាន​ហេតុការណ៍​ដោយ​ផ្ទាល់​ផងដែរ៕

Related Articles

Back to top button
Close
Close