នៅថ្ងៃទិវាសិទ្ធិនារីប្តីប្រើអំពើហិង្សាស្រោចទឹកក្តៅលើប្រពន្ធ
បុរសជាប្តីម្នាក់ពេលស្រវឹងស្រាខឹងប្រពន្ធមិនយកម្ហូបទៅទៅឲ្យផឹកស៊ីក្លែមបន្ត ក៏បានប្រើអំពើហិង្សាដោយយកទឹកក្តៅមកជះស្រោចបណ្តាលឲ្យស្រ្តីជាប្រពន្ធរងរបួសធ្ងន់ កាលពីវេលាម៉ោង៩ព្រឹក ចំទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា។ បុរសជាប្តីដៃដល់ឈ្មោះ នីប វេត អាយុ៤១ឆ្នាំ រីឯស្រ្តីជាប្រពន្ធរងគ្រោះឈ្មោះ ប្រុញ ជា អាយុ៤២ឆ្នាំ មានកូនបីនាក់ និងមានទីលំនៅភូមិជើងពាត ឃុំកោះខ្ញែរ ស្រុកសំបូរ។
លោកអនុសេនីយ៍ទោ នួន សារិន នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំបូរ បានឲ្យដឹងថា កាលពីថ្ងៃកើតហេតុបុរសជាប្តីបានផឹកស្រាជាមួយមិត្តភក្កនៅក្នុងភូមិតាំងពីព្រឹក លុះពេលអស់សាច់ក្លែមបុរសរូបនេះ សួរប្រពន្ធរកសាច់ក្លែមយកមកផឹកស៊ីបន្ត តែប្រពន្ធមិនព្រមយកឲ្យ ក៏បានស្រវ៉ាយកឆ្នាំងទឹកក្តៅដែលដាំទឹកស្ងោរពងទានៅ លើចង្ក្រាន មកជះលើប្រពន្ធទាំងកំរោល បណ្តោលអោយរលាកស្រោចពេញខ្លួន។ ក្រោយពីកើតហេតុ ស្រ្តីរងគ្រោះជាប្រពន្ធ ត្រូវបាននាំមកសង្រ្គោះនៅគ្លីនីកឯកជនក្នុងស្រុក។
ចំណែកបុរសជាប្តីដៃដល់ ក៏ត្រូវនគរបាលស្រុកចាប់ឃាត់ខ្លួនបានភ្លាមៗដែរ និងត្រូវកម្លាំងនគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីចាត់វិធានការបន្ត៕