កូរ៉េខាងជើងដាក់ពង្រាយយន្តហោះចម្បាំងរបស់ខ្លួន
យន្តហោះ ចម្បាំងកូរ៉េខាងជើងជាច្រើន គ្រឿង បានចេញធ្វើប្រតិបត្តិការក្នុងកំរិតមួយដែលពុំធ្លាប់មាន ក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ជាប្រតិបត្តិ ការមួយដែលទំនងជា ការឆ្លើយតបទៅនឹងសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាង ត្បូងនៅក្នុងភាគខាងត្បូងនៃឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន។ នេះបើយោងតាមកាសែតកូរ៉េខាងត្បូងចេញផ្សាយនៅថ្ងៃពុធ១៣មីនានេះ។
យន្តហោះ ចម្បាំងកូរ៉េខាងជើង-បានចេញធ្វើប្រតិបត្តិការក្នុង កំរិតមួយដែល ពុំធ្លាប់មាន ក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយ-នេះបើយោងតាមប្រភពយោធា សេអ៊ូល ប្រាប់ដល់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃពុធ១៣មីនានេះ។
នៅថ្ងៃទីនៃមួយនៃប្រតិបត្តិការយន្តហោះចម្បាំងនិងឧទ្ធម្ភភាគចក្រ របស់កូរ៉េខាងជើង សរុបមានរហូតដល់៧០០លើកនៅថ្ងៃចន្ទ១១មីនាមុន-នេះបើយោងតាម ប្រភពយោធាសុំមិនបញ្ចេញឈ្មោះ។
ទង្វើរបស់កូរ៉េខាងជើងទាំងនេះ ទំនងជាប្រតិកម្មឆ្លើយតបទៅនឹងសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិកនិង កូរ៉េខាងត្បូង កាលពីសប្តាហ៍មុន។ សមយុទ្ធរវាងសេអ៊ូលនិងវ៉ាស៊ីនតោន ដែលមួយភាគធំ ត្រូវបានធ្វើឡើងតាមកុមព្យូទ័រនិងមានកងទាហានកូរ៉េខាងត្បូងចូលរួម ១ម៉ឺននាក់និងទាហានអាមរិក ៣៥០០នាក់។
ចំណែក ក្រសួងការពារជាតិកូរ៉េខាងត្បូងវិញ បានដិសេធពុំធ្វើអត្ថាធិប្បាយលើ ព័ត៌ មាន ទាំងអស់ខាងលើនេះទេ គ្រាន់តែបង្ហើបពាក្យដដែលៗ ថា ព្យុងយ៉ាង បានធ្វើលំហាត់សឹកដ៏សម្បើមនេះ មុននឹងផ្តើមធ្វើសមយុទ្ធផ្សេងៗទៀត។
មិនតែប៉ុណ្ណោះ ទីក្រុងសេអ៊ូល បានគូសបញ្ជាក់នៅថ្ងៃពុធនេះថា ខ្សែទូរស័ព្ទក្រហមរវាងកងទ័ពកូរ៉េខាងជើងនិងកូរ៉េខាងត្បូង នៅតែបន្តមានដំណើរការនៅឡើយ។ ផ្ទុយទៅវិញ ខ្សែទូរស័ព្ទផ្ទាល់រវាងរដ្ឋាភិបាលកូរ៉េទាំងពីរ ត្រូវបានកាត់ផ្តាច់តាំងពីថ្ងៃចន្ទទី១១មីនា ហើយព្យុងយ៉ាង លែងទទួលទូរស័ព្ទរបស់ទីក្រុងសេអ៊ូលហើយ។
ជាច្រើនថ្ងៃកន្លងមកហើយ ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េនៅតែខ្លាំងជានិច្ច ដោយទីក្រុងព្យុងយ៉ាង បានប្រកាសលុបចោលកិច្ចព្រមព្រៀងយុទ្ធសន្តិ ភាពដែលបានបិទបញ្ចប់ សង្គ្រាមកូរ៉េនៅក្នុងឆ្នាំ១៩៥៣ និងបានគំរាមធ្វើសង្រ្គាមនុយក្លេអ៊ែរទៀតផង។ លើសពីនេះ ទីក្រុងព្យុងយ៉ាងថែមទាំងបានព្រមានសហរដ្ឋអាមេរិកដែរថា “អាមេរិក ប្រហែលជាអាចនឹងត្រូវរងការវាយប្រហារនុយក្លេអ៊ែរ បង្ការទុកមុនមួយ ពីសំណាក់កូរ៉េខាងជើង”។
ការគំរាមរបស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បាន ជំរុញឲ្យប្រជាជនកូរ៉េខាងត្បូងមានការព្រួយបារម្ភខ្លាំងជាពិសេស ប្រជាជនរស់ នៅលើកោះចំនួន៥ ក្បែរខ្សែបន្ទាត់ព្រំដែនទឹក រវាងកូរ៉េទាំងពីរដែលប្រឆាំង ដោយ ទីក្រុងព្យុងយ៉ាង។ មួយវិញទៀត យោងតាមការស្ទង់មតិមួយរបស់ ស្ថាប័នសិក្សាអាស៊ី បានឲ្យដឹងថា “ ប្រជាជនកូរ៉េខាងត្បូងនៅឆ្នាំ ២០១២ មានចំនួន៥៩% គិតថា ឧបទ្វីកូរ៉េ អាចនឹងជួបសង្គ្រាមជាថ្មីទៀត ដែលកាលពីឆ្នាំ២០១០ មានចំនួនត្រឹមតែ៤០%ប៉ុណ្ណោះ៕ ដោយ នុយ ប៊ែរណាដែត (RFI)