ជប៉ុន​ស្វះស្វែង​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​អាស៊ាន​ក្នុងពេល​មាន​ជម្លោះ​ជាមួយ​ចិន

នៅថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ស្នើ​ឲ្យ​មាន​ការ​រឹតបន្តឹង​ទំនាក់ទំនង​ខាង​ផ្នែក​ យោធា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន។ ការស្វះស្វែង​រឹត​បន្តឹង​ទំនាក់ទំនង​យោធា​ជាមួយ​អាស៊ាន​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​ជប៉ុន និង​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ាន កំពុង​មាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន។

ការស្នើ​ឲ្យ​មាន​ការ​រឹតបន្តឹង​ទំនាក់ទំនង​ផ្នែក​យោធា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​អនុរដ្ឋ​មន្រ្តី​ ការពារជាតិ​ជប៉ុន-អាស៊ាន ដែល​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​តូក្យូ សម្រាប់​រយៈពេល ពីរថ្ងៃ គឺ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។ នេះ​គឺ​ជា​កិច្ចប្រជុំ​​មន្រ្តី​ការពារជាតិ ក្នុង​កម្រិត​ខ្ពស់​លើក​ដំបូង​បង្អស់​ រវាង​អាស៊ាន និង​ជប៉ុន ចាប់តាំង​ពី​លោកនាយករដ្ឋមន្រ្តី​អភិរក្ស​និយម ​ស្ហ៊ីនហ្សូ អាបេ ឡើង​កាន់តំណែង។

ថ្លែង​ក្នុង​ពេល​បើក​កិច្ចប្រជុំ​ដោយ​បិទទ្វារ នៅថ្ងៃ​ពុធ​នេះ លោក​អាគីណូរី អេតូ (Akinori Eto)​ អនុរដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​ថ្លែង​ថា “តំបន់​អាស៊ីប៉ាស៊ីហ្វិក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ចំនួន​ទាក់ទង​នឹង​ ផ្នែក​សន្តិសុខ និង​ការពារជាតិ ក្នុងនោះ ក៏​រួមមាន​បញ្ហា​ជម្លោះ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ផងដែរ។ បន្ថែម​ពីលើ​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​សេដ្ឋកិច្ច ដែល​កំពុង​ត្រូវ​បាន​ពង្រឹង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ អាស៊ាន និង​ជប៉ុន​គួរ​តែ​ពង្រឹង​ផងដែរ​នូវ​ទំនាក់ទំនង​ក្នុង​វិស័យ​សន្តិសុខ និង​ការពារជាតិ”។

កាលពីថ្ងៃ​អង្គារ​ម្សិលមិញ នៅ​មុនពេល​បើក​កិច្ចប្រជុំ តំណាង​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​សមាជិក​អាស៊ាន​បាន​ចូលជួប​លោក​ ស្ហ៊ីនហ្សូ អាបេ ដោយ​បាន​បង្ហាញ​នូវ​ក្តីរំពឹង​ខ្ពស់​ថា​នឹង​អាច​សហការ​ជាមួយ​ជប៉ុន ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ ក្នុង​តំបន់។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ​ជប៉ុន។

គួរបញ្ជាក់ថា ជប៉ុន និង​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ាន​កំពុង​ជាប់មាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន គឺ​ជប៉ុន​ឈ្លោះ​ជាមួយ​ចិន ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​កើត ហើយ​ប្រទេស​អាស៊ាន​ រួមមាន ហ្វ៊ីលីពីន ម៉ាឡេស៊ី ព្រុយណេ និង​វៀតណាម កំពុងជាប់ជម្លោះ​ជាមួយ​ចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ក្នុងនេះ ភាពតាន តឹង ដែល​កើតមាន​ខ្លាំង​ជាងគេ គឺ​រវាង​ហ្វ៊ីលីពីន-ចិន និង​វៀតណាម-​ចិន។

ក្រុមអ្នកវិភាគជាច្រើន​បាន​លើកឡើង​ថា ជម្លោះ​ដែនទឹកជាមួយ​ចិន គឺ​ជា​កម្លាំង​ចលករ​ដ៏សំខាន់​មួយ ដែល​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​សម្ព័ន្ធភាព​ផ្នែក​យោធា នៅ​ក្នុង​តំបន់​អាស៊ាន និង​អាស៊ីប៉ាស៊ីហ្វិក ជាពិសេស រវាង​ជប៉ុន និង​អាស៊ាន ពីព្រោះ​ថា ជប៉ុន​​ជា​ប្រទេស​ដែល​អាច​ផ្តល់​បច្ចេកវិទ្យា និង​គ្រឿងបរិក្ខា​យោធា​ទំនើបៗ​ទៅ​ឲ្យ​ប្រទេស​អាស៊ាន ដើម្បី​ទប់ទល់​ជាមួយ​នឹង​ចិន។

កាលពីពេល​ថ្មីៗ​នេះ មាន​សេចក្តីរាយការណ៍​ថា ជប៉ុន​ទើប​នឹង​បាន​សម្រេច​ផ្តល់​ទៅ​ឲ្យ​ហ្វីលីពីន នូវ​​ជំនួយ​​ជា​នាវាល្បាត​ដែន​សមុទ្រ​​​ជាច្រើន​គ្រឿង​ ដែល​សុទ្ធជា​នាវាល្បាត​ទំនើបៗ តម្លៃ​រហូតដល់​ទៅ​ជាង ១០លាន​ដុល្លារ ក្នុង​មួយគ្រឿងៗ៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close