តែង​តាំង​លោកណេប សារ៉ុន​អភិបាលរងក្រុង​​បាវិតជំ​នួស​លោក​​ឈូក​ បណ្ឌិត​

នៅ​ព្រឹក​ថ្ងៃ​​ទី​៩ មីនា ​២០១២ ​នេះ លោក​ណេប សារ៉ុន អភិ​បាល​​រង​ក្រុង​​បាវិត​​នឹង​ត្រូវ​ប្រកាស​​ឱ្យ​​ឡើង​​កាន់​តំណែង​​ជាអភិ​ បាល​​ក្រុង​ស្តី​ទី​​ បន្ទាប់​ពី​​លោក​ឈូក បណ្ឌិត ​ត្រូវបាន​ដក​​បញ្ឈរ​​ជើង​ដោយ​សារ​រឿងបាញ់​រះ​នៅលើ​កម្ម​ការិនី​ បណ្តាល​ឱ្យ​របួស​ធ្ងន់​៣​នាក់​ ខណៈ​ពេល​កំពុង​​​ធ្វើ​ការ​​តវ៉ា​​នៅ​មុខ​​​រោង​ចក្រ​កាត់​ដេរ​កៅវ៉េ ក្រុង​បាវិត។

​យោ​ង​តាមប្រភពព័ត៌​មាន​ពីមន្ត្រី​​ជាន់​ខ្ពស់​​នៃរាជ​រដ្ឋាភិបាល​​បាន​ឱ្យ​ដឹង​ថា តំណែង​អភិ​បាល​​​ក្រុង​របស់​​​លោកឈូក​ បណ្ឌិត​​ ​ត្រូវ​បាន​បញ្ឈរ​​ជើង ​​ខណៈ​​ដែល​តុលា​ការ​​ខេត្ត​ស្វាយ​រៀង​កោះ​ហៅ​លោក​​​ឱ្យ​ចូលមក​បំភ្លឺ​​ជុំវិញ​​រឿង​បាញ់​​រះទៅ​លើ​​កម្ម​ការិនី​​ចំនួន​៣​នាក់ឲ្យ​រង​របួស​ធ្ងន់​នៅ​ក្រុង​បាវិត។​​

សូម​បញ្ជាក់​ថា លោក​ឈូក ​បណ្ឌិត ​​ត្រូវ​​ព្រះ​រាជ​អា​​ជ្ញា​អម​សាលា​ដំបូង​​ខេត្ត​​​ ​ចេញ​ដី​កា​​​កោះ​​​​ហៅ​​ជា​ផ្លូវ​ការ​ឱ្យ​​​ចូល​​​ខ្លួន​មក​បំ​ភ្លឺ​នៅ​សាលា​ដំបូង​​​​ខេត្ត​​​នៅ​ថ្ងៃទី​​១៦ ​មីនា ​ខាង​មុខនេះ​​​​​​។ ​​​​បច្ចុប្បន្ន​​​សមត្ថ​កិច្ច​​​បាន​បញ្ជូន​ដីកា​​កោះហៅ​​ទៅឱ្យ​​​លោក​ឈូក បណ្ឌិ​ត​​ ហើយ ក៏​ប៉ុន្តែ​​ពុំ​ទាន់​​បាន​ដឹង​ថា ​​​​លោកឈូក ​បណ្ឌិត ​​ទទួល​បានហើយ​​ឬ​នៅ​​នោះ​ទេ។ ​ដោយ​សារ​​ពេល​នេះ​​​​គ្មាន​​​អ្នក​ណា​ម្នាក់​​ដឹង​ថា ​លោក​ឈូក បណ្ឌិត​ ​ស្ថិត​នៅ​​ទី​ណា​​នោះ​ដែរ ​ព្រោះ​​នៅ​ក្រុង​​បាវិត​​ពុំ​ឃើញ​​វត្ត​មាន​​លោក​ឈូក បណ្ឌិត​​ ទេចាប់​តាំង​ពី​មាន​​ហេតុការណ៍​​​ផ្ទុះ​អា​វុធ​​​នោះ​រួច​មក។

កន្លង​មកលោក​​ឧប​​នាយក​​រដ្ឋ​មន្ត្រី​​​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​​​​បង្ហាញ​​​អត្ត​សញ្ញាណ​​​​​ អ្នក​បាញ់​ទៅ​​លើ​កម្ម​ករ កម្ម​ការិនី​​​​​ឱ្យ​របួស​​​ធ្ងន់​​៣នាក់​​​នៅរោង​ចក្រ​​​កៅវ៉េ ក្រុង​​​បាវិត ​កាល​ពី​ថ្ងៃ​ទី​​២០ កុម្ភៈ​ ឆ្នាំ​​២០១២នោះ​ គឺ​​លោក​​​ឈូក បណ្ឌិត​ ​​អភិ​បាល​ក្រុង​បាវិត​។​ ទោះ​បី​ជា​​បែបណា​​​​ក្រសួង​​មហា​ផ្ទៃ​​​​បាន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​តុលាការហើយ​​ ឯ​កា​​រ​ចាប់​ខ្លួន​​លោក​ឈូក បណ្ឌិត ​ឬ​បែប​ណា​​នោះ​​អា​ស្រ័យ​​ទៅ​លើ​តុលាការ៕

Related Articles

Back to top button
Close
Close