លោកស្រីម៉ែន សំអន ជំរុញឲ្យទប់ស្កាត់សកម្មភាពសុំទានតាមតំបន់ទេសចរណ៍
Cambodia News
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងសង្គមកិច្ច នៅទីស្តីការក្រសួងនៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៣ លោកស្រីឧបនាយករដ្ឋមន្រ្តីប្រចាំការ ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានកត់សម្គាល់ថា ទោះជាបញ្ហាជាច្រើនត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ និងដោះស្រាយក៏ដោយ តែបញ្ហាក្មេងអនាថា និងក្មេងសុំទានកំពុងតែក្លាយទៅជាបញ្ហា និងត្រូវបានសង្កេត ឃើញមានយ៉ាងច្រើននៅតាម តំបន់ទេសចរណ៍នានា។
លោកស្រីឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្រ្តីសង្គមកិច្ច ត្រូវរិះ រកវិធានការបន្ទាន់ដូចជា ការបង្កើតមជ្ឈមណ្ឌលអប់រំ ការណែនាំឲ្យពួកគាត់បានយល់ដឹងកាន់តែច្រើនថែមទៀត ដើម្បីកាត់បន្ថយនូវសកម្មភាពទាំងអស់នេះ ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកិត្តិយស ប្រទេសជាតិផងដែរ។
លោកស្រីបញ្ជាក់ថា «ខ្ញុំកត់សម្គាល់ថា មានតំបន់មួយចំនួន ដែលមានភ្ញៀវទេសចរច្រើន នៅខេត្តសៀមរាប និងព្រះសីហនុ នៅមានកូនៗជនអនាថាច្រើន ដើរសុំលុយជនបរទេស»។ «សិក្សាឡើងវិញ នៅតំបន់ទេសចរណ៍ តំបន់មួយចំនួនទៀត យើងត្រូវមានការអប់រំបែបណា មានមណ្ឌល មានការអប់រំផ្លូវចិត្ត ដើម្បីឲ្យគាត់មានលំនឹង មានផ្ទះ មានដី ក្នុងការប្រកបរបរចិញ្ចឹមជីវិត និងអនាគតកូនដែលមិនទាន់ដឹងអី»។
យ៉ាងណាក៏ដោយ លោកស្រីឧបនាយករដ្ឋមន្រ្តីប្រចាំការបញ្ជាក់ ថា នាពេលបច្ចុប្បន្នមានស្ថានភាពប្រសើរបន្តិច ហើយ បន្ទាប់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមពីអង្គការដៃគូមួយចំនួន ដែលមានបេសកកម្ម លើសកម្មភាពកុមារនៅកម្ពុជា ក៏ដូចជាជនពិការផងដែរ៕