Google យល់ព្រមបង់ប្រាក់ផាកពិន័យពីការបំពានភាពជាឯកជននៅសហរដ្ឋអាម៉េរិក
ក្រុមហ៊ុន Google បានយល់ព្រមថានឹងបង់ប្រាក់៧លានដុល្លារដែលជាការផាកពិន័យដោយ អាជ្ញាធរនៅសហរដ្ឋអាម៉េរិក ពីបទលួចស្រង់យកទិន្នន័យតាមអ៊ីនធើរណិតពីទីកន្លែងឯកជនដែលប្រើ ប្រាស់ប្រព័ន្ធគ្មានភា្ជប់ខ្សែ (Wi-Fi)។
ក្នុងចន្លោះឆ្នាំ ២០០៨និង២០១០ បុគ្គលិករបស់ក្រុមហ៊ុននេះ បានស្រង់ទិន្ន ន័យ តាមរយៈប្រព័ន្ធ Wi-Fi ខណៈដែលពួកគេបើកបររថយន្តថតវិដេអូភូមិសាស្រ្តតាមផ្លូវថ្នល់នានា ដើម្បីរៀបចំផែនទីចែកចាយតាមអ៊ីនធើរណិតដែលហៅថា Google Map ។
ក្នុងការដោះស្រាយវិវាទ ជាមួយភាគីជាប់ពាក់ព័ន្ធក្នុងរដ្ឋចំនួន៣៨នៅសហ រដ្ឋអាម៉េរិកនោះ ក្រុមហ៊ុន Google បានយល់ព្រមថានឹងលុបចោលទិន្នន័យទាំងនោះ ដែលរួមមាន អ៊ីម៉ែល លេខកូដសម្ងាត់ និងប្រវត្តិប្រើប្រាស់វ៉ិបសាយថ៍។
យ៉ាង ណាមិញ ក្រុមអ្នកការពារសិទ្ធិភាពជាឯកជន និយាយថា ការផាកពិន័យប្រាក់៧លានដុល្លារនេះ គឺមិនស្កៀបជើងធ្មេញឡើយ សម្រាប់ក្រុមហ៊ុនជាអ្នកមានស្ដុកស្ដម្ភមួយនេះ៕(Radio Australia)