ភស្តុតាងបញ្ជាក់ថានៅលើភពព្រះអង្គារធ្លាប់មានជីវិតរស់នៅ
ក្រុមអ្នកវិទ្យាសាស្រ្តរបស់ អាជ្ញាធរជាតិ ដើម្បីអវកាសរបស់អាម៉េរិក ហៅកាត់ថា NASA និយាយថា យានអវកាសគ្មានមនុស្សបើកឈ្មោះថា Curiosity ដែលគេបានបញ្ជូនទៅចុះនៅលើភពព្រះអង្គារនោះ បានបញ្ជូននូវទិន្នន័យនៃសារ ធាតុគីមីជាមូលដ្ឋានមួយចំនួនដែល បញ្ជាក់ថា ធ្លាប់មានជីវិតរស់រាននៅលើភពមួយនេះ ក្នុងសម័យកាលដ៏យូរលង់ណាស់មកហើយ។
គ្រឿង យន្តនេះបានខួងថ្មហើយរកឃើញនូវស្ដុតាងនៃសារធាតុ ដូចជា ទឹក អុកស៊ីហ្សែន និងកាបោន ដែលសេសសល់នៅក្នុងថ្ម នៅក្នុងពីទីតាំងដែលធ្លាប់ជាបាតស្ទឹង។
ប្រធានក្រុមអ្នក វិទ្យាសាស្រ្តក្នុងគម្រោង Curiosity លោក Michael Meyer មានប្រសាសន៍ថា សារធាតុធម្មជាតិទាំងបីប្រភេទនេះ អាចបានផ្សំគ្នាឡើងដើម្បីបង្កើតជាថាមពលទ្រទ្រង់ជីវិ អតិសុខុមប្រាណ។
ការស្ថាបនានិងអនុវត្ដគម្រោងយានអវកាសយន្ត គ្មានមនុស្សបើក Curiosity សម្រាប់ដំណើរស្រាវជ្រាវភពព្រះអង្គារនេះ បានចំណាយប្រាក់២ពាន់៥រយលានដុល្លារ។
កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១២ យានអវកាស Curiosity ដែលដំណើរការដោយថាមពលបរមាណូ បានចុះចតលើភពព្រះអង្គារចម្ងាយជាង៥០លានគីឡូម៉ែត្រពីភពផែនដី ហើយមានការរំពឹងថាបេសកកម្មស្រាវជ្រាវនេះនឹងមានរយៈពេល២ឆ្នាំ៕ (Radio Australia)