អ្នកព័ត៌មានជាង១០នាក់តម្រូវឲ្យសរសេរជាង១០អត្ថបទក្នុង១ខែស្តីពីការប្រែប្រួលអាកាសធាតុ
Cambodia News
ភ្នំពេញ៖ អ្នកសារព័ត៌មានកម្ពុជាជាង១០រូប មកពីខេត្តក្រុងចំនួន១០ នឹងតម្រូវឲ្យសរសេរព័ត៌មានចំនួន ១៥ អត្ថបទស្តីពីការប្រែប្រួលអាកាសធាតុ បន្ទាប់ពីការចួលរួមវគ្គបញ្តុះបណ្តាលមួយលើជំនាញសារព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងរយៈពេលពីរថ្ងៃដែលបានចាប់នាព្រឹកថ្ងៃទី ៧ មីនា នេះ។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា នេះគឺជាវគ្គសាកល្បង ដែលមានអ្នកចូលរួមចំនួន ១៦ រូប ដោយវគ្គនេះមានរយៈពេលពីរថ្ងៃ និងមានការអនុវត្តជាក់ស្តែងចំនួនបីខែបន្ទាប់ពីវគ្គ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា នៅក្នុងអំឡុងពេលបីខែនៃការអនុវត្តជាក់ស្តែងនេះ អ្នកចូលរួមវគ្គត្រូវតែសរសេរព័ត៌មានឲ្យបាន ៤៥ អត្ថបទ ឬ១៥អត្ថបទក្នុងមួយខែ ហើយអត្ថបទស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវតែច្បាស់លាស់ និងងាយយល់សម្រាប់ប្រជាពលរដ្ឋ។
លោកបានបន្តថា បន្ទាប់ពីគម្រោងនេះទៅ ក្រសួងអាចនឹងពង្រីកបន្តទៅបណ្តាខេត្តនៅទូទាំងប្រទេស ដោយលោកសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានពិតជាមានតួនាទីដ៏សំខាន់ក្នុងការរាយការណ៍ព័ត៌មាន ដើម្បីជួយកាត់បន្ថយហានិភ័យនៅក្នុងសង្គម ដោយអ្នកសារព័ត៌មានត្រូវពន្យល់ឲ្យបានច្បាស់ពីមូលហេតុពិតប្រាកដនៃបញ្ហា ហើយ “វាយជួង និងផ្លុំកញ្ចែ” ឲ្យសាធារណជនបានដឹង និងត្រៀមខ្លួនដោះស្រាយបញ្ហា។
ថ្លែងនៅក្នុងពិធីនោះដែរ លោកស្រី Anne Hoglund អគ្គរដ្ឋទូតប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជាបានឯកភាពចំពោះតួនាទីដ៏មានសារសំខាន់របស់បញ្តាញសារព័ត៌មានក្នុងជួយការពារ និងលើកស្ទួយបិរស្ថាន និងការកាត់បន្ថយភាពគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ។
លោកស្រីបាននិយាយថា តាមរយៈអត្ថបទព័ត៌មាន អ្នកសារព័ត៌មានអាចប្រាប់សាធារណជនឲ្យបានដឹងមុនពីហានិភ័យដោយសារបម្រែបម្រួលអកាសធាតុ ហើយបញ្ហានេះទាក់ទិននឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។
ក្រៅពីទទួលស្គាល់ឥទ្ធិពលរបស់សារព័ត៌មាននៅក្នុងការផ្សព្វផ្សាយជូនសាធារណជននោះ លោក ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានទទូចឲ្យអ្នកសារព័ត៌មានលើកឡើងពីចំណុចវិជ្ជមានរបស់រាជរដ្ឋាភិបាលផង គឺមិនគ្រាន់តែលើកពីចំណុចអវិជ្ជមាន ដើម្បីវាយប្រហារនោះទេ ព្រោះថា រាជរដ្ឋាភិបាលបានធ្វើកិច្ចការច្រើនណាស់នៅក្នុងការងារបម្រែបម្រួលអាកាសធាតុនេះ។
គួរបញ្ជាក់ដែរថា គម្រោងនៃវគ្គបណ្តុះបណ្តាល និងការសរសេរព័ត៌មាននេះបានរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីសម្ព័ន្ធភាពបម្រែបម្រួលអាកាសធាតុកម្ពុជា។
កន្លងមក ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនហើយក្នុងបំណងលើកកម្ពស់សមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជា ប៉ុន្តែនេះគឺជាលើកទីមួយហើយ ដែលសម្ព័ន្ធភាពបម្រែបម្រួលអាកាសធាតុកម្ពុជាបានគាំទ្រក្រសួងព័ត៌មានឲ្យរៀបចំវគ្គដ៏មានសារសំខាន់នេះឡើង៕