ការលើកកម្ពស់សិទ្ធិមនុស្ស ជួយឲ្យមានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ នៅអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយមានរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ស្តីអំពីទំនាក់ទំនងរវាងការលើកស្ទួយ និងការពារសិទ្ធិមនុស្សជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្រោមកិច្ចសហការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេស កម្ពុជា (OHCHR)។
លោក ជេមស៍ ហ៊ីណិន (James Heenan) តំណាងស្តីទីការិយាល័យ OHCHR បានថ្លែងថា ការលើកកម្ពស់សិទ្ធិមនុស្ស ជួយឲ្យមានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក៏អាចជួយដល់ការលើកម្ពស់សិទ្ធិមុនស្សបានដែរ។
លោក ទូច ស៊ុនណារី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ អង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ ដើម្បីជាការយល់ដឹងបន្ថែម អំពីទំនាក់ទំនងរវាងសិទ្ធិមនុស្សជាមួយនឹងវិស័យផ្សេងៗ ក្នុងនោះមានអំពើពុករលួយផងដែរ ។
លោកបន្តថា កន្លងមកជោជ័យតូចធំ ទាំងឡាយ ក្នុងវិស័យប្រឆាំងអំពើពុករលួយសុទ្ធតែមានចំណែកនៃការចូលរួមពី ស្ថាប័នជាតិ អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋផងដែរ ហើយ អង្គភាពប្រឆាំងអំពើពុករលួយ នៅតែបន្តវិធានការបង្ក្រាប បញ្ជូនទៅតុលាការ កាត់ទោសដើម្បីឲ្យម្នាក់ៗមិនចង់ពុករលួយ មិនអាចពុករលួយ មិនហ៊ានពុករលួយ និងដើម្បីកសាងព្រះរាជាណាចក្រកម្ពុជាក្នុងភាពស្អាតស្អំ អភិវឌ្ឍន៍ប្រកបដោយយុត្តិធម៌ និងសំបូររុងរឿង៕