ហេតុអ្វីអំពើហិង្សានៅបង់ក្លាដែសរីករាលដាលលឿនម្ល៉េះ?
អំពើ ហិង្សានៅប្រទេសបង់ក្លាដែស កាន់តែរីករាលដាលជារៀងរាល់ថ្ងៃ។ គ្រាន់តែនៅចុងសប្តាហ៍កន្លងមកនេះ មានមនុស្ស១៦នាក់បានបាត់បង់ជីវិត។ បើគិតសរុបតាំងពីចុងខែ មករាមកដល់ព្រឹកថ្ងៃចន្ទនេះ គឺបន្ទាប់ពីពេលដែលតុលាការប្រកាសសាលក្រម កាត់ទោសលើមេដឹកនាំអ៊ីស្លាមនានាមកពីគណបក្សប្រឆាំងពីបទ ឧក្រិដ្ឋសង្គ្រាម អំពើហិង្សាបង្កដោយបាតុកម្ម បានសម្លាប់មនុស្សអស់ដល់ទៅ ៧៧នាក់។
នៅ ប្រទេសបង់ក្លាដែស គ្រាន់តែចុងសប្តាហ៍ម្សិលមិញ អំពើហិង្សាបានធ្វើអោយមាន មនុស្ស១៦នាក់ ស្លាប់បាត់បង់ជីវិត។ គិតតាំងពីចុងខែមករា ដើមឆ្នាំ ២០១៣មក បន្ទាប់ពីពេលដែលតុលាការប្រកាសសាលក្រម ដាក់ទោសលើមេដឹកនាំអ៊ីស្លាមនានា មកពីគណបក្សប្រឆាំង អំពើហិង្សាបង្កដោយបាតុកម្ម បានសម្លាប់មនុស្សអស់ដល់ទៅ ៧៧នាក់។
គេចោទជាសំណួរថា ហេតុអ្វីបានជាអំពើហិង្សា រីករាលដាលលឿនយ៉ាងនេះ?
ដើម្បីអោយបានយល់អំពីវិបត្តនៅពេលនេះ គឺយើងត្រូវត្រលប់ទៅកាន់សម័យសង្គ្រាម ទាមទារឯករាជ្យ ក្នុងឆ្នាំ ១៩៧១ វិញ។ យើងឃើញថា នៅពេលនោះ រាល់សកម្មជនដែលធ្លាប់គាំទ្រប្រទេសប៉ាគីស្ថាន ដោយបានបង្កើតជាទ័ពជំនួយដល់ប្រទេសនេះ ប្រយុទ្ធនឹងកងទ័ពបង់ក្លាដែស ត្រូវបានជាប់ទោសជាឧក្រិដ្ឋជនសង្គ្រាម។
គួររំលឹកថា ក្នុងឆ្នាំ២០១០និង២០១២រដ្ឋាភិបាលបង់ក្លាដែលបានបង្កើតតុលាការ អន្តរជាតិមួយដើម្បីកាត់ទោស ឧក្រិដ្ឋជនសង្គ្រាម ក្នុងគោលបំណងបញ្ចប់ភាពជូរចត់ក្នុងប្រវត្តិសាស្ត្រកន្លងមក។ ប៉ុន្តែ គេមិនឃើញមានវត្តមានរបស់ស្ថាប័នអន្តរជាតិ ក្នុងតុលាការនេះនោះឡើយ។ គណបក្សប្រឆាំងបានចោទរដ្ឋាភិបាលថា ប្រើអំណាចដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន។
នាចុងខែមករា Delwar Hossain Sayedee អនុប្រធានគណបក្សប្រឆាំង Jamaat ដែលជាគណបក្សអ៊ីស្លាមដ៏សំខាន់មួយ នៅក្នុងប្រទេស បានជាប់ទោសប្រហារជីវិត ក្នុងបទរំលោភ និងសម្លាប់មនុស្ស ព្រមទាំងបង្ខំអោយពួកសាសនាហិណ្ឌូ ប្តូរជំនឿសាសនាមកកាន់សាសនាអ៊ីស្លាមវិញ។
នៅថ្ងៃ ៤កុម្ភៈ Abdul Kader Mollah អគ្គលេខាធិការគណបក្សអ៊ីស្លាម Jamaat បានទទួលទោសជាប់ពន្ធនាគារមួយជីវិត។ ការសំរេចដាក់ទោសទាំងអស់នេះ បានធ្វើអោយមានបាតុកម្មហិង្សាផ្ទុះឡើងក្នុងប្រទេស ចែកចេញជាពីរបក្ស ពួក។
ម្ខាងជាពួកអ្នកដែលគាំទ្រគណបក្សកាន់អំណាច។ ពួកគេរាប់ពាន់នាក់ បានចុះបាតុកម្មទាមទារអោយប្រហារជីវិតមេដឹកនាំជាង១០នាក់ ដែលជាប់ទោសក្នុងបទឧក្រិដ្ឋសង្គ្រាម។
ម្ខាងទៀត គឺបណ្តាជនដែលគាំទ្រគណបក្សប្រឆាំង ដែលបានចុះបាតុកម្មយ៉ាងខ្លាំងក្លា កាលពីថ្ងៃសុក្រកន្លងមក ជំទាស់ការដាក់ទោសប្រហារជីវិត អនុប្រធានគណបក្សខ្លួន។
មនុស្សស្លាប់ក្នុងអំពើហិង្សានៃបាតុកម្ម កាន់តែកើនឡើង។ ប្រទេសបង់ក្លាដែសបានបែកចេញជាពីរបក្សពួក ដែលអាចបង្កអោយស្ថានភាពនយោបាយក្នុងប្រទេសកាន់តែមានភាពវឹកវរ គួរអោយបារម្ភ ជាពិសេសនាឧកាសជិតបោះឆ្នោត សភា នៅចុងឆ្នាំនេះ៕ដោយ ព្រំ សឿន សូលីណា(RFI)