ចិន​មិន​ផ្តល់​តួលេខ​ថវិកា​ដែល​ត្រូវ​ចាយវាយ​លើ​វិស័យ​ការពារជាតិ​ដូច​មុន​ឡើយ​

នៅ ​ថ្ងៃ​ចន្ទ​នេះ ចិន​មិន​បាន​ផ្តល់​ព័ត៌មាន​លើ​តួលេខ​ថវិកា​​ ដែល​ត្រូវ​ចាយ​វាយ​លើ​វិស័យ​​ការពារជាតិ​ សំរាប់​ឆ្នាំ​ ២០១៣​ ដូច​​សព្វដង​នោះ​ឡើយ។ ការ​មិន​ប្រកាសទឹក​ប្រាក់​​​របស់​ក្រុងប៉េកាំង​​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសិទ្ធ​កាសែត​ មុន​ពេល​បើកសម័យ​​ប្រជុំ​សភា​​​ពេញ​អង្គ ប្រចាំ​ឆ្នាំ។ គេប៉ាន់ស្មាន​ថា​ ចិន​ចង់​លាក់​ទុក​រឿង​នេះ​មិន​អោយ​ជប៉ុន​ដឹង ដោយ​សារ​តែស្ថានភាព​តានតឹង​ទាក់ទង​នឹង​​​ជម្លោះ​ដណ្តើម​បូរណភាព​ដែន​​កោះ សេនកាគូ ​នៅ​សមុទ្រ​ចិន​ខាង​កើត​​ជាមួយ​ជប៉ុន។

នៅ ​ថ្ងៃ​ចន្ទនេះ លោកស្រី Fu Ying តំណាង​សភា​ជាតិ​ចិន ​​​​​បាន​បដិសេធ​ផ្តល់​ដល់​អ្នក​​សារព័ត៌មាន​បរទេស​ នូវ​​​តួលេខស្តី​​ពី​ទឹក​ប្រាក់​ដែលចិន​​​ត្រូវ​ចាយ​វាយ ក្នុង​ឆ្នាំ​២០១៣ លើ​វិស័យ​​យោធា​​​​ខ្លួន។​ ការ​បដិសេធ​នេះ​គឺ​ខុស​ពី​​​​ទំលាប់​​​រាល់ដង ដែល​​តាម​ធម្មតា​​ តំណាង​សភាចិន​​តែង​តែ​​​​​​ផ្តល់​​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ទឹកប្រាក់​ដែល​ ត្រូវ​ចាយវាយផ្នែក​យោធា​​ ប្រចាំ​ឆ្នាំ​។

ចិន​ប្រហែល​ជា​ចង់​​​​លាក់​ទុក​រឿង​នះ​ មិន​អោយ​ជប៉ុន​ដឹង​ ដោយ​សារ​មក​ពី​ជម្លោះ​ដណ្តើម​ប្រជុំ​បូរណភាព​ដែន​កោះ​ សេនកាគូ នៅ​សមុទ្រ​ចិន​ខាង​កើត​​ជាមួយ​ជប៉ុន។

យោង​​តាម​​លោកស្រី Fu Ying តំណាង​សភា​​ពេញអង្គ​​ចិន ចិន​ត្រូវ​ការ​​​ពង្រឹង​វិស័យ​ការពារ​​​ជាតិ​​ខ្លួន​អោយ​បាន​រឹង​មាំ​។ លោកស្រី​បន្ថែម​ថា ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​ចិន ក៏​នឹង​​ចូលរួម​ជួយ​អោយ​​មាន​ស្ថិរភាព​ក្នុង​តំបន់​ផងដែរ។​ តំណាង​សភា​ចិន​រូប​នេះ​ បាន​ព្រលែង​ពាក្យ​​​យ៉ាង​ហំហាន​​ថា “ប្រសិន​បើ​ប្រទេស​ដ៏​ធំ​ដូច​ជា​ចិន មិន​អាច​ធានា​​​ការពារ​សុវត្ថិភាព​សន្តិសុខ​របស់​ខ្លួន​ទេនោះ នោះមិន​មែន​ជាដំណឹង​ល្អ​សំរាប់​ពិភព​លោក​​ទាំង​មូល​នោះ​ឡើយ”។​

ទោះ​យ៉ាងណា​ គេ​នៅ​រំពឹង​ថា ចិន​នឹង​អាច​ប្រាប់​ពី​តួលេខ​​លើ​ការ​ចាយវាយ​ផ្នែក​យោធា​ឆ្នាំ​ ២០១៣ នៅ​ពេល​ដែល​សភា​​ចាប់​ផ្តើម​​បំពេញ​ការងារ​​របស់​ខ្លួន ជាពិសេស​នៅ​ពេល​ដែល​មាន​​គេ​​ធ្វើ​​​របាយការណ៍ផ្នែក​​​ហិរញ្ញវត្ថុ។ កាលពី​ឆ្នាំ​មុន​​ ចិន​​បាន​ប្រកាស​ថា​នឹង​​ដំឡើង​​ថវិកា​វិស័យ​​ការពារជាតិ​​ខ្លួន​​អោយ​បាន​ ១១,២​ភាគរយ សំរាប់​ឆ្នាំ​ ២០១២ គឺ​ស្មើ​នឹង​​ទឹក​ប្រាក់​​ជាង​ ៦៧០ ពាន់​លាន​​​​​​យ័ន ដែល​ត្រូវ​ជា​​ជាង​ ៨២​ពាន់​លាន ​ប្រាក់​​អឺរ៉ូ។

​នេះ​សអោយ​ឃើញ​ថា ចិន​មាន​មហិច្ឆតា​យោធា​ខ្ពស់​ ដែល​អាច​​​​អោយ​ជប៉ុន​​មាន​ការ​ព្រួយបារម្ភ​​ ​​​ជា​ពិសេស​ចិន​កំពុង​តែ​​​​​ផ្គត់​ផ្គង់​​​​សព្វាវុធ​ដែល​មាន​គុណភាព​ ខ្ពស់​​អោយ​ដល់​យោធាខ្លួន ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ។

ជម្លោះ​​​ដណ្តើមបូរណភាព​​ដែន​កោះ សេនកាគូ​ ​​នៅ​សមុទ្រ​ចិន​​ភាគ​ខាង​​កើត​​ ​រវាង​ចិន​ និង​ជប៉ុននៅ​តែ​ជា​បញ្ហា​ក្តៅ​គគុក។ ស្ថានភាព​ទំនាក់ទំនង​​ប្រទេស​ទាំង​ពីរ​​ កាន់​តែ​តានតឹង​ឡើង​​ជា​រៀង​រាល់​ថ្ងៃ​ ពិសេស​ចាប់​តាំង​ពី​ខែ​ កញ្ញា​ ២០១២ មក​ នៅ​ពេល​ដែល​ជប៉ុន​បាន​ទិញ​យក​មួយ​ភាគ​នៃ​ប្រជុំកោះសេនកាគូ ​ដាក់​អោយ​ក្លាយ​ជា​ដែនដី​ជាតិ​ខ្លួន។

តាំង​ពី​នោះ​មក ក្រុង​ប៉េកាំង​តែង​តែ​បញ្ជូន​នាវា​ រឺ​ក៏​យន្តហោះ​​មក​​ល្បាត​ជុំវិញ​​តំបន់​កោះ​ជម្លោះ ដែល​​នៅ​ទី​នោះ គេ​ក៏​ឃើញ​មាន​វត្តមាន​របស់​ទាហាន​ជប៉ុន​ផង​ដែរ៕​ ​ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close