ទាហាន​ឆាដ​កំចាត់​បាន​ Abou​ Zeid​ មេដឹកនាំ​ឧទ្ទាម​នៃ​ចលនា​ជីហាដ​

ក្នុង ​ប្រតិបត្ត​ការ​យោធា​​​នៅ​ប្រទេស​ ម៉ាលី ប្រធានាធិបតី​ឆាដ​​បាន​ប្រកាស​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​​ថា កងទ័ព​ឆាដ​បាន​​កំចាត់​​ Abou Zeid ដែល​ជា​​​មេដឹក​នាំ​សំខាន់​មួយរូប​នៃ​​​ចលនា​ជីហាដ ​នៅ​ក្នុង​ការ​​ប្រយុទ្ធ​គ្នា​​​រវាង​​ក្រុម​ជីហាដ នៅ​តំបន់​ភ្នំ​ Ifogha នៅ​ម៉ាលី។ Abou Zeid ជា​ជនជាតិ​អាល់ហ្សេរី អាយុ​ ៤៥​ឆ្នាំ​​បាន​ជាប់​​សង្ស័យ​ថា​បាន​ចាប់​ជំរិត​​​​​​​ពលរដ្ឋ​ប្រទេស​លោក​ខាង​លិច​ ជា​ច្រើន​​នាក់។

ប្រធានាធិបតី​ឆាដ​​បាន​ប្រកាស​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​​ថា កងទ័ព​ឆាដ​បាន​​កំចាត់​​ Abou Zeid ដែល​ជា​​​មេដឹក​នាំ​សំខាន់​មួយរូប​នៃ​​​ចលនា​ជីហាដ ​នៅ​ក្នុង​ការ​​ប្រយុទ្ធ​គ្នា​​​រវាង​​ក្រុម​ជីហាដ នៅ​តំបន់​ភ្នំ​ Ifogha នៅ​ម៉ាលី។ ហើយ​ទាហាន​ឆាដ​ ក៏​​​​រំដោះ​បាន តេសាលីត​ ដែល​ស្ថិត​នៅ​​ចុង​ភាគ​ខាង​ជើង​ប្រទេស​ផង​ដែរ។

“យើង​បាន​បាត់​បង់​​ កងទ័ពអស់​​ជា​ច្រើន​នៅ​ក្នុង​តំបន់​ភ្នំ Ifogha បន្ទាប់​ពី​បាន​កំចាត់​ទីតាំង​ក្រុម​ឧទ្ទាម​ជីហាដ ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​មាន​​ការ​ប្រឈម​មុខ​​គ្នា​ដោយ​ផ្ទាល់ ​ជាមួយ​​ក្រុម​ឧទ្ទាម​ជីហាដ។ ទាហាន​យើង​បា​នកំចាត់​​​មេដឹក​នាំ​​ចលនា​ជីហាដ​ពីរ​រូប​ ក្នុង​នោះ​ក៏​មាន​ Abou Zeid ​ផង​ដែរ។” នេះ​ជា​ការ​​ប្រកាស​របស់​លោក Idriss Déby Itno ក្នុង​ឧកាស​​​បុណ្យ​សព្វ​​គោរព​ដល់វិញ្ញាណក្ខ័ន្ធ​​​កងទ័ព​ឆាដ​ ២៦​នាក់​ ដែល​បាន​បាត់​បង់​ជីវិត​ នៅ​ក្នុង​ការ​វាយ​ប្រហារ​​​ជាមួយ​ក្រុម​ឧទ្ទាម​នៃ​ចលនាជីហាដ​ កាល​ពី​ថ្ងៃ​ ២២​កុម្ភៈ​ កន្លង​មក។ ​

Abou Zeid ជា​ជនជាតិ​អាល់ហ្សេរី អាយុ​ ៤៥​ឆ្នាំ ត្រូវ​​បាន​ជាប់​​សង្ស័យ​ថា​បាន​ចាប់​ជំរិត​​​​​​​ពលរដ្ឋ​ប្រទេស​លោក​ខាង​ លិច​​ជា​ច្រើន​​នាក់។ កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍ ទូរ ទស្សន៍ឯកជន​អាល់ហ្សេរី​មួយ​ បាន​​​​ប្រកាស​នូវ​​ការ​ស្លាប់​របស់​មេដឹកនាំ​ចលនា​ជីហាដ​រូបនេះ។

ប៉ុន្តែ​ ប្រទេស​បារាំង​​មិន​បាន​​បញ្ជាក់​ព័ត៌មាន​នេះ​ជា​ផ្លូវ​ការ​នោះ​ឡើយ។ យោង​តាម​ប្រធានាធិបតី​បារាំង​ លោក François Hollande បារាំង​ត្រូវ​តែ​​​​សំរេច​ប្រតិបត្ត​ការ​យោធា​​នៅ​ម៉ាលី​​អោយ​បាន​ចប់​ សព្វគ្រប់​សិន​ ទើប​អាច​​​​​​បញ្ជាក់​បាន​ថា តើ​ព័ត៌មាន​នេះ​​អាច​យក​ជា​ការ​ពិត​បាន​រឺ​ក៏​យ៉ាងណា។ ​​យោង​តាម​លោក Hollande ប្រតិបត្តការ​នេះ​​ប្រហែល​ជា​ឈាន​ទៅដល់​វគ្គ​បញ្ចប់​ហើយ​ ហើយ​ក៏​ប្រហែល​ជា​​នឹង​ពិបាក​បំផុត​ផងដែរ។

​ទោះ​យ៉ាង​នេះ​ក្តី ក្រុង​ប៉ារីស​ នៅ​តែ​បន្ត​ការ​គាំទ្រ​​ប្រទេស​ឆាដ ក្នុង​ប្រតិបត្តការ​យោធា​​កំចាត់​ក្រុម​ឧទ្ទាម​​នៅ​ម៉ាលី។ គួរ​រំលឹក​ថា ក្នុង​ប្រតិបត្តការ​​នៅ​ម៉ាលី ប្រទេស​​ឆាដ​​​បាន​ដាក់​ពង្រាយ​កងទ័ពខ្លួន ប្រមាណជា១៨០០​នាក់​ ក្នុង​តំបន់ ​Kidal ដើម្បី​អម​ក្បែរ​កង​កម្លាំង​ពិសេស​របស់​​បារាំង៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close