នាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី​ត្រូវបាន​តែងតាំង​ជា​អគ្គទេសាភិបាល​ធនាគារ​កណ្តាល​ជប៉ុន

នៅថ្ងៃ​ព្រហស្បតិ៍​នេះលោក​ស្ហ៊ីនហ្សូអាបេនាយករដ្ឋមន្រ្តី​ជប៉ុនបាន​សម្រេច​ តែងតាំង​លោក​ ហារូហ៊ីកូ គូរ៉ូដា (Haruhiko Kuroda) ឲ្យ​ធ្វើ​ជា​អគ្គ ទេសាភិបាល​ធនាគារ​កណ្តាល​ជប៉ុន ជំនួស​អគ្គទេសាភិបាល​បច្ចុប្បន្ន ដែល​សម្រេច​លាឈប់​ពីតំណែង ចាប់ពីថ្ងៃ​ទី១៩ មីនា ខាងមុខនេះ​តទៅ។ លោក​ហារូហ៊ីកូ គូរ៉ូដា ដែល​បច្ចុប្បន្ន​​នេះ​ជា​នាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី(ADB) គឺ​ជា​អ្នក​ដែល​ធ្លាប់​បង្ហា ញ​ជំហរ​គាំទ្រ​នយោបាយ​​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ដែល​ចង់​ឲ្យ​ធនាគារ​កណ្តាល​ជប៉ុន​ដាក់​ចេញ​នូវ​វិធានការ​ ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ជប៉ុន។

ចាប់តាំង ​ពី​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន កាលពីខែធ្នូ​មុនមក លោក​ស្ហ៊ីនហ្សូ អាបេ តែងតែ​បាន​ទទូច​ទាមទារ​ឲ្យ​ធនាគារ​កណ្តាល​ ចេញមុខ​ជួយ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ជប៉ុនជាពិសេសតាមរយៈ​ការ​បោះពុម្ពលុយដោយ ​គ្មាន​កម្រិត​ដែន​កំណត់។ លោក​ស្ហ៊ីនហ្សូ អាបេ ថែមទាំង​ធ្លាប់​បាន​គំរាម​អគ្គ ទេសាភិបាល​ធនាគារ​កណ្តាល​ជប៉ុន​បច្ចុប្បន្ន​ ទៀតផង​ថា ប្រសិនបើ​ធនាគារ​កណ្តាល​មិន​ព្រមធ្វើ​តាម​សំណើ​នេះ​ទេ រដ្ឋាភិបាល​​នឹង​ចេញ​ច្បាប់​ថ្មី បញ្ចប់​​ឯក រាជ្យ​របស់​ធនាគារ​កណ្តាល។ ការ​គំរាម​កែប្រែច្បាប់​ ស្តីពី​​ឯករាជ្យ​​របស់​ធនាគារ​កណ្តាល​ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ ពីសំណាក់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ធនាគារ​កណ្តាល​​បរទេស។

លោក​ម៉ាសាអាគី ស្ហ៊ីរ៉ាកាវ៉ា អគ្គទេសាភិបាល​បច្ចុប្បន្ន បាន​សម្រេច​លាឈប់​ពី​មុខ​តំណែង ចាប់​ពីថ្ងៃ​​​ទី១៩ មីនា​ខាងមុខ​នេះ​ទៅ ហើយ​​លោក​ស្ហ៊ីន ហ្សូ អាបេ ក៏​បាន​សម្រេច​តែងតាំង​អ្នក​ដែល​មាន​នយោបាយ​ស្រដៀង​នឹង​លោក ឲ្យ​មក​ធ្វើ​ជា​អគ្គទេសាភិបាល​ថ្មីវិញ។

លោក​​ហារូហ៊ីកូ គូរ៉ូដា គឺ​ជា​អតីត​មន្រ្តី​ជាន់ខ្ពស់ នៃ​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន ទទួលបន្ទុក​នយោបាយ​អត្រា​ប្តូរប្រាក់​ជប៉ុន មុននឹង​ឡើង​មក​ដឹកនាំ​ធនាគារ​អភិវឌ្ឍ​អាស៊ី ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​ទល់នឹង​ពេល​បច្ចុប្បន្ន។ លោក​ហារ៉ាហ៊ីកូ គូរ៉ូដា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ដែល​មានគំនិត​ស្រដៀង​គ្នា​នឹង​លោក​ស្ហ៊ីនហ្សូ អាបេ ពោលគឺ ចង់​ឲ្យ​ធនាគារ​កណ្តាល​ជប៉ុន​បោះពុម្ពលុយ​ដោយ​គ្មាន​កម្រិត​ដែន​កំណត់ ដើម្បី​បង្កើន​អត្រា​អតិផរណា​​ប្រចាំ​ឆ្នាំ​ជប៉ុន​ឲ្យ​បាន​យ៉ាងតិច ២% និង​បញ្ចុះ​ថ្លៃ​លុយ​យេន​ ដើម្បី​ជំរុញ​ការ​នាំចេញ​ទំនិញ​ជប៉ុន​ទៅ​បរទេស។ កន្លងមក លោក​គូរ៉ូដា​ ថែមទាំង​ធ្លាប់​បាន​រិះគន់​អគ្គទេសាភិបាល​ធនាគារ​កណ្តាល​បច្ចុប្បន្ន​ទៀតផង​ ថា​ មិនបាន​ចាត់វិធានការ​គ្រប់គ្រាន់ ដើម្បីស្តារ​សេដ្ឋកិច្ច​ជប៉ុន។

ហេតុដូច្នេះ​ហើយ​បាន​ជា​ កាលពីថ្ងៃ​ពុធ​ម្សិលមិញ គ្រាន់តែ​លេចឮ​ដំណឹង ស្តីពី​ការ​តែងតាំង​លោក​ហារូហ៊ីកូ គូរ៉ូដា ជា​អគ្គទេសាភិបាល​ធនាគារ​កណ្តាល​ជប៉ុន លុយ​យេន​បាន​ចាប់ផ្តើម​ធ្លាក់ថ្លៃភ្លាមៗ ធៀប​នឹង​លុយ​ដុល្លារ។

លោកហារូហ៊ីកូ គូរ៉ូដា រួមទាំង​អគ្គទេសាភិបាល​រង​ពីររូប​ផ្សេងទៀត នឹង​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​ផ្តល់​​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​ជប៉ុន នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ទៀត​នេះ។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​លើកឡើង នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អគ្គទេសាភិបាល និង​អគ្គទេសាភិបាល​រង​ថ្មី​នេះ នឹង​ដើរតួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​អនុវត្ត​នយោបាយ​សេដ្ឋកិច្ច ដែល​លោក​ស្ហ៊ីនហ្សូ អាបេ បាន​ដាក់ចេញ។ ​នេះ​អាច​ជា​ការ​បញ្ជាក់ថា អគ្គ ទេសាភិបាល​ថ្មី និង​លោក​ស្ហ៊ីនហ្សូ អាបេ ទំនង​ជា​នឹង​ដើរ​ក្នុង​គន្លងផ្លូវ​ដូចគ្នា ហើយ​រដ្ឋាភិបាល​ជប៉ុន​ក៏​មិន​ចាំបាច់​ត្រូវ​ធ្វើ​ការ​កែប្រែ​ច្បាប់ ស្តីពី​ឯករាជ្យ​របស់​ធនាគារ​កណ្តាល ដែលនាំ​ឲ្យ​មាន​ការ​រិះគន់​ពី​បរទេស​នោះដែរ៕(RFI)

Related Articles

Back to top button
Close
Close