ការ​បោះឆ្នោត​នៅ ហ្ស៊ីម​បាវេ ទំនង​ជាមិន​អាច​កើត​មាន​នៅ​ខែ​មីនាទេ​

ទំនាស់ ​ស្តីពី​សំណើររដ្ឋធម្មនុញ្ញថ្មី​មួយ​របស់​ប្រទេស​ហ្ស៊ីមបាវេ (Zimbabwe) កំពុង​តែ​កាត់​បន្ថយ​ឳកាស​​​ ដែល​រដ្ឋាភិបាល​នឹង​គោរព​តាម​​សេចក្តី​សម្រេចរបស់​តុលាការ​​​ក្នុង​ការ​រៀប​ ចំ​ការ​បោះឆ្នោត​ជាតិ​នៅត្រឹម​ថ្ងៃទី​៣១ ខែ​មីនា។ ដូច ដែល​ Sebastian Mhofu រាយការណ៍​សម្រាប់​វីអូអេ​ ពី​ទីក្រុង ហារារី (Harare) រដ្ឋា ភិបាល​ឯកភាព​ជាតិមិន​អាច​ព្យាករណ៍​ថាតើ​ពេល​ណា​ដែល​ប្រទេសនេះ​នឹង​មាន​ រដ្ឋធម្មនុញ្ញ​ថ្មី​នោះទេ។

និយាយ​ឱ្យ​ប្រាកដរដ្ឋធម្មនុញ្ញ​ថ្មី​មួយ​​ត្រូវ​តែ​កើត​មាន​មុន​ពេល​ការ​បោះឆ្នោត​​ ថ្មីនៅ​ក្នុង​ប្រទេស ហ្ស៊ីមបាវេ ពីព្រោះ​ក្រុមមេដឹកនាំ​អាហ្វ្រិក​ខាង​ត្បូង ​ចង់​ធានា​ឲ្យ​ប្រាកដ​ថា ការ​បោះឆ្នោត​នោះ​មាន​ភាពអាច​ជឿទុកចិត្ត​បាន។
គណៈកម្មាធិការ ​មួយបាន​បញ្ជូន​សេចក្តី​ព្រៀង​​រដ្ឋធម្មនុញ្ញ​ទៅ​កាន់​រដ្ឋ សភា ​ កាល​ពី​ខែ​កក្កដាឆ្នាំទៅ ប៉ុន្តែ​គណបក្ស​នយោបាយ​ធំ​ៗ​របស់ ហ្ស៊ីមបាវេ មិន​ទាន់​យល់​ស្រប​នៅ​ឡើយ​ទៅ​លើ​ការកែប្រែ​ទាំងឡាយ ដែល​ត្រូវធ្វើ មុន​ពេល​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​ដាក់​នៅចំពោះមុខ​ក្រុម​អ្នក​បោះឆ្នោត នៅក្នុង​​ការ​ធ្វើ​ប្រជាមតិ​មួយ។​
ដំណើរការ​បង្កើត​ រដ្ឋធម្មនុញ្ញ​របស់ ហ្ស៊ីមបាវេ ស្ថិត​ក្នុង​ភាព​ទ័លច្រក​ដោយ​សារ​តែជម្លោះ​រវាង​គណបក្ស​ធំៗនៅ​ក្នុង​ រដ្ឋាភិបាល​ចម្រុះ ដែលរួមមាន គណបក្ស​ ZANU-PF របស់​លោក​ប្រធានាធិបតី រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) និង​គណបក្ស​ចលនា​ដើម្បី​ការ​ផ្លាស់​ប្តូរ​បែប​ប្រជាធិបតេយ្យ (Movement for Democratic Change) ឬហៅ​កាត់ថា​គណបក្ស MDC របស់​លោក​នាយក​រដ្ឋមន្ត្រី ម័រហ្គាន ស្វាន់ហ្គីរ៉ៃ (Morgan Tsvangirai)។
គណបក្ស ​ទាំងនេះ មិន​យល់​ស្រប​ទៅលើ​​ចំណុច​នៃ​សំណើរសុំ​កាត់​បន្ថយ​អំណាច​របស់​ប្រធានាធិបតី និង​ការ​បញ្ចូល​ច្បាប់​ស្តីអំពី​សិទ្ធិ​របស់​មនុស្សស្រលាញ់ភេទ​ដូចគ្នា នៅក្នុង​ចំណោម​ចំណុច​មិនយល់​ស្រប​ដទៃទៀត។ ជាលទ្ធផល ហ្ស៊ីមបាវេ ទំនង​ជា​នឹង​មិន​ឆ្លើយ​តប​តាម​សេចក្តី​សម្រេចរបស់​តុលាការ ក្នុង​ការ​រៀប​ចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​៣១ ខែ​មីនាទេ។​
លោក ម៉ាកដូណល ឡេវ៉ានីកា (McDonald Lewanika) ដឹកនាំ​អង្គការ​វិបត្តិ​នៅ​ក្នុង​រដ្ឋាភិបាល​​ចម្រុះ ហ្ស៊ីមបាវេ (Crisis in Zimbabwe Coalition)។ លោក​​និយាយថា មានកត្តា​ផ្សេងៗ​ទៀត ដែល​នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ទំនង​ជាមិន​អាច​កើតឡើង​នៅ​ត្រឹម​ដំណាច់​ខែ​ មីនានេះ។
«យើង​បាន​ឮអំពី​ការ​រំកិល​កាល​បរិច្ឆេទ​​ ទាក់​ទង​នឹង​ដំណើរការ​រៀប​ចំ​ការ​ បោះ ឆ្នោត។ បញ្ហា​នេះ​មិនទាន់​កើត​ឡើងនៅ​ឡើយទេ។ ហើយ​សំខាន់​ជាង​​នេះ​ទៀត ស្ថានភាព​ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​នៅ​ទីនោះ ដើម្បី​ធានា​ឲ្យ​បាន​ថា ដំណើរការ​បោះឆ្នោត​នេះ​មានភាព​សេរី​និង​យុត្តិធម៌ មិន​ដឹង​ជា​ត្រូវ​សម្រេច​បាន​បែបណា​នោះ​ទេ។ ករណី​ជាក់ស្តែងគឺ​ថា ដំណើរការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ​ នៅ​ពេលនេះ»។
លោក ​ អេរីក ម៉ាទីនេហ្គា (Eric Matinenga) រដ្ឋមន្ត្រី​កិច្ចការរដ្ឋ​ធម្មនុញ្ញ និង​រដ្ឋសភារបស់ប្រទេស ហ្ស៊ីមបាវេ ថ្លែងថា លោក​មិន​អាចនិយាយ​បាន​ទេ ថាតើ​នៅ​ពេលណាទើប​ការ​ធ្វើ​ប្រជាមតិ​អាច​ត្រូវ​បាន​ធ្វើឡើង​។
លោក ​ ម៉ាទីនេហ្គា បាន​កំពុង​ដឹកនាំ​ការ​ពិភាក្សា ដែល​សំដៅ​បង្រួម​ការខ្វែង គំនិតគ្នា​ទៅលើ​រដ្ឋធម្មនុញ្ញ។ លោក​និយាយថា ចំណុច​នៃ​ការ​ខ្វែង​គំនិត​គ្នា​បាន​ថយ​ចុះ​ពី​ជាង​៣០ចំណុច​នៅ​ត្រឹម​តែ​ ៥ចំណុច​តែ​ប៉ុណ្ណោះ​ ចាប់​តាំង​ពី​ខែ​កក្កដា​​ឆ្នាំ​ទៅ​។ លោក​និយាយ​ទៀត​ថា លោក​ចង់​ឲ្យ​បញ្ហា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស។
ទោះជា ​ចំណុច​នៃ​ការ​ខ្វែង​គំនិត​គ្នា​ត្រូវ​បាន​ដោះ​ស្រាយក៏ដោយ វា​ប្រហែល ជាមិនអាចទៅរួចទេ ដែលថា ហ្ស៊ីមបាវេ នឹង​រៀប​ចំការ​បោះឆ្នោត​នៅ​ត្រឹម​ខែ​មីនា​នេះ ដោយសារ​រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​មានការ​ជូនដំណឹង​រយៈពេល​៩០ថ្ងៃ មុន​ពេល​ការ​បោះឆ្នោត​មួយ​អាច​ត្រូវ​បាន​ធ្វើ​ឡើង។​
ហើយ ​មាន​ឧបសគ្គមួយផ្សេងទៀតដែល​ត្រូវ​ដោះស្រាយ នោះគឺ​បញ្ហាថវិកា។ កាល​ពី​ខែមុន លោក តេនដាយ ប៊ីទី (Tendai Biti) រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់ ហ្ស៊ីមបាវេ បាន​និយាយថា ប្រទេស​នេះ​គ្មាន​ថវិកា​សម្រាប់​ការ​​ធ្វើ​ប្រជាមតិ និង​ការ​បោះឆ្នោត​នោះ​ទេ។​
«នៅក្នុង​ឆ្នាំ​២០១៣នេះបញ្ហា​ប្រឈម​ធំបំផុត​គឺការ​ផ្តល់​ថវិកា​សម្រាប់​ការ បោះ ឆ្នោត និង​ការ​ធ្វើ​ប្រជាមតិ។ វា​ច្បាស់ណាស់​ថា ធនធាន​របស់យើង​មិនគ្រប់​គ្រាន់​ទេ។ វាច្បាស់​ណាស់​ដែល​ថាសហគមន៍​អន្តរជាតិ​ត្រូវតែ​ចូលមកជួយ»។
គណៈកម្មការ ​រៀបចំ​ការ​បោះឆ្នោត​របស់ ហ្ស៊ីម​បាវេ បាន​ស្នើសុំ​ទឹកប្រាក់​ជិត​២០០​លាន​ដុល្លារ ​ដើម្បី​រៀប​ចំការ​ធ្វើ​ប្រជាមតិ និង​ការ​បោះឆ្នោត។ កាល​ពី​ដើម​សប្តាហ៍នេះ លោក​ ប៊ីទី បាន​និយាយថា​ លោក​បាន​បញ្ចេញ​ថវិការ​ចំនួន​​១លាន ដុល្លារ ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា ការ​ចុះ​បញ្ជី​ឈ្មោះអ្នក​បោះឆ្នោត​​អាច​ចាប់​ផ្តើម​បាន៕ប្រែសម្រួលដោយ លី សុខ​ឃាង (VOA)​

Related Articles

Back to top button
Close
Close