រាជ​រដ្ឋា​ភិបាល​ ​ចេញ​សារាចរ​ ទប់​ស្កាត់ ​ការ​ឆ្លង​រាល​ដាល ​ជំងឺ​ផ្តា​សាយបក្សី​

ភ្នំ​ពេញ​៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញសារាចរ ស្តីពីវិធានការត្រួតពិនិត្យ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល ជំងឺផ្តាសាយបក្សី នៅគ្រាដែលជំងឺផ្តាសាយបក្សី H5N1 បានផ្ទុះឡើង នៅដើមឆ្នាំ២០១៣នេះ។

យោងតាមសារាចរ ដែលចុះហត្ថលេខាដោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​​​បានឲ្យដឹងថា រាជរដ្ឋាភិបាល បានសង្កេតឃើញថា ទោះ​បី​ជាមានការចាត់វិធានការ ទប់ស្កាត់ដោយស្ថាប័នជំនាញក្តី ក៏ស្ថានភាពនៃការរាតត្បាត និងអត្រាមនុស្សស្លាប់ដោយជំងឺ ផ្តា​សាយ​បក្សី​មាន​កម្រិតគួរឲ្យបារម្ភ។

ដូចនេះក្នុងគោលបំណងធានា នូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាល ​សូមឲ្យក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និងនេសាទ ត្រូវបន្តជំរុញការអនុវត្តវិធានការចាំបាច់ និងជាបន្ទាន់ធានាដើម្បីបង្ការ និងទប់ ស្កាត់ការឆ្លងរាលដាល នៃ​ជំងឺ​ផ្តា​សាយ​បក្សី ដោយត្រូវធ្វើការតាមដានស្រាវជ្រាវ យ៉ាងម៉ត់ចត់ និងជាប្រចាំលើសុខភាពបក្សី នៅទូទាំងប្រទេស និង​ត្រូវ​អនុវត្ត​វិធាន​ជីវ​សុវត្ថិ​ភាព វិធានអនាម័យនៅគ្រប់ទីកន្លែងចិញ្ចឹមបក្សី កន្លែងប្រមូលផ្តុំបក្សី និងទីផ្សារបក្សី។

ជាមួយនេះ ក៏ត្រូវពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វ ព្រមទាំងធ្វើការផ្សព្វផ្សាយទូលំទូលាយ តាម​គ្រប់​រូប​ភាព​ដល់​ប្រ​ជា​ពលរដ្ឋ ឲ្យបានយល់ដឹងអំពីជំងឺផ្តាសាយបក្សី និងចូលរួមអនុវត្តវិធានការការពារ។

សូមបញ្ជាក់ថា​ រហូតមកដល់បច្ចុប្បន្ននេះ ជំងឺផ្តាសាយបក្សី ​ ​នៅប្រទេសកម្ពុជា ក្នុងរយៈពេលពីរខែដើមឆ្នាំ២០១៣ នេះជំងឺផ្តាសាយបក្សី H5N1 បានផ្ទុះនិងចម្លងទៅមនុសស្ស ៩នាក់ ក្នុងនោះមានមនុស្សបានស្លាប់ចំនួន ៨នាក់ ហើយគិតតាំងពីឆ្នាំ២០០៥មក មាន​មនុស្ស​ឈឺ​ចំនួន​៣០នាក់ និងស្លាប់ចំនួន២៧នាក់ ដោយសារ ជំងឺនេះ៕

that-0002

 

Related Articles

Back to top button
Close
Close