ក្រុម​ចោរ​ប្រដាប់​អាវុធ៣​នាក់​ ភ្ជង់​ប្លន់​ម៉ូតូ​ ​ពី​​ស្ត្រី​​ម្នាក់​បាន​សម្រេច​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២០​និង​៤០​នាទី​យប់ ថ្ងៃទី​២៨ ខែ​កុម្ភៈ និស្សិត​ឆ្នាំ​ទី​២​ម្នាក់ ត្រូវក្រុម​ចោរ​​មួយ​ក្រុម​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម ជិះ​ម៉ូតូ​អាយ​ខុន មិន​ស្គាល់​ស្លាក​លេខ​មួយ​គ្រឿង​ មក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ស្កូ​ប​ពី ​នៅ​ចំណុច​ផ្លូវលំ ក្រុម​ទី​១៧ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ បានសម្រេច ជិះ​រត់​គេចខ្លួន​បាត់។​​​​

​និស្សិត​រងគ្រោះ​ខាង​លើ​នេះ មានឈ្មោះ ស៊ុន ចាន់​លីន អាយុ​២១​ឆ្នាំ ជា​និស្សិត​ពេទ្យ ស្នាក់នៅ​ចំណុច​កើតហេតុ​ខាងលើ​។ និង​ម៉ូតូ​ស្កូ​ប​ពី​ដែល​ក្រុម​ចោរប្លន់​យក​ទៅ​បាត់​នោះ​ស៊េរី​២០១២ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ 1BD-7108​។ ចំណែក​ឯ​ជនសង្ស័យ មាន​គ្នា​៣​នាក់ ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​១​ដើម ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អាយ​ខុន​មិន​ចាំ​ស្លាក​លេខ​។

មុន​ពេល​កើតហេតុ​រូប​នាង​បាន​ចេញពី​រៀន​នៅ​ខាងក្រោយ​ផ្សារ​សុ​វណ្ណា ហើយ​ជិះ​ម៉ូតូ​ត្រឡប់​មកផ្ទះ ពេល​ជិះ​ដល់​ចំណុច​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ស្រាប់​តែ​មាន​ជនសង្ស័យ​៣​នាក់​ខាងលើ ជិះ​ម៉ូតូ​តាម​នាង រហូតមកដល់​មុខ​ផ្ទះ​របស់​នាង​។ ខណៈ​មកដល់​មុខ​ផ្ទះ​នាង​ចុះ​ពីលើ​ម៉ូតូ​ដើរ​ទៅ​គោះទ្វារ​ដើម្បី​ឲ្យ​បងប្អូន ​បើកទ្វារ​ឲ្យ ប៉ុន្តែ​ភ្លាម​នោះ ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ ក្នុង​នោះ​មាន​ម្នាក់​កាន់​កាំភ្លើងខ្លី​មួយ​ដើម ចុះ​មក​ភ្ជង់​ចង្កេះ គំរាម​មិន​ឲ្យ​នាង​ស្រែក និង​ដណ្ដើម​យក​សោ​ម៉ូតូ​ពី​ដៃ​នាង ជិះ​រត់​គេចខ្លួន​បាត់​៕ ហេង នាង​

ស្ត្រីជានិស្សិតរងគ្រោះ ដែលត្រូវក្រុមចោរធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ។
ស្ត្រីជានិស្សិតរងគ្រោះ ដែលត្រូវក្រុមចោរធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ។

 

Related Articles

Back to top button
Close
Close