ក្រុមចោរប្រដាប់អាវុធ៣នាក់ ភ្ជង់ប្លន់ម៉ូតូ ពីស្ត្រីម្នាក់បានសម្រេច
ភ្នំពេញ៖ កាលពីវេលាម៉ោង ២០និង៤០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ និស្សិតឆ្នាំទី២ម្នាក់ ត្រូវក្រុមចោរមួយក្រុមមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ជិះម៉ូតូអាយខុន មិនស្គាល់ស្លាកលេខមួយគ្រឿង មកធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូស្កូបពី នៅចំណុចផ្លូវលំ ក្រុមទី១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានសម្រេច ជិះរត់គេចខ្លួនបាត់។
និស្សិតរងគ្រោះខាងលើនេះ មានឈ្មោះ ស៊ុន ចាន់លីន អាយុ២១ឆ្នាំ ជានិស្សិតពេទ្យ ស្នាក់នៅចំណុចកើតហេតុខាងលើ។ និងម៉ូតូស្កូបពីដែលក្រុមចោរប្លន់យកទៅបាត់នោះស៊េរី២០១២ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ 1BD-7108។ ចំណែកឯជនសង្ស័យ មានគ្នា៣នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាក១ដើម ជិះម៉ូតូមួយគ្រឿងម៉ាកអាយខុនមិនចាំស្លាកលេខ។
មុនពេលកើតហេតុរូបនាងបានចេញពីរៀននៅខាងក្រោយផ្សារសុវណ្ណា ហើយជិះម៉ូតូត្រឡប់មកផ្ទះ ពេលជិះដល់ចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ស្រាប់តែមានជនសង្ស័យ៣នាក់ខាងលើ ជិះម៉ូតូតាមនាង រហូតមកដល់មុខផ្ទះរបស់នាង។ ខណៈមកដល់មុខផ្ទះនាងចុះពីលើម៉ូតូដើរទៅគោះទ្វារដើម្បីឲ្យបងប្អូន បើកទ្វារឲ្យ ប៉ុន្តែភ្លាមនោះ ជនសង្ស័យទាំងបីនាក់ខាងលើ ក្នុងនោះមានម្នាក់កាន់កាំភ្លើងខ្លីមួយដើម ចុះមកភ្ជង់ចង្កេះ គំរាមមិនឲ្យនាងស្រែក និងដណ្ដើមយកសោម៉ូតូពីដៃនាង ជិះរត់គេចខ្លួនបាត់៕ ហេង នាង