ប៉ែន ចំរ៉ុង និង សារ៉ាយ សក្ខណា គាំទ្រការប្រកួត “ភាពយន្តចតុមុខ”
តារាសម្តែងល្បីល្បាញ២ដួងគឺលោក ប៉ែន ចំរ៉ុង និង នាង សារាយសក្ខណា បានសម្តែងការគាំទ្រការប្រកួតភាពយន្តចតុមុខ ដែលរៀបចំដោយក្រុមហ៊ុនSabay កាលពីថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ ២០១៣ នៅមជ្ឈមណ្ឌលវប្បធម៌អាលឺម៉ង់ក្នុងរាជធានីភ្នំពេញ។
ក្នុងនាមជាតារាសម្ដែងមួយរូបលោក ប៉ែន ចំ រុង បាននិយាយថា លោកមានអារម្មណ៍សប្បាយរីករាយ និងមោទនភាពជាខ្លាំងនៅក្នុងកម្មវិធីប្រកួតប្រជែងភាពយន្តខ្លីនេះ។ តារារូបនេះបានឲ្យដឹងថាៈ ” យើងដឹងហើយ ភាពដដែលៗ គឺជាសត្រូវនៃកែវភ្នែករបស់ទស្សនិកជន ទាមទារឲ្យមានការបង្កើតថ្មីជាបន្តបន្ទាប់ ជាពិសេសគឺភាពយន្តនេះឯង”។
ដោយឡែកនាង សារ៉ាយ សក្ខណា បានឲ្យដឹងស្រដៀងគ្នានេះដែរថា វិស័យភាពយន្តខ្មែរ កំពុងមានការរីកចំរើន ហើយនាងសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមគាំទ្រទៅលើវិស័យភាពយន្តខ្មែរ។ តារាសម្តែងរូបនេះបានបញ្ជាក់ថា ការគាំទ្រ និងលើកទឹកចិត្តដល់ផលិតករទាំងអស់ គឺជាអ្វីដែលយើងត្រូវធ្វើ ចំពោះអ្នកដែលបានខិតខំស្វែងរកអ្វីហើយប្លែកសម្រាប់វិស័យភាពយន្ត”។
លោក Jean- Nicol Chelmiah ប្រធានគ្រប់គ្រងផ្នែក sabay Entertainment បានឲ្យដឹងថា នេះជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយ ដើម្បីលើកកម្ពស់ និងប្រមូលផ្ដុំអ្នកមានទេពកោសល្យផលិតភាពយន្តទាំងអស់នៅកម្ពុជា។ លោកបន្តថា នេះជាទិសដៅមួយសំខាន់នៅក្នុងការស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុ និងការស្វែងរកទីផ្សារឲ្យផលិតកម្មខ្មែរយើងនៅពេលនេះ។
លោក បានបន្តថា ពេលនេះយើងមានកម្មវិធី Sabay Award ដែលត្រូវផ្ដល់ជូននៅក្នុងកម្មវិធី “ប្រកួតប្រជែងភាពយន្តចតុមុខ” ហើយSabay មានមោទនភាពខ្លាំងណាស់ក្នុងនាមជាអ្នកឧបត្ថម្ភដ៏សំខាន់នៅក្នុង កម្មវិធីនេះ ដើម្បីផ្ដល់ទំនុកចិត្តក្នុងការពាំនាំភាពយន្តខ្មែរ ទៅចាក់ផ្សាយតាមបណ្ដារោងភាពយន្តទាំងឡាយ។
គួបញ្ជាក់ថា “កម្មវិធី ប្រកួតប្រជែងភាពយន្តចតុមុខ” ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន sabay តាំងពីឆ្នាំ២០១២ដើម្បីជួយជ្រោមជ្រែងលើវិស័យភាពយន្តខ្មែរយើងនាពេលអនាគត។ កម្មវិធីនេះ នឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ និងផ្ដល់ពានរង្វាន់ដល់ផលិតករភាពយន្តខ្នាតខ្លីណា ដែលមានទេពកោសល្យស្នាដៃល្អទាំងខ្លឹមសារ និងឈុតឆាកជាដើម។ ទោះយ៉ាងណា ភាពយន្តខ្លីនីមួយៗ ត្រូវទទួលការវាយតម្លៃ និងវិនិច្ឆ័យយ៉ាងសុក្រឹតពីគណៈកម្មការជំនាញផងដែរ៕ ស.រ