គ្រិស្តបរិស័ទបានទះដៃអបអរសាទរវត្តមានចុងក្រោយរបស់សម្តេចប៉ាប Benoît ទី១៦
នៅថ្ងៃពុធ ទី២៧ កុម្ភៈនេះ មានគ្រិស្តបរិស័ទជាង ១០ម៉ឺននាក់បានមកជួបជុំគ្នានៅទីលាន Saint-Pierre ក្នុងបុរីវ៉ាទីកង់ ប្រទេសអ៊ីតាលីដើម្បីសម្តែងគារវកិច្ចចុងក្រោយចំពោះសម្តេចប៉ាប Benoît ទី១៦ ក្នុងនាមជាប្រមុខសាសនាកាតូលិក។ នៅពេលព្រះអង្គបានបង្ហាញខ្លួននៅមាត់បង្អូចនៃបន្ទប់ស្នាក់នៅរបស់ ព្រះអង្គក្នុងបុរីវ៉ាទីកង់ ក្រុមគ្រិស្តបរិស័ទបាននំាគ្នាទះដៃអបអរសាទរយ៉ាងទ្រហឹងអឹងកង។ វត្តមានចុងក្រោយរបស់សម្តេចប៉ាប Benoît ទី១៦ បានធ្វើឡើង មួយថ្ងៃ មុនព្រះអង្គលាឈប់ពីប្រមុខសាសនាកាតូលិកជាផ្លូវការនៅថ្ងៃ ព្រហ ស្បតិ៍ ទី២៨ កុម្ភៈស្អែក។
មិនមានអ្វីប្លែកទេ វត្តមានរបស់សម្តេចប៉ាប Benoît ទី១៦ នៅមាត់បង្អូចនៃបន្ទប់ស្នាក់នៅរបស់ព្រះអង្គក្នុងបុរីវ៉ាទីកង់នា ព្រឹកមិញ គឺជាទំនាមទម្លាប់មួយដែលសម្តេចប៉ាប Benoît ទី១៦ តែងតែបានប្រណិបត្តិតំាងពី ៨ឆ្នំាមកហើយ និងដែលវត្តមាននៅថ្ងៃនេះ គឺជាលើកទី ៣៤៨។ ក៏ប៉ុន្តែ និងអ្វីដែលប្លែកខ្លំាងជាងសព្វមួយដងថ្ងៃនេះ គឺជាវត្តមានចុងក្រោយរបស់ព្រះអង្គហើយ ព្រោះថា នៅថ្ងៃព្រហស្បតិ៍ ទី២៨ កុម្ភៈ ជាថ្ងៃដែលព្រះអង្គបានលាឈប់ពីប្រមុខសាសនាកាតូលិកជាផ្លូវការ។
អ៊ីចឹងហើយបានជានៅទីលាន Saint-Pierre ក្នុងបុរីវ៉ាទីកង់ ប្រទេសអ៊ីតាលីថ្ងៃនេះ មានវត្តមានគ្រិស្តបរិស័ទជាង ១០ម៉ឺននាក់បានមកសម្តែងគារវកិច្ចចុងក្រោយចំពោះសម្តេចប៉ាប Benoît ទី១៦។ ក្រៅពីសំឡេងសម្រែកសាទរយ៉ាងទ្រហឹងអឺងកង ក៏គេឃើញមានការលើកបដាព្រោងព្រាតសរសេរពាក្យច្រើនភាសាខុសៗគ្នាថា « អរគុណ »។ ការកត់សម្គាល់មួយទៀត និងខុសពីសព្វមួយដង វត្តមានរបស់គ្រិស្តបរិស័ទថ្ងៃនេះ មិនមែនមានតែប្រជាជនអ៊ីតាលីរស់ក្នុងទីក្រុងរ៉ូមប៉ុណ្ណោះទេ តែក៏មានមកពីបណ្តាប្រទេសផ្សេងៗដែរ។ បំណងសំខាន់របស់ពួកគេ គឺចង់ឮ និងចង់ឃើញព្រះភក្ត្ររបស់សម្តេចប៉ាប Benoît ទី១៦ ជាលើកចុងក្រោយ ក្នុងនាមព្រះអង្គជាប្រមុខសាសនាកាតូលិក។
សូមបញ្ជាក់ជូនឡើងវិញបន្តិចថា មានព្រះជន្ម ៨៦ ព្រះវស្សា សម្តេចប៉ាប Benoît ទី១៦ បានសម្រេចព្រះទ័យលាឈប់ពីប្រមុខសាសនាកាតូលិកដែលព្រះអង្គបានទទួល តំាងពី ៨ឆ្នំាមកហើយ ដោយបានលើកយកហេតុផលថា ព្រះអង្គអស់កម្លំាង។ គឺជាការសម្រេចព្រះទ័យមួយដែលបានធ្វើឲ្យពិភពលោក ពិសេសក្រុមគ្រិស្តបរិស័ទមានការភ្ញាក់ផ្អើលយ៉ាងខ្លំាង។ ភ្ញាក់ផ្អើល ព្រោះវាជាព្រឹត្តិការណ៍មួយដែលមិនធ្លាប់មានទេ នៅក្នុងប្រវត្តិរបស់បុរីវ៉ាទីកង់ក្នុងរយៈពេល ៧ សតវត្សចុងក្រោយនេះ។
យ៉ាងណាក៏ដោយ បុរីវាទីកង់សង្ឃឹមថានឹងអាចរកឃើញសម្តេចប៉ាបថ្មីនាពេលឆាប់ៗខាង មុខ។ សម្តេចប៉ាបថ្មីដែលនឹងត្រូវដោះស្រាយជាបន្ទាន់នូវរឿងអាស្រូវមួយ ចំនួនដែលបុរីវ៉ាទីកង់កំពុងប្រឈមមុខនាពេលបច្ចុប្បន្ន ពិសេសផ្តល់ទំនុកចិត្តឡើងវិញចំពោះគ្រិស្តបរិស័ទទំាង ១ ២០០លាននាក់នៅទូទំាងពិភពលោក៕ដោយ គួច គន្ធារ៉ា (RFI)