ម៉ូស្គូ​និង​វ៉ាស៊ីនតោន​ឯកភាព​គ្នា​ចំពោះ​ដំណោះស្រាយ​វិបត្តិ​រ៉ាំរ៉ៃ​នៅ​ស៊ីរី​

នេះ​ជា​លទ្ធផល​នៃ​ជំនួប​រវាង​ប្រមុខ​ ការទូត​រុស្ស៊ី​លោក Serguei Lavrov និង​សមភា​គី​អាមេរិក​លោក John Kerry ដែល​បាន​ពន្យារ​ទៅ​ល្ងាច​ម្សិលមិញ អស់​២ម៉ោង​ជាប់ នៅ​ឯ​ស្ថានទូត​រុស្ស៊ី​ក្នុង​ក្រុង​ប៊ែរឡាំង។ គោលជំហរ​រួម​នេះ គឺ​នៅ​ត្រង់​ម្ខាងៗ ប្រើ​ឥទ្ធិពល​ខ្លួន បញ្ចុះបញ្ចូល​យ៉ាង​ណា លុះ​ទាល់​តែ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស និង​ភាគី​ប្រឆាំង​នៅ​ស៊ីរី​សុខចិត្ត​អង្គុយ​ចរចា​នឹង​គ្នា​ទៅ។

ក្រោយ​ពី​ជំនួប​ក្នុង​ស្ថានទូត​រុស្ស៊ី​នៅ​ក្រុង​ប៊ែរឡាំង​ចប់​ទៅ​ពេល​ យប់​ទៅ​ហើយ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov បាន​ថ្លែង​ជា​អាទ៍​ទៅ​ពួក​អ្នកកាសែត ទោះ​បី​ម៉ូស្គូ និង​វ៉ាស៊ីនតោន​មាន​ទស្សនៈ​យល់​ឃើញ​ខុស​គ្នា ចំពោះ​អនាគត​នៃ​របប​លោក​ប្រធានាធិបតី Bachar Assad ក្តី ក៏​លើក​នេះ រុស្ស៊ី និង​ស.រ.អា. បាន​បញ្ជាក់​ពី​គោលជំហរ​ដូច​គ្នា​ជុំវិញ​បញ្ហា​ស៊ីរី ដែល​ខ្លឹមសារ​វា គឺ​នៅ​ត្រង់​រដ្ឋអំណាច​ស៊ីរី និង​ភាគី​ប្រឆាំង​ត្រូវ​តែ​ចរចា​គ្នាដើម្បី​​​ដោះស្រាយ​វាសនា​ប្រទេសជាតិ​ ដោយ​ខ្លួន​គេ​ផ្ទាល់​ទៅ។

ប្រាកដ​ណាស់ ដែល​មិនមែន​រឿង​ទាំង​អស់ អាស្រ័យ​នឹង​ម៉ូស្គូ និង​វ៉ាស៊ីនតោន​ឡើយ ប៉ុន្តែ​អ្វី ដែល​អាស្រ័យ​នឹង​យើង នោះ​យើង​នឹង​ធ្វើ​សព្វ​បែប​យ៉ាង​ដើម្បី​បង្ក​លក្ខណៈ​សម្រាប់​ជម្រុញ​ដល់​​ ការ​ចាប់​ផ្តើម​ឲ្យ​បាន​ឆាប់​ឡើង សំវាទ​រវាង​រដ្ឋាភិបាល និង​ភាគី​ប្រឆាំង​នៅ​ស៊ីរី។ តាម​មតិ​រុស្ស៊ី និង​ស.រ.អា. ការ​បន្ត​ទៅ​នៃ​អំពើហិង្សា​ក្នុង​ប្រទេស​ស៊ីរី ដែល​ឆាបឆេះ​ដោយ​សង្គ្រាមស៊ីវិល គឺ​ជា​ការ​មិន​អាច​ទទួល​យក​បាន​សោះ​ឡើយ។

ព្រម​ជាមួយ​នេះ លោក​ប្រមុខ​ការទូត​រុស្ស៊ី​កត់​សម្គាល់​ថា ពួក​ជ្រុលនិយម​ក្នុង​ជួរ​ភាគី​ប្រឆាំង​ចេះ​តែ​បង្កើត​ជា​ឧបសគ្គ​រាំងរា ដល់​ការ​ធ្វើ​សំវាទ​ជាមួយ​លោក​ប្រធានា ធិបតី Bachar Assad តាម​ផ្លូវ​រុញច្រាន​ចេញ​មក នូវ​ការ​ទាមទារ​ជ្រុលហួស​ដែល​មិន​អាច​បំពេញ​បាន​ឡើយ។ ក្នុង​ជំនួប​​យប់មិញ លោក Lavrov និង​លោក Kerry បាន​ពិភាក្សា តើ​តាម​របៀប​ណា​ដែល​ត្រូវ​
បំផុស​ឲ្យ​ចេញ​ជា​ការ​អនុវត្តន៍​នូវ​កិច្ចព្រមព្រៀង​ចុះ​ក្រុង​ហ្ស៊ឺណែវ​កាល ​ពី​ថ្ងៃ ទី៣០ មិថុនា​ឆ្នាំ​មុន កិច្ចព្រមព្រៀង​ដែល​តាំង​គោលដៅ អន្ទង​ក្រុង​ដាម៉ាស និង​ភាគី​ប្រឆាំង​ឲ្យ​ចាប់​ផ្តើម​រៀបចំ​បង្កើត​​ឡើង ជា​រដ្ឋាភិបាល​អន្តរកាល​សម្រាប់​ថិរវេលា​ដែល​លោក​ប្រធានាធិបតី Bachar Assad ដកខ្លួន ចេញ​ពី​មុខតំណែង​ទៅ។

លោក Lavrov ចាត់ទុក​ជំនួប​កន្លង​ទៅ ជាមួយ​លោក Kerry ថា ជា​ជំនួប​ក្នុង​ស្មារតី​ស្ថាបនា។ រីឯ​អ្នកនាំពាក្យ​ផ្លូវការ​នៃ​ក្រសួង​ការបរទេស​អាមេរិក លោក ស្រី Victoria Nuland បាន​ហៅ​ជំនួប​យប់​មិញ រវាង​លោក​ប្រមុខ​ការទូតអាមេរិកាំង និង​សមភាគី​រុស្ស៊ី​ថា ជា​ជំនួប​ការងារ​ដ៏​មធ្យ័ត​ដោយ​លំអិត​ថា ពី​ក្នុង​រយៈពេល​២ម៉ោង​នៃ​ជំនួប គូភាគី​បាន​ចំណាយ​ពេល​អស់ ១ម៉ោង​ឯណោះ​ដល់​ការ​ពិភាក្សា​អំពី​សង្គ្រាមស៊ីវិល​នៅ​ស៊ីរី៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close