អ៊ីតាលីទ័លច្រកក្នុងការបង្កើតរដ្ឋាភិបាល
រដ្ឋាភិបាលថ្មីរបស់អ៊ីតាលី ប្រហែលជាពិបាកនឹងបង្កើតអោយចេញជារូបរាងណាស់។ គណបក្សប្រជាធិបតេយ្យឆ្វេងនិយម របស់លោក Pier Luigi Bersani បានទទួលជោគជ័យក្នុងសភា ជាមួយនឹងសម្លេងឆ្នោតជិត៣០% ប៉ុន្តែមិនបានទទួលសម្លេងឆ្នោតគ្រប់គ្រាន់ដើម្បីកាន់កាប់ ព្រឹទ្ធសភានោះទេ។ នៅព្រឹទ្ធសភា គណបក្សកណ្តាលនិយមនិន្នាកាស្តាំ របស់អតីតនាយករដ្ឋមន្ត្រី Silvio Berlusconi នាំមុខគេ ដោយបានទទួលសម្លេងច្រើន ប៉ុន្តែមិនអាចទទួលបានអសនៈគ្រប់គ្រាន់ ក្នុងការដឹកនាំនោះឡើយ។ រី៝គណបក្សស្តាំនិយមរបស់នាយករដ្ឋមន្ត្រីផុតអណត្តិ គឺលោក Mario Monti បានសម្លេងតែ ១០% ប៉ុណ្ណោះ នៅរដ្ឋសភា និងព្រឹទ្ធសភា។
អ៊ីតាលីកំពុងតែទ័លច្រក ក្នុងការបង្កើតរដ្ឋាភិបាលអណត្តិថ្មី។ លទ្ធផលនៃការបោះឆ្នោតរើសតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា មិនបានផ្តល់លទ្ធផលអ្វីអោយបានជាក់លាក់នោះឡើយ។ គណបក្សប្រជាធិបតេយ្យឆ្វេងនិយម របស់លោក Pier Luigi Bersani បានទទួលជោគជ័យក្នុងសភា ជាមួយនឹងសម្លេងឆ្នោត២៩,៥% នាំមុខគណបក្សកណ្តាលនិយមនិន្នាកាស្តាំ របស់អតីតនាយករដ្ឋមន្ត្រី Silvio Berlusconi ដែលទទួលបានសម្លេងប្រកិតគ្នាគឺ២៩,១៨%។ ជោគជ័យនេះ ធ្វើអោយគណបក្សឆ្វេងនិយមទទួលបាន៣៤០អសនៈ ក្នុងចំណោមអសនៈសរុប ៣៦០។
ប៉ុន្តែ គណបក្សឆ្វេងនិយម មិនបានទទួលសម្លេងគ្រប់គ្រាន់ដើម្បីកាន់កាប់ព្រឹទ្ធសភា នោះទេ បើទោះជាខ្លួនត្រូវរួមសហការជាមួយនឹងគណបក្សស្តាំនិយមរបស់ នាយករដ្ឋមន្ត្រីផុតអណត្តិ គឺលោក Mario Monti ក៏ដោយ។ គណបក្សលោក Monti ទទួលបានសម្លេងតែ ១០% ប៉ុណ្ណោះ នៅរដ្ឋសភា និងព្រឹទ្ធសភា។ ដើម្បីកាន់កាប់ព្រឹទ្ធសភា គណបក្សនយោបាយត្រូវទទួលអោយបានអសនៈ ១៥៨ ប៉ុន្តែគណបក្សលោក Bersani បានទទួលសម្លេង៣១,៦៣% គឺបានអសនៈត្រឹមតែ ៩៧ ប៉ុណ្ណោះ។
នៅព្រឹទ្ធសភា គណបក្សកណ្តាលនិយមនិន្នាកាស្តាំ របស់អតីតនាយករដ្ឋមន្ត្រី Silvio Berlusconi បាននាំមុខគេ ដោយបានទទួលអសនៈ រហូតដល់១១០អសនៈ ដែលផ្ទុយទៅវិញ គណបក្សនេះបានទទួលសម្លេងឆ្នោត នៅព្រឹទ្ធសភាត្រឹមតែ ៣០,៧១% ប៉ុណ្ណោះ។
នៅក្នុងព្រឹទ្ធសភាអ៊ីតាលី ការកំណត់ជោគជ័យរបស់គណបក្សនយោបាយ ក្នុងប្រព័ន្ធបោះឆ្នោត មានលក្ខណៈស្មុគ្រស្មាញ។ គេមិនអោយតំលៃលើលទ្ធផលសរុបនៃសម្លេងឆ្នោត នោះទេ គឺគេគិតគូរជោគជ័យទៅតាមតំបន់វិញ។
ទោះយ៉ាងណា គណបក្សលោក Silvio Berlusconi ក៏មិនមានបានសម្លេងគ្រប់គ្រាន់ ដើម្បីដឹកនាំព្រឹទ្ធសភានោះដែរ។ លើសពីនេះ គណបក្សស្តាំនិយមរបស់ Berlusconi និងរបស់នាយករដ្ឋមន្ត្រីផុតអណត្តិ Mario Monti ក៏មិនបានចុះសម្រុងគ្នា ដើម្បីសំរេចអោយបាននូវសម្លេងលើសលុប ក្នុងព្រឹទ្ធសភានោះឡើយ។ នៅចំពោះមុខវិបត្តថវិកាក្នុងស្រុក លោក Berlusconi តែងតែទំលាក់កំហុសទៅលើលោក Monti ជានិច្ច។ ផ្ទុយទៅវិញគឺលោក Berlusconi នេះឯង ដែលបានសុំអោយលោក Monti ឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសខ្លួន កាលពីជាងមួយឆ្នាំមុន ដោយសារតែខ្លួនមានរឿងអាស្រូវ ស្របនឹងប្រទេសដែលកំពុងតែមានវិបត្តផ្នែកថវិកាផងនោះ។
អ្វីដែលគេកំពុងចាប់អារម្មណ៍នៅពេលនេះ គឺគណបក្សចលនាផ្កាយប្រាំ ដែលអួតខ្លួនថា ដឹកនាំដោយសិល្បករ Beppe Grillo។ គណបក្សនេះបានទទួលសម្លេងរហូតដល់ ២៥% ទាំងក្នុងរដ្ឋសភា និងទាំងក្នុងព្រឹទ្ធសភា។ គណបក្សមួយនេះ អាចទទួលបានអសនៈពី ៥៧ ទៅ៦៣ នៅព្រឹទ្ធសភា ប៉ុន្តែខ្លួនមិនព្រមចូលរួមនៅក្នុងរដ្ឋាភិបាលចំរុះនោះទេ។
ដូច្នេះ អ៊ីតាលីអាចសំរេចបង្កើតបានរដ្ឋាភិបាលថ្មីបាន លុះត្រាតែប្រជាជននាំគ្នាទៅបោះឆ្នោតម្តងទៀត ប៉ុន្តែវាពិបាកនឹងអាចទៅរួចណាស់។ អត្រាអ្នកបោះឆ្នោតរើសអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ក្នុងរយៈពេលពីរថ្ងៃនេះ មាន៧៥%៕ដោយ ព្រំ សឿន សូលីណា (RFI)