ក្រុមប្រទេស ៥ បូក ១សន្យាបន្ធូរបន្ថយទ័ណ្ឌកម្មប្រឆំាងអ៊ីរ៉ង់
នៅថ្ងៃអង្គារ ទី២៦ កុម្ភៈនេះ ក្រុមប្រទេស ៥ បូក ១ ទទួលបន្ទុកការចរចាលើសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ផ្តើមកិច្ចប្រជុំ របស់ខ្លួននៅក្នុងទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន។ ក្រុមប្រទេស ៥ បូក ១ រួមមាន សហរដ្ឋអាមេរិក បារំាង អង់គ្លេស រុស្ស៊ី ចិន បូកប្រទេសអាល្លឺម៉ង់គ្រោងនឹងបន្ធូរបន្ថយទ័ណ្ឌកម្មមួយចំនួនប្រឆំាង នឹងអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់យល់ព្រមបោះបង់ចោលនូវមហិច្ឆតានុយក្លេអ៊ែរ មួយចំនួនរបស់ខ្លួនដែរនោះ។ អ្វីជាការកត់សម្គាល់ នេះជាកិច្ចប្រជុំលើកទីមួយ គិតតំាងពីជាង ៨ខែកន្លងមក។
ជាថ្មីម្តងទៀត សហគមន៍អន្តរជាតិព្យាយាមសម្រុះសម្រួលជាមួយប្រទេសអ៊ីរ៉ង់ស្តីពី សំណុំរឿងនុយក្លេអ៊ែរ។ នៅក្នុងកិច្ចប្រជុំថ្ងៃនេះ ក្រុមប្រទេស ៥ បូក ១ សន្យាកាត់បន្ធយទ័ណ្ឌកម្មមួយចំនួនប្រឆំាងអ៊ីរ៉ង រួមមាន បន្ធូរបន្ធយទ័ណ្ឌកម្មលើពាណិជ្ជកម្មរ៉ែមាស ឧស្សាហកម្មផលិតផលគីមីប្រេងកាត និងបន្ធូរបន្ធយទ័ណ្ឌកម្មលើវិស័យធនាគារជាដើម។ ក៏ប៉ុន្តែ ការធ្វើសម្បទានថ្មីពីសហគមន៍អន្តរជាតិពេលនេះ មិនមែនធ្វើឡើងដោយគ្មានការធ្វើសម្បទានត្រឡប់វិញពីភាគីអ៊ីរ៉ង់ នោះទេ។ អ្វីដែលក្រុមប្រទេស ៥ បូក ១ ចង់បានត្រឡប់វិញពីអ៊ីរ៉ង់នោះ គឺសុំឲ្យទីក្រុងតេហេរ៉ង់បញ្ឈប់ការធ្វើចម្រើនធាតុអ៊ុយរ៉ាញ៉ូម កម្រិត ២០% ដោយខ្លួនឯង បិទមជ្ឈមណ្ឌលនុយក្លេអ៊ែរនៅ Fordo និងការបញ្ជូនធាតុអ៊ុយរ៉ាញ៉ូមទៅចម្រើននៅបរទេសក្នុងកម្រិត ២០%។ ប៉ុន្តែបញ្ហានៅត្រង់ថា ទីក្រុងតេហេរ៉ង់ធ្លាប់បានបដិសេធម្តងហើយលើសំណើទំាងនេះ។
តំាងពីថ្ងៃច័ន្ទ ទី២៥ កុម្ភៈម្សិលមិញ ក្រុមប្រទេស ៥ បូក ១ បានប្រកាសឲ្យដឹងថា ខ្លួនបានរៀបចំសំណើថ្មីមួយដើម្បីធ្វើជាមូលដ្ឋាននៃកិច្ចចរចាប្រកប ដោយការស្ថាបនា និងដែលគ្រប់ភាគីអាចទទួលយកបានទំាងអស់គ្នា។ បើយោងតាមអ្នកនំាពាក្យរបស់លោកស្រីប្រមុខការទូតអឺរ៉ុប Catherine Ashton ឲ្យដឹងថា សំណើថ្មីរបស់សហគមន៍អន្តរជាតិនឹងអាចជួយបិទបញ្ចប់ភាពមន្ទិលសង្ស័យ មួយចំនួនទាក់ទងនឹងការពិតជុំវិញសកម្មភាពនុយក្លេអ៊ែរប្រទេសអ៊ីរ៉ង់។ តែយ៉ាងណាក៏ដោយ ប្រភពស្និទនឹងក្រុមអ្នកចរចាបានបង្ហើបឲ្យដឹងថា សំណើថ្មីរបស់ក្រុមប្រទេស ៥ បូក ១ នៅមិនទាន់មានសមភាពដូចដែលអ៊ីរ៉ងចង់បាននោះទេ។
កាលពីឆ្នំា ២០១២ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានអនុម័តនូវទ័ណ្ឌកម្មមួយចំនួនប្រឆំាងលើវិស័យ ថាមពល និងធនាគាររបស់អ៊ីរ៉ង់។ កាលណោះ បានធ្វើឲ្យចំណូលអ៊ីរ៉ង់បានមកពីការលក់ប្រេងកាតធ្លាក់ចុះរហូត ដល់ទៅ ៤០% ព្រមទំាងរារំាងមិនឲ្យធនាគារអ៊ីរ៉ង់អាចធ្វើចរាចរលុយកាក់ជាមួយ បរទេសទៀតផង។
សូមជម្រាបជូនថា កិច្ចប្រជុំចុងក្រោយរវាងក្រុមប្រទេស ៥ បូក ១ ជាមួយអ៊ីរ៉ង់បានធ្វើឡើងកាលពីខែមិថុនា ឆ្នំា ២០១២ នៅក្នុងទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។ កាលណោះ ទីក្រុងតេហេរ៉ង់បានដាក់សំណើរបស់ខ្លួនដោយសុំឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់អំពីសិទ្ធិរបស់ខ្លួនក្នុងការធ្វើចម្រើនធាតុ អ៊ុយរ៉ាញ៉ូមក្នុងកម្រិត ២០% ដោយខ្លួនឯង។ សម្រាប់ទីក្រុងតេហេរ៉ង់ ការធ្វើចម្រើនធាតុអ៊ុយរ៉ាញ៉ូមនេះ គឺដើម្បីផលិតជាតិបញ្ឆេះសម្រាប់ប្រើប្រាស់នៅក្នុងម៉ាស៊ីនប្រតិកម្ម ស៊ីវិល។ តែក្រុមប្រទេសលោកខាងលិចមិនជឿ និងបន្តចោទអ៊ីរ៉ង់ពីការព្យាយាមផលិតគ្រាប់បែកបរមាណូ៕ដោយ គួច គន្ធារ៉ា (RFI)