រដ្ឋមន្ត្រីការបរទេសស៊ែប៊ីអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា
ភ្នំពេញ ៖ នៅក្នុងជំនួបសំដែងការគួរសម រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តម Ivan Mrkic រដ្ឋមន្ត្រី ក្រសួងការបរទេសស៊ែប៊ី កាលពីថ្ងៃទី ២៦ ខែកុម្ភៈ នៅវិមានសន្តិភាព លោក អ៊ាង សុផល្លែត ជំនួយការ លោក ហ៊ុន សែនបានឲ្យដឹងថា ឯកឧត្តម Ivan Mrkic បានថ្លែងថា លោក បានឃើញ និងស្វែងយល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ កម្ពុជា ដែលលោកសូម សំដែងនូវការរីករាយ និងអបអរសាទរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជានេះ។
ឯកឧត្តម Ivan Mrkic បានបន្តថា ស៊ែប៊ី ចង់ពង្រឹងទំ នាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជា ដោយលោកបានស្នើសុំឲ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ ថ្នាក់ដឹកនាំ ក៏ដូចជាអធិការកិច្ចកម្ពុជា និងស៊ែប៊ី និងបានស្នើឲ្យមានការចុះហត្ថលេខាបន្ថែមទៀត ជាពិសេស ការចុះហត្ថលេខាពាក់ព័ន្ធនឹងការការពារអ្នកវិនិយោគ ជំរុញទេសចរណ៍ និងការលើក លែងទិដ្ឋាការការទូតផងដែរ។
ជាមួយគ្នានោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា គប្បី ភាគីទាំងពីរមានហត្ថលេខាលើកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ ដើម្បីធ្វើយ៉ាងណាឲ្យមានជំនឿទុក ចិត្តអំពីអ្នកវិនិយោគទុនទាំងសងខាង ហើយការចុះហត្ថលេខាលើកលែងទិដ្ឋាការការទូតគួរត្រូវបាន ចុះហត្ថលេខានៅពេលសមស្របណាមួយ។
លោក ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលស៊ែប៊ី ដែលបានរៀបចំលុបចោលបំណុលដែលកម្ពុជាបានជំពាក់ប្រមាណជា ១ លានដុល្លារសហរដ្ឋអាមេរិក កាលពីឆ្នាំ ១៩៦៩ នោះ និង បានថ្លែងអំណរគុណផងដែរចំពោះស៊ែប៊ី ដែលបានជួយកម្ពុជាលើវិស័យអភិវឌ្ឍធនធានមនុស្ស តាម រយៈការផ្តល់អាហារូបករណ៍ចំនួន ៤ ដល់កម្ពុជាសម្រាប់ឆ្នាំ ២០១៣-២០១៤៕