ស្លាប់ ៨ នាក់ និង រងរបួសធ្ងន់ស្រាល ២៥ នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ២៦ កុម្ភៈ
ភ្នំពេញ ៖ យោងតាមនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣បានកើតឡើង ១៦លើក (យប់ ៥លើក), បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ (ប្រុស), របួសធ្ងន់ ១៥នាក់ (ស្រី ម្នាក់), របួសស្រាល ១០ (ស្រី០២នាក់) សរុប២៥នាក់។
ប្រភពដដែលបន្តថាក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើក បានបង្កឲ្យខូចខាតយានយន្តសរុប ២៤គ្រឿង ក្នុងនោះម៉ូតូ ១៥គ្រឿង, រថយន្តធុនតូច ០៧គ្រឿង, រថយន្ត ធុនធំ ០២គ្រឿង និង ថ្មើរជើង ម្នាក់។
ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីអ្នកបើកបរល្មើសល្បឿនកំណត់ ៧លើក, មិនគោរពសិទ្ធិ ៣លើក, ប្រជែង គ្រោះថ្នាក់ ១លើក, បត់គ្រោះថ្នាក់ ១លើក, ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ១១ (យប់ ៤នាក់) និង កត្តាផ្សេងៗ ៤លើក៕