កូរ៉េខាងជើង​គំរាម​កម្ទេច​កងទ័ព​អាមេរិក​បើហ៊ាន​ធ្វើ​សមយុទ្ធ​នៅ​កូរ៉េខាងត្បូង

ជិតមួយសប្តាហ៍ មុនពេល​កងទ័ព​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​បើក​ធ្វើ​សមយុទ្ធ​​ទ្រង់ ទ្រាយ​ធំ ប្រចាំឆ្នាំ ដែល​នឹង​ត្រូវ​ធ្វើ​​រយៈពេល ២ខែ ពី​ខែ​មីនា ដល់​ខែ​មេសា កូរ៉េ​ខាង​ជើង​បាន​ប្រកាស​គំរាម កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ​ថា “នឹង​កម្ទេចកងទ័ព​អាមេរិក” ប្រសិនបើ​ពួកគេ​ហ៊ាន​ចូល​រួម​ធ្វើ​សមយុទ្ធ​ជាមួយ​កូរ៉េ​ខាង​ត្បូង​នេះ​មែន។ ក្នុងពេល​ជាមួយ​គ្នា​នេះ បណ្តាញ​សារព័ត៌មាន​អាមេរិក​បាន​ចុះផ្សាយ​ថា មន្រ្តីរដ្ឋាភិបាល​អាមេរិក​ធ្លាប់​បាន​ធ្វើ​ដំណើរ​ដោយ​សម្ងាត់​ទៅកាន់​កូរ៉េ ​ខាង​ជើង ដល់​ទៅ ២លើក ដើម្បី​ព្យាយាម​សម្រុះសម្រួល​ទំនាក់ទំនង​ជាមួយ​របបកុម្មុយនិស្ត​ព្យុងយ៉ាង។

យោងតាម ​ការចុះផ្សាយ កាល​ពីថ្ងៃ​សៅរ៍ម្សិលមិញ ​របស់​កាសែត The Los Angeles Times មន្រ្តី​រដ្ឋាភិបាល​អាមេរិក​ធ្លាប់​បាន​ធ្វើ​ដំណើរ​​ទៅបំពេញ​ទស្សន កិច្ច​ដោយ ​សម្ងាត់ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង ដល់​ទៅ ២លើក កាល​ពី​ឆ្នាំ​២០១២​កន្លងទៅ។ លើក​ទី១ នៅ​ខែ​មេសា និង​លើកទី២ នៅ​ខែ​សីហា។ គណៈប្រតិ ភូ​នៅ​ក្នុង​ដំណើរទស្សនកិច្ច​នេះ ដឹកនាំ​ដោយ​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ចារ កិច្ច​អាមេរិក។

កាសែត The Los Angeles Times បាន​ដកស្រង់​សម្តី​មន្រ្តី​ជាន់ខ្ពស់​អាមេរិក ដែល​សុំ​មិនបញ្ចេញឈ្មោះ បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ដោយ​សម្ងាត់​ទាំងពីរ លើកនេះ គឺ​ធ្វើ​ឡើង ក្នុង​គោលដៅ បញ្ចុះបញ្ចូល​លោក​គីម ជុងអ៊ុន ឲ្យ​ដាក់ ចេញ​នូវ​​នយោបាយ​ការបរទេស​ទន់ភ្លន់ ដើម្បី​សម្រុះសម្រួល​ទំនាក់ទំនង​ជាមួយ​អាមេរិក។

ក៏ប៉ុន្តែ បើ​មើល​ទៅលើ​ស្ថានភាព​ដ៏តានតឹង នៅ​កូរ៉េ ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា ដំណើរទស្សនកិច្ច​សម្ងាត់​របស់​មន្រ្តី​ចារកិច្ច​អាមេរិក នៅ​កូរ៉េ​ខាងជើង កាល​ពីឆ្នាំ​ទៅមិញ​នេះ ប្រហែល​ជា​មិន​ទទួលបាន​លទ្ធផល​អ្វី​នោះទេ។ គេ​ឃើញ​ថា លោក​គីម ជុងអ៊ុន មេដឹកនាំ​វ័យក្មេង ដែល​បាន​ស្នង តំណែង ពី​ឪពុក នៅតែ​​បន្ត​អនុវត្ត​នយោបាយ​តឹងរ៉ឹង​ចំពោះ​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក។

ក្រោមការ​ដឹកនាំ​របស់​លោក​គីម ជុងអ៊ុន កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​ប្រកប ដោយ​ជោគជ័យ​នូវ​រ៉ុកកែត​ផ្ទុក​ ផ្កាយរណប កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១២។ ការបាញ់​សាកល្បង​ផ្កាយរណប ដែល​សហគមម៍​អន្តរជាតិ​យល់ថា​ជា​លេស ដើម្បី​សាកល្បង​បច្ចេកវិទ្យា​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប។ ប្រមាណ​ជាពីរខែ​ក្រោយ​មកទៀត លោក​គីម ជុងអ៊ុន ក៏​បាន​សម្រេច​ឲ្យ​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ក្រោម​ដី​ម្តងទៀត។ គឺ​ជាការ​សាកល្បង​លើកទី៣ ហើយ​ដែល​អ្នក​ជំនាញ​ភាគច្រើន​យល់ថា ជា​ការ​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​មួយ។

ចាប់ពីពេលនោះមក គេឃើញ​ថា កូរ៉េ​ខាងជើង​ចេះតែ​បន្ត​គំរាម​ស្ទើរតែ​រៀងរាល់​ថ្ងៃ ចង់​​ប្រើ​កម្លាំង វាយប្រហារ​ទៅលើ​កូរ៉េ​ខាងត្បូង។ កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ កូរ៉េ​ខាងជើង​ក៏​បាន​បន្ត​គំរាម​​ទៅដល់​អាមេរិក​បន្ថែមទៀត គឺ​គំរាម​ថា​នឹង​​​កម្ទេច​កងទ័ព​អាមេរិក ប្រសិន​បើ​ពួកគេ​ហ៊ាន​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​កងទ័ព​កូរ៉េ​ខាង​ត្បូង នៅ​ខែ​ក្រោយ​នេះ។

គួរបញ្ជាក់ឡើងវិញ​ថា បច្ចុប្បន្ន​នេះ អាមេរិក​មាន​កងទ័ព​ចំនួន​ជាង ២ម៉ឺន ៨ពាន់​នាក់ ដែល​កំពុង​ឈរជើង​​ជា​អចិន្រ្តៃយ៍ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ទាហាន​អាមេរិក​ប្រមាណ​ជា ១ម៉ឺននាក់ នឹង​ត្រូវ​ចូលរួម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំមួយ ជាមួយ​កងទ័ព​កូរ៉េ​ខាង​ត្បូង ដែល​ចាប់ផ្តើម​ធ្វើ​ពី​ថ្ងៃទី១​មីនា រហូតដល់​ថ្ងៃទី៣០​មេសា។

សមយុទ្ធរួមគ្នា រយៈពេល ២ខែ​នេះ គឺ​ជា​សមយុទ្ធ ដែល​កងទ័ព​អាមេរិក និង​កងទ័ព​កូរ៉េ​ខាង​ត្បូង​តែងតែ​រៀបចំ​ធ្វើ​ជារៀងរាល់​ឆ្នាំ ហើយ​ដែល​របបដឹកនាំ​ក្រុង​ព្យុង យ៉ាង​តែងតែ​​ចាត់ទុក​ថា​ជាការ​សមជើងគ្នា ត្រៀម​វាយលុក​ឈ្លានពាន​​ចូល​ក្នុង​ទឹកដី​កូរ៉េ​ខាង​ជើង៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close