ស៊ែរប៊ី យល់ព្រមលុបបំណុលដែលកម្ពុជាជំពាក់
ភ្នំពេញ៖ នៅថ្ងៃទី២៦ កុម្ភៈ ២០១៣នេះ ប្រមុខការទូតកម្ពុជា និងស៊ែរប៊ី អតីតប្រទេសយូហ្គោស្លាវី បានឈានដល់កិច្ចព្រមព្រៀងមួយដែលប្រទេសអឺរ៉ុបប៉ែកខាងកើតមួយនេះ បានយល់ព្រមលុបបំណុលដែលកម្ពុជាជំពាក់ប្រមាណ១លានដុល្លារ នាទសវត្សរ៍ឆ្នាំ១៩៦០។
ក្រោយជំនួប លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា រដ្ឋមន្រ្តីទាំងពីរបានឈានដល់ការព្រមព្រៀងហើយ ហើយក៏នឹងមានការមកបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិ ស៊ែរប៊ីនាពេលខាងមុខនៅកម្ពុជាផងដែរ។
លោកហោ ណាំហុង បានបញ្ជាក់ថា “យើងនឹងផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច ធុរជន រវាងប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណា ធ្វើឲ្យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ រីកចំរើននាពេលអនាគត ។ ក្នុង ដំណើរទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣នេះ លោក Ivan MarKic ក៏បានសន្យាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឲ្យទៅបន្តការសិក្សា នៅប្រទេសស៊ែរប៊ីផងដែរ៕