គំនិតផ្តួចផ្តើមថ្មីត្រូវបានអនុវត្តដើម្បីការពារទាហានកុមារ
វាមានរយៈពេលជាងមួយទសវត្សរ៍មកហើយ ចាប់តាំងពីសង្គ្រាមស៊ីវិលបានបញ្ចប់នៅក្នុងប្រទេស សេរ៉ាឡេអូន (Sierra Leone)។ នៅក្នុងអំឡុងពេលសង្គ្រាម មនុស្សចំនួន៥ម៉ឺននាក់ត្រូវបានសម្លាប់និងមនុស្សរាប់លាននាក់បាត់ បង់ទីជម្រក។ ទាហានកុមារបានដើរតួនាទីដ៏សំខាន់នៅក្នុងជម្លោះនោះ ខណៈដែលក្រុមឧទ្ទាមបានជ្រើសរើសកុមារដើម្បីកាន់អាវុធ ប្រយុទ្ធ និងត្រូវបានប្រើប្រាស់ជាទាសករផ្លូវភេទ និងគិញសម្ងាត់។ ឥឡូវនេះ ក្រុមអង្គការមិនរកប្រាក់ចំណេញកំពុងព្យាយាមជួយឲ្យប្រទេស សេរ៉ាឡេអូន មានការផ្លាស់ប្តូរមុខមាត់របស់ខ្លួន និងក្លាយទៅជាអ្នកដឹកនាំនៅក្នុងយុទ្ធនាការប្រឆាំងនឹងការ ប្រើប្រាស់ទាហានកុមារនៅទ្វីបអាហ្វ្រិក។ Nina deVries រាយការណ៍សម្រាប់ព័ត៌មានរបស់វីអូអេ ពីទីក្រុង ហ្វ្រីថោន (Freetown)។
អាដាម៉ា (Adama) ដែលមានវ័យ២៧ឆ្នាំ (មិនមែនជាឈ្មោះពិតរបស់នាងទេ) ត្រូវបានជ្រើសរើសដោយក្រុមឧទ្ទាមនៅភាគខាងជើងនៃប្រទេស សេរ៉ាឡេអូន ក្នុងអំឡុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ។
« ពួកគេស្នើសុំឪពុកខ្ញុំដើម្បីរួមភេទជាមួយខ្ញុំ ឪពុកខ្ញុំបដិសេធ។ នៅពេលគាត់បដិសេធ ឪពុកខ្ញុំត្រូវបាត់បង់ជីវិត។ ការមើលឃើញឪពុករបស់អ្នកត្រូវបានសម្លាប់យ៉ាងឃោរឃៅនៅចំពោះមុខ បែបនេះ វាមិនមែនជារឿងងាយស្រួលទេ»។
នៅពេលនោះ ក្រុមឧទ្ទាមបានចាប់រំលោភនាងនៅអាយុ១២ឆ្នាំ។
អាដាម៉ា ថ្លែងថា នាងបានចំណាយពេលពីរឆ្នាំនៅជាមួយក្រុមឧទ្ទាម ដែលមានឈ្មោះថា រណសិរ្សរួបរួមបដិវត្តន៍ (RUF)។
នាង និយាយថា ជាទូទៅ នាងបានក្លាយទៅជាទាសករផ្លូវភេទជាអចិន្ត្រៃយ៍សម្រាប់ពួកគេ ប៉ុន្តែប្រពន្ធរបស់ឧត្តមសេនីយ៍ត្រីចូលចិត្តនាង ហើយនាងគ្រាន់តែធ្វើការដាំស្លរនិងបោសសម្អាតសម្រាប់សមាជិករបស់ក្រុម RUF តែប៉ុណ្ណោះ។
ឬធ្វើជាគិញសម្ងាត់។
«ដូច្នេះយើងគឺជាអ្នកដែលពួកគេបញ្ជូនក្នុងនាមជាអ្នកស៊ើបការណ៍សម្ងាត់ដើម្បី ប្រមូលព័ត៌មានឱ្យពួកគេ។ដូច្នេះយើងត្រឡប់មកវិញហើយនិយាយថា មានក្រុម ទាហាននិងប៉ូលីសជាច្រើននៅជុំវិញនោះ ហើយពួកគេត្រូវត្រៀមខ្លួដើម្បីប្រយុទ្ធ »។
នៅ ទីបំផុត នាងអាចរត់គេចទៅកាន់ប្រទេស ហ្គីណេ (Guinea) ដែលនៅទីនោះ នាងបានទទួលឋានៈជាជនភៀសខ្លួន មុនពេលវិលត្រឡប់មកប្រទេស សេរ៉ាឡេ អូន វិញ នៅពេលដែលសង្គ្រាមបានបញ្ចប់។
កុមារ រាប់ពាន់នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនដោយក្រុមឧទ្ទាមនៅ ក្នុងអំឡុងពេលសង្គ្រាម ស៊ីវិលរបស់ សេរ៉ាឡេអូន មានរឿងរ៉ាវប្រហាក់ប្រហែលគ្នាអីចឹងដែរ នេះបើយោងតាមអង្គការដែលមានមូលដ្ឋាននៅប្រទេសកាណាដា ដែលមានឈ្មោះថា គំនិតផ្តួចផ្តើមសម្រាប់ទាហានកុមារ រ៉ូម៉ីអូ ដាលែរ (Roméo Dallaire Child Soldiers Initiative)។
អង្គការនេះ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៨ដោយ លោក រ៉ូម៉ីអូ ដាលែរ (Roméo Dallaire) ដែលជាឧត្តមសេនីយ៍ឯកចូលនិវត្តន៍ និងអតីតមេបញ្ជា ការកងកម្លាំងរបស់បេសកកម្មជំនួយរបស់អង្គការ សហប្រជាជាតិសម្រាប់ប្រទេស រ្វ៉ាន់ដា (U.N. Assistance Mission for Rwanda) បានប៉ាន់ស្មានថា កុមារចំនួន១ម៉ឺននាក់បានក្លាយជាជនរងគ្រោះនៅក្នុងកំណែនយោធានៅប្រទេស សេរ៉ាឡេអូន។
លោកស្រី សេលី វ៉ាយម៉ាន (Shelly Whitman) គឺជានាយកប្រតិបត្តិនៃអង្គការនេះ។ លោកស្រីថ្លែងថា គំនិតផ្តួចផ្តើមនេះមានគោលដៅបង្កើតការបណ្តុះ បណ្តាលនិងកម្មវិធីអប់រំដើម្បីទប់ស្កាត់ការប្រើប្រាស់ទាហានកុមារនាពេលអនាគត។
លោកស្រី វ៉ាយម៉ាន និយាយថា អង្គការនេះមានផែនការដើម្បីធ្វើការជាមួយក្រុមយោធានិងប៉ូលីសនៅក្នុងប្រទេស សេរ៉ាឡេអូន ក៏ដូចជាធ្វើការជាមួយក្រុមយុវជនផងដែរ។
«ដូច្នេះ ការបង្រៀនកុមារថា ប្រសិនបើជម្លោះផ្ទុះឡើង អ្នកត្រូវដឹងថា អ្នកអាចត្រូវបានចាប់ខ្លួនដោយក្រុមប្រដាប់អាវុធ។ យើងបានផ្តល់យោបល់របៀបនេះ ថាតើអ្នកត្រូវធ្វើដូចម្តេចដើម្បីគេចពីការចាប់ខ្លួន ប្រសិនបើអ្នកត្រូវបានចាប់ខ្លួន។ នេះគឺជាការចង្អុលបង្ហាញមួយចំនួន អំពីរបៀបគេចចេញពីការចាប់ខ្លួន»។
លោកស្រី វ៉ាយម៉ាន និយាយថា គំនិតផ្តួចផ្តើមទាហានកុមារបានបណ្តុះបណ្តាលកងទ័ពនៅជុំវិញពិភពលោក អំពីរបៀបក្នុងការដោះស្រាយជាមួយទាហានកុមារ នៅក្នុងសមរភូមិ ប៉ុន្តែនេះគឺជាលើកទីមួយហើយ ដែលអង្គការនេះកំពុងសហការដោយផ្ទាល់ជាមួយប្រទេសមួយ សម្រាប់កម្មវិធីនៅទូទាំងប្រទេសនេះ។
«ចុះប្រសិន បើអ្នកចាត់ទុកកម្មវិធីនេះថាជាការបង្កើតជាគំរូមួយ អំពីរបៀបដែលពិភពលោកទាំងមូល អាចទប់ស្កាត់ការប្រើប្រាស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ និងអនុវត្ត និងយកគំរូតាមកម្មវិធីនេះ ដូច្នេះវាអាចត្រូវបានប្រើប្រាស់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of Congo) ឬ សូម៉ាលី (Somalia) ឬបណ្តាញផ្សេងទៀតនៅជុំវិញពិភពលោក។
លោក កាលីយ៉ា ស៊ីសាយ (Kalia Sesay) គឺជាមន្ត្រីសម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាពរបស់ប៉ូលី នៅទីក្រុង ហ្វ្រីថោន រដ្ឋធានីរបស់ប្រទេសសេរ៉ាឡេអូន។
លោក និយាយថា ឥឡូវនេះ អតីតទាហានកុមារជាច្រើនត្រូវបានធ្វើសមាហរណកម្មចូលទៅក្នុងសង្គម វិញហើយ ប៉ុន្តែការស្តារនីតិសម្បទាឡើងវិញបន្ថែមទៀត អាចបន្តធ្វើថែមទៀត។ អតីតទាហានកុមារមួយចំនួនបានបន្តរស់នៅជាមួយនឹងជីវិតញៀនថ្នាំនិង អំពើឧក្រិដ្ឋកម្ម។
«ប្រហែលជាមានស៊ុតខូចមួយឬ ពីរគ្រាប់ ដែលត្រូវការការស្តារនីតិសម្បទាឡើងវិញ ហើយវាគឺជាការព្រួយបារម្ភរបស់ក្រុមប៉ូលីស ដែលយើងត្រូវតែធ្វើកិច្ចការនេះ»។
កន្លងមក អាដាម៉ា មានការរីករាយ ដែលអង្គការគំនិតផ្តួចផ្តើមនេះកំពុងកើតឡើង។ នាងនិយាយថា វាជាការលំបាកនៅក្នុងការត្រូវបានទទួលយកចូលទៅក្នុងក្នុងសង្គមវិញ ដោយសារតែអតីតកាលរបស់នាង។
«នៅពេលដែលរឿងរ៉ាវ ទាំងនេះបានកើតឡើង មានស្លាកស្នាមអាក្រក់នៅជុំវិញយើង។ មនុស្សមួយចំនួនថែមទាំងមិនហ៊ានចូលមកជិតយើង និងប្រាស្រ័យទាក់ទងជាមួយយើង។ ដូច្នេះ ខ្ញុំគិត ជាមួយនឹងកម្មវិធីនេះ អ្វីៗនឹងអាចផ្លាស់ប្តូរ។
គម្រោង នេះត្រូវបានរំពឹងថា នឹងមានប្រតិបត្តិការពេញលេញនៅក្នុងប្រទេស សេរ៉ាឡេអូន នៅត្រឹមខែមិថុនានេះ៕ប្រែសម្រួលដោយ លី សុខឃាង (VOA)