ឈ្លោះគ្នាជាមួយប្តីទ្រាំមិនបានពេលប្តីមិននៅដុតផ្ទះឆេះអស់
ភ្នំពេញ៖ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ស្ត្រីម្នាក់ស្រវឹងស្រាឈ្លោះប្រកែកគ្នាជាមួយប្តីហើយពេលប្តីមិន នៅផ្ទះលួចទិញសាំងដុតផ្ទះម៉ត់ ក្នុងក្រុមទី៥ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ឯប្តីនិងសាច់ញាតិបានត្រឹមសម្រក់ទឹកភ្នែកស្ដាយផ្ទះ ដែលស្ត្រីជាប្រពន្ធចិត្តសាហាវដុតចោល។
ទាក់ទិននឹងការឆេះខាងលើនេះ មុនពេលកើតហេតុ ស្ត្រីឈ្មោះ ឈើត ស្រីម៉ៅ បានទៅផឹកស្រានៅផ្ទះលក់ចាប់ហួយមួយកន្លែងក្នុងភូមិ ពេលស្រវឹង បានត្រឡប់មកផ្ទះរករឿងប្តីបង្កជាទំនាស់ពាក្យសម្តីគ្នា បន្តិចបន្តួច បុរសជាប្តីឈ្មោះ ជុន ចាន់ បានខាំមាត់សង្កត់ចិត្តដើរចេញពីប្រពន្ធ មិនចង់ឲ្យមានរឿង ប៉ុន្តែប្រពន្ធចិត្តតិរច្ឆាន បានលួចទៅទិញសាំងមកដុតផ្ទះចោលខ្ទេចម៉ត់អស់ខាននៅ
។ ជុំវិញហេតុការណ៍នេះដែរ ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ច និងកងរាជអាវុធហត្ថខណ្ឌ បានអន្តរាគមន៍ជួយពន្លត់ដែរប៉ុន្តែ ដោយសារតែអណ្តាតភ្លើងឆាបឆេះខ្លាំង និងមានខ្យល់មកខ្លាំងនោះ ក៏មិនអាចទប់ស្កាត់បានទើបបណ្ដោយឲ្យអគ្គិភ័យនេះ ឆេះបំផ្លាញផ្ទះពីរខ្នងខាងលើ ម៉ត់គ្មានសល់តែម្តងទៅ។
ស្ត្រីខាងលើនេះ មានឈ្មោះ ឈើត ស្រីម៉ៅ អាយុ៤០ឆ្នាំ និងប្តីឈ្មោះ ជុន ចាន់ អាយុ៤២ឆ្នាំ មុខរបរជាកសិករ។ បន្ទាប់ពីកើតហេតុ ដោយសារតែទទួលបានដំណឹងពីប្រជាពលរដ្ឋថា ស្ត្រីឈ្មោះ ឈើត ស្រីម៉ៅ ជាអ្នកដុតផ្ទះ សមត្ថកិច្ចក៏សម្រេចឃាត់ខ្លួនស្ត្រីរូបនេះ ទៅកាន់ទីស្នាក់ការប៉ុស្តិ៍សាក់សំពៅ ដើម្បីធ្វើការសាកសួរ៕ ហេង នាង