ការផ្លាស់ប្តូរអាកាសធាតុផ្តល់ការសន្យាសម្រាប់ ចិន និង រុស្ស៊ី
ជនជាតិអាមេរិកាំងបានឃើញពី គុណវិបត្តិពិតប្រាកដនៃការប្រែប្រួល អាកាសធាតុ នៅពេលដែលខ្យល់ព្យុះ សេនឌី (Sandy) បានវាយប្រហារទៅលើទីក្រុង ញ៉ូវយ៉ក (New York) កាលពីខែតុលា។ អ្នកវិទ្យាសាស្ត្រមួយចំនួន បាននិយាយថា ការរលាយទឹកកកនៅតំបន់ អាក់ទិក (Arctic) បានរួមចំណែកដល់ការបង្កើតខ្យល់ព្យុះយ៉ាងធំបំផុតដែលមិន ធ្លាប់មាន នៅក្នុងមហាសមុទ្រ អាត្លង់ទិក (Atlantic)។ ប៉ុន្តែ ជនជាតិ រុស្ស៊ី និង ចិន បានឃើញពីគុណសម្បត្តិនៃការរលាយទឹកកកនៅក្នុងតំបន់ អាក់ទិក ទៅវិញ។ James Brooke រាយការណ៍ពីទីក្រុង ម៉ូស្គូ (Moscow)។
តើ ការផ្លាស់ប្តូរអាកាសធាតុ អាចប្រែក្លាយតំបន់អាក់ទិករបស់ រុស្ស៊ី ទៅជាជម្រើសផ្លូវទឹក តំបន់ប៉ូលខាងជើងមួយទៀត បន្ថែមពីលើព្រែកជីក ស៊ុយអេ (Suez Canal) បានដែរឬទេ?
ជនជាតិរុស្ស៊ីមួយចំនួនគិតឃើញដូច្នេះ ដោយសារតែពួកគេបានបន្ថែមលទ្ធផលពីរដូវដឹក ជញ្ជូននារដូវក្តៅនៅ តំបន់អាក់ទិក ដែលបានបិទកាលពីថ្ងៃពុធ។ មានកំណត់ហេតុនៃការឆ្លងកាត់ចំនួន៤៧លើក ដោយនាវាដឹកទំនិញរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលមានចំនួនស្ទើរតែ១២ដងនៃចំនួនដឹកជញ្ជូនកាលពីពីរឆ្នាំមុន។
តើវាជាភាពខុសប្លែកគ្នាមែនទេ? នេះគឺជាការរលាយទឹកកកនៅតំបន់អាក់ទិក។
កាល ពីខែកញ្ញា ផ្កាយរណបរបស់សហរដ្ឋអាមេរិក កត់ត្រាពីការរួញតូចយ៉ាងខ្លាំងបំផុតនៃទឹកកកនៅតំបន់អាក់ទិក ចាប់តាំងពីការកត់ត្រានេះបានចាប់ផ្តើមធ្វើកាលពី៣៣ឆ្នាំមុន។នារដូវក្តៅនេះទំហំទឹកកកបានថយចុះរហូតដល់៣,៤លានគីឡូម៉ែត្រការេ ដែល មាន ចំនួនប្រហែលពាក់កណ្តាល ដែលត្រូវបានកត់ត្រាទុកនៅទសវត្សរ៍ឆ្នាំ១៩៨០ និងទសវត្សរ៍ឆ្នាំ១៩៩០។
ជាមួយ នឹងការបើកចំហរផ្លូវទឹកកាន់តែច្រើន ជលវិទូសហរដ្ឋអាមេរិកបានព្យាករណ៍ថា បរិមាណនៃការដឹកទំនិញនឹងកើនឡើងចំនួន៥០ដងនៅទសវត្សរ៍នេះ ចាប់តាំងពីកម្រិតឆ្នាំនេះទៅ។ សម្រាប់អឺរ៉ុបភាគខាងជើងវិញ ផ្លូវឆ្លងកាត់តំបន់អាក់ទិករបស់ រុស្សី អាចកាត់បន្ថយបានចម្ងាយ៧ពាន់គីឡូម៉ែត្រ នៅក្នុងការធ្វើដំណើរតាមលំនាំ ទៅទ្វីបអាស៊ីដោយឆ្លងកាត់តាមព្រែកជីក ស៊ុយអេ របស់ អេហ្ស៊ីប (Egypt)។
ប្រទេស ចិនកំពុងធ្វើការកត់សម្គាល់ ដោយបានបញ្ជូននាវាដំបូងបង្អស់របស់ខ្លួនឆ្លងកាត់តាមផ្លូវតំបន់ អាក់ទិករបស់ រុស្ស៊ី។ កប៉ាល់បំបែកទឹកកកឈ្មោះស្នូដ្រាហ្គិន (Snow Dragon) បានចេញដំណើរពីប្រទេសចិនទៅកាន់ប្រទេស អាយស៍ឡែន (Iceland) ហើយវិលត្រឡប់មកវិញ និងចូលចតនៅទីក្រុង សៀងហៃ (Shanghai) កាលពីខែកញ្ញា។
លោក សើហ្គេ បាលម៉ាសូវ (Sergey Balmasov) ជនជាតិរុស្ស៊ីដែលគ្រប់គ្រងការរិយាល័យព័ត៌មានភស្តុភារបស់តំបន់ អាក់ទិកនៅភាគខាងជើងនៃប្រទេស ន័រវេស (Norway)ថ្លែងថា ការបើកផ្លូវទឹកនិងរដូវដឹកជញ្ជូនដែលមានរយៈពេល៥ខែនេះ អនុញ្ញាតិ ឲ្យនាវាដឹកទំនិញមួយចំនួនធ្វើដំណើរចុះឡើងឆ្លងកាត់ប្រទេស រុស្ស៊ី នៅរដូវក្តៅ។
«ឧបសគ្គធំបំផុតគឺការខ្វះខាតនាវា។ ហើយនិងការខ្វះទំនិញសម្រាប់ដឹកជញ្ជូនទៅវិញ»។
ប្រហែល ជាពាក់កណ្តាលនៃទំនិញគឺជាផលិតផលប្រេង ដោយរាប់ទាំងការឆ្លងកាត់លើកដំបូងនៃឧស្ម័នធម្មជាតិរាវៗ ដែលជាការធ្វើដំណើរពីប្រទេស ន័រវេស ទៅកាន់ប្រទេស ជប៉ុន។
លោក អ៊ីវ៉ាន ប្លូកូវ (Ivan Blokov) ដែលនាយកផ្នែកយុទ្ធនាការនៃអង្គការសន្តិភាពបៃតងរបស់រុស្ស៊ី (Greenpeace) បានព្រមានថា កប៉ាល់ដឹកប្រេង បានគំរាមកំហែងដល់ប្រព័ន្ធបរិស្ថានដ៏ផុយស្រួយរបស់តំបន់អាក់ទិក។
«ការ ដឹកប្រេងឬសារធាតុគ្រោះថ្នាក់ដទៃទៀត ឆ្លងកាត់តាមផ្លូវនៅតំបន់ប៉ូលខាងជើងនេះ គួរត្រូវបានដកចេញដោយមានការធានា១០០ភាគរយ ដោយសារអ្នកនឹងមិនអាចប្រាកដក្នុងចិត្តទេថានឹងគ្មានគ្រោះថ្នាក់ កើតឡើង»។
កាល ពីពេលថ្មីៗនេះ លោក ប្លូកូវ បានទស្សនាកំពង់ផែនៅ អាឡាស្កា (Alaska) ដែលកប៉ាល់ដឹកប្រេង អិចហ្សន់ វាល់ដេស (Exxon Valdez) បានធ្វើឱ្យកំពប់ប្រេងកន្លះលានធុងកាលពីឆ្នាំ១៩៨៩។ លោកថ្លែងថា វាបានចំណាយពេលអស់១៥ឆ្នាំនិងទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បី សម្អាត។ អង្គការសន្តិភាពបៃតងផ្តល់បេសកកម្មដល់ការសិក្សាអំពីអ្វីដែលនឹង កើតឡើង ប្រសិនបើមានការកំពប់ប្រេងស្រដៀងគ្នានេះដែរនៅតំបន់អាក់ទិករបស់ រុស្ស៊ី។
លោកប្លូកូវ មានប្រសាសន៍ទៀតថា
«សេចក្តី សន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រគឺថា ប្រេងដែលកំពប់ប្រមាណ១០ភាគរយច្រើន បំផុតអាចត្រូវបានប្រមូលមកវិញ ហើយថាឆ្នេរតំបន់អាក់ទិករាប់ម៉ឺនគីឡូម៉ែត្រអាចត្រូវបំពុល»។
លោក បាលម៉ាសូវ (Balmasov) អ្នកតស៊ូមតិចំពោះច្រកដឹកជញ្ជូនប៉ូលខាងជើងរបស់ រុស្ស៊ី ថ្លែងថា ច្បាប់នៃការដឹកជញ្ជូនតាមនាវារបស់ពិភពលោក មានភាពប្រសើរឡើងយ៉ាងខ្លាំងក្នុងរយៈពេលជិតមួយត្រីមាសនៃសតវត្សរ៍ នេះ ចាប់តាំងពីប្រេងបានកំពប់ពីកប៉ាល់ Valdez ដែលជាកប៉ាល់ដឹកជញ្ជូនដែលមានធុងប្រេងតែមួយគត់។
«វិធី សាស្ត្រទូទៅគឺមិនត្រូវមានឧបទ្ទវហេតុកើតឡើងទាល់តែសោះ។ ឥឡូវនេះ រុស្ស៊ី មានបទបញ្ជារយ៉ាងតឹងរឹង ទាក់ទងនឹងបរិស្ថាន។ នាវាទាំងអស់ត្រូវតែមានបាតពីរជាន់។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ យកថ្លៃទៅលើកប៉ាល់ប្រភេទ បំបែកទឹកកកដើម្បីឆ្លងកាត់តាមតំបន់អាក់ទិក របស់ រុស្ស៊ី នារដូវក្តៅ ដូចពួកគេយកថ្លៃចំពោះកប៉ាល់ដែលឆ្លងកាត់តាមព្រែកជីក ស៊ុយអេ និងចូលទៅក្នុងដែនទឹកដែលសម្បូរទៅដោយចោរសមុទ្រនៅត្រង់ម្តុំ ទ្វីបអាហ្វ្រិកខាងកើត។
មនុស្ស គ្រប់រូបយល់ស្របថា ក្រុមនាវិកដែលឆ្លងកាត់តាមដែនទឹកតំបន់អាក់ទិក គួរត្រៀមខ្លួនចំពោះរឿងរ៉ាវដែលនឹកស្មានមិនដល់។
កាល ពីខែសីហាមុន លោក ហាមថុន សាយដ៍ (Hampton Sides) ដែលជាអ្នកនិពន្ធជាតិអាមេរិកាំង បានធ្វើដំណើរតាមកប៉ាល់ទេសចរណ៍មួយឆ្លងកាត់តាមច្រកសមុទ្រ ប៊ើរីង (Bering Strait) ចូលទៅក្នុងអ្វីដែលគួរតែជាផ្លូវទឹក ដែលត្រូវបានបើកនៅតំបន់អាក់ទិករបស់ រុស្ស៊ី។
«យើង បានធ្វើដំណើរកាត់តាមវាលទឹកកក។ កប៉ាល់រុលទៅមុខបន្តិចៗហើយជាប់គឿងអស់ជាច្រើនដង ហើយរកផ្លូវតាមលំនាំផ្លូវផ្សេងទៀត នៅក្នុងទឹកកក ដើម្បីទៅដល់កន្លែងដែលយើងចង់ទៅ»។
រឿង ដែលមិននឹកស្មានដល់គឺថា ខ្យល់បក់ខ្លាំងបានរុញច្រានទឹកកកទៅកាន់ទីកន្លែងដែលវាមិនគួរទៅ។ លោក សាយស៍ បាននិយាយអំពីនាវិកកប៉ាល់មួយរូប ដែលជាជនជាតិ រុស្ស៊ី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅតំបន់ប៉ូលខាងជើងដ៏ខ្ពស់នេះ។
«លោក ធ្លាប់មកតំបន់អាក់ទិកជាច្រើនដង។ លោកមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង។ អ្នកអាចសម្គាល់ទឹកមុខប្រកបដោយការព្រួយបារម្ភ។ នេះជារឿងដែលមិននឹកស្មានដល់»។
អ្នកទេសចរ មានការខកចិត្ត។ ពួកគេបានចំណាយថវិការាប់ពាន់ដុល្លារដើម្បីមើលខ្លាឃ្មុំតំបន់ប៉ូលនៅ កោះ វ្វ្រាំងហ្គេល (Wrangel) របស់រុស្ស៊ី។
«អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដោយសារតែគ្មានទឹកកក ខ្លាឃ្មុំតំបន់ប៉ូលបានធ្វើដំណើរទៅទីនោះក្នុងចំនួនយ៉ាងច្រើន។ហើយនារដូវក្តៅឆ្នាំនេះយើងមិនអាចរក ឃើញ ខ្លាឃ្មុំតំបន់ប៉ូល នៅលើកោះនេះទាល់តែសោះ ដោយសារតែខ្លាឃ្មុំទាំងនោះបានធ្វើដំណើរចេញតាមទឹកកក ដែលខ្លាឃ្មុំទាំងនោះចង់រស់នៅ»។
មេរៀនមួយអំពីការផ្លាស់ប្តូរអាកាសធាតុនៅតំបន់អាក់ទិករបស់ រុស្ស៊ី គឺ ៖ រំពឹងរឿងដែលមិនគួរកើតឡើង៕ប្រែសម្រូលដោយ លី សុខឃាង (VOA)