ម៉េង កែវពេជ្ជតា ឆេះដុំរឿងគេថាវាយឬក
ភ្នំពេញ៖ តារាចម្រៀងសំនៀងរ៉ៃកណ្តឹងអ្នកនាង ម៉េង កែវពេជ្ជតា បានចេញមកប្រឆាំងប្រតិកម្មទាស់ពាក់ព័ន្ធទៅនឹងការលើកឡើងមួយចំនួនដែលបានចោទប្រកាន់មកលើរូបនាងថា មានភាពឆ្មើងឆ្មៃ និងវាយឬកនៅពេលមានការអញ្ចើញឲ្យឡើងច្រៀងម្តងៗ។
តារាចម្រៀងមេម៉ាយកូនពីររូបនេះហាក់ក្តៅស្លឹកត្រចៀកទៅនឹងព័ត៌មានទាំងនោះ ដោយនាងបានលើកឡើងនូវជំហររបស់ខ្លួនថា ចាប់តាំងពីនាងបានសាងកេរ្តិ៍ឈ្មោះរហូតមកដល់ចំណុចលេចធ្លោនាពេលនេះគឺនាងមិនដែលបានប្រកាន់ឬណាមួយក្នុងការស្នើសុំឲ្យមានការចេញច្រៀងតាមការគ្រគុំតន្ត្រីផ្សេងៗឡើយ។
តារាចម្រៀងចាស់វស្សារូបនេះរឹតតែមិនអាចទទួលយកបានទៅទៀតនៅពេលដែលគេបានចោទប្រកាន់មកលើរូបនាងថា មានការប្រកាន់ប៉ុស្តិ៍ទូរទស្សន៍មួយចំនួនដែលបានអញ្ជើញនាងឲ្យមកច្រៀង ដោយសារតែរូបនាងគិតថាប៉ុស្តិ៍ទូរទស្សន៍នោះមិនសូវទទួលការចាប់អារម្មណ៍ពីអ្នកទស្សនាដែលជាហេតុធ្វើឲ្យនាងខូចក្រេឌីតក្នុងនាមនាងជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេងនៅក្នុងសង្គមសិល្បះខ្មែរ។នាងបានចាត់ទុកការលើកឡើងទាំងនោះគឺមានការផ្ទុយស្រឡះទាំងស្រុងទៅនឹងអត្តចារិកនៅក្នុងវិស័យសិល្បះរបស់នាងដែលបានប្រតិបត្តិរហូតមកដល់បច្ចុប្បន្ននេះ។ នាងបញ្ជាក់ថា នាងតែងតែទទួលយកការស្នើសុំឡើងច្រៀងនៅគ្រប់បណ្តាលប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ មិនថាប៉ុស្តិ៍ណាមិនល្បីឬក៍ល្បីនោះឡើយ បញ្ហាដែលសំខាន់គឺការអញ្ចើញនោះគឹចំពេលដែលនាងមិនមានការរវល់។នាងបន្ថែមថា មូលហេតុដែលនាំឲ្យនាងបានបដិសេធចំពោះការស្នើសុំពីប៉ុស្តិ៍ទូរទស្សន៍ណាមួយនោះគឺមិនមែនជាការវាយឬកឬក៍ឆ្មើងឆ្មៃឡើយ តែផ្ទុយទៅវិញការអញ្ជើញរបស់ពួកគាត់នោះគឺចំពេលដែលនាងមានការមមាញឹកខ្លាំងមិនអាចដកឃ្លាបាន។
ទោះជាយ៉ាងណានាងហាក់មិនសប្បាយចិត្តចំពោះការលើកឡើងទាំងនោះឡើយ ដោយសារវាបានធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងអាជីពសិល្បះរបស់នាងដែលខំសាងមកជាយូរហើយនេះ។ នាងយល់ថា ក្នុងនាមជាអ្នកសិល្បះម្នាក់ និងក្នុងនាមជាតារារាមច្បងនៅក្នុងវិស័យសិល្បះខ្មែរម្នាក់ដែរនោះ នាងតែងតែប្រតិបត្តិខ្លួនឲ្យបានល្អដើម្បីធ្វើជាគំរូដល់សិល្បះករជំនាន់ក្រោយ ដោយនាងមិនបានវាយឬកឆ្មើងឆ្មៃដាក់អ្នកណាមួយឡើយ ខណះពេលភាពល្បីល្បាញរបស់នាងក៍ជាចំណែកមួយមិនអាចខ្វះបានពីការជួយគាំទ្រពីទស្សនិកជននោះ។ នាងបញ្ជាក់ថា ពិតណាស់តារាមួយរូបអាចមានឈ្មោះបោះសម្លេងបានអាស្រ័យលើការគាំទ្រពីទស្សនិកជន និងក្តាប់ឱកាសចេញមុខតាមការប្រគុំតន្ត្រីនានាឲ្យបានញឹកញាប់ ហេតុនេះក្នុងនាមនាងជាអ្នកសិល្បះម្នាក់ដែរនោះគឺគ្មានមូលហេតុណាមួយដែលនាងត្រូវវាយឬកមិនទទួលយកការស្នើសុំចេញច្រៀងណាមួយឡើយ អ្វីដែលសំខាន់គឺការស្នើសុំនោះសមស្របសម្រាប់នាង និងក្នុងពេលដែលនាងមិនរវល់។
គួបញ្ជាក់ថា ការអះអាងរបស់អ្នកនាង ម៉េងកែវពេជ្ជតា នាពេលនេះកើតឡើងបន្ទាប់ពីសារព័ត៌មាននៅក្នុងស្រុកមួយបានចុះផ្សាយវាយប្រហារមកលើរូបនាងថា ជាតារាដែលមានការប្រកាន់ឬកខ្ពស់ដែលមិនព្រមចេញច្រៀងនៅតាមការស្នើសុំពីស្ថានីយទូរទស្សន៍ណាដែលមិនមានការគាំទ្រច្រើនពីទស្សនិកនោះឡើយ។
ការចុះផ្សាយនោះបានធ្វើឲ្យនាងក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ខណះពេលដែលនាងគិតថា អាជីពជាអ្នកចម្រៀងរបស់នាងនាពេលនេះជាប្រភពចំណូលមួយដែលមិនអាចខ្វះបាននៅក្នុងការបីបាច់ថែរក្សាកូនពីរនាក់នៅក្នុងបន្ទុក បន្ទាប់ពីនាងបានលែងលះជាមួយស្វាមីគឺលោក មួង ឃីម កាលពីឆ្នាំ២០១០៕ ស.រ