ក្រសួងព័ត៌មានបោះពុម្ពសៀវភៅ ការពាររន្ទះ
កាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ខ្លួនបានបោះពុម្ពសៀវភៅស្ដីពីវិធីការពាររន្ទះ ដែលម្ចាស់ពុំមានលទ្ធភាព បោះពុម្ព ដើម្បីចែកជូនសាធារណៈជនខ្មែរ ពិសេសអ្នកនៅតាមជនបទស្រែ ចម្ការដោយមិនគិតថ្លៃ ។
លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយនៅក្នុងជំនួបមួយ ជាមួយម្ចាស់ស្នាដៃគឺលោក យិន គិតស៊ីវ អនុប្រធាន ផ្នែករូបវិទ្យា និង ថាមពលនៃ វិទ្យាស្ថាន វិទ្យាសាស្ត្រ និង បច្ចេកទេស រាជបណ្ឌិត្យសភាថា ក្រសួងបានចំណាយលុយសម្រាប់ការបោះពុម្ពសៀវភៅនេះ ចំនួន ១ពាន់ក្បាល ដើម្បីចែកជូនសង្គម ដោយមិនគិតថ្លៃ ។
បើតាមលោក រដ្ឋមន្ត្រីថា កន្លងទៅក្រសួងព័ត៌មាន ធ្លាប់បានចំណាយលុយបោះពុម្ពស្នាដៃ និពន្ធជាច្រើន ដែលម្ចាស់ពុំមានលទ្ធភាពបោះពុម្ព ដូចជាសៀវភៅ តម្រាខុងជឺ តម្រាវិជ័យសង្គ្រាម និង សៀវភៅគ្រុនឈាម ជាដើម ៕