អ.ស.ប. បរិហារការធ្វើទារុណកម្មលើពួកកាឈីន
លោក Tomas Ojea Quintana អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានផ្សព្វផ្សាយរបាយការណ៍ មួយ ដោយគូសបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងទ័ពរដ្ឋាភិបាល និងពួកឧទ្ទាមកាឈីននារយៈពេលចុងក្រោយនេះ បានបង្កឲ្យមានផលវិបាកខ្លំាង ទៅលើប្រជាជន ជនជាតិភាគតិចកាឈីន ពិសេសគឺបានបង្ខំឲ្យពួកគេរត់ភៀសខ្លួន ទៅកាន់កន្លែងផ្សេង។ ម្យ៉ាងទៀត របាយការណ៍ដដែល បានបរិហារលើទង្វើរបស់ទាហានរដ្ឋាភិបាល ដែលបានចាប់ខ្លួន និងធ្វើទារុណកម្មយ៉ាងសាហាវលើពួកឧទ្ទាមកាឈីន។
ជា មួយនឹងការស្វាគមន៍ចំពោះជំនួបចរចាថ្មីរវាងភាគីរដ្ឋាភិបាល និងតំណាងអង្គការដើម្បីឯករាជ្យកាឈីន នៅប្រទេសចិនកាលពីដើមខែ ដើម្បីឈានឆ្ពោះទៅរកការបិទបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ លោកTomas Ojea Quintana អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ក៏បានលើកឡើងផងដែរអំពីផលប៉ះពាល់ធ្ងន់ធ្ងរ ពីការប្រយុទ្ធគ្នាជាថ្មីរវាងកងទ័ពរដ្ឋាភិបាលនិងក្រុមប្រដាប់ អាវុធកាឈីន ទៅលើជីវិតប្រជាជនស៊ីវិល។ គឺ មានប្រជាជនរាប់សិបពាន់នាក់ត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ ជំរំភៀសខ្លួនដែលពេលនេះកំពុងស្ទើរក្លាយជាលំនៅអចិន្ត្រៃយ៍ ហើយការផ្តល់ជំនួយមនុស្សធម៌ត្រូវជាសេចក្តីសម្រេចដ៏ចម្បងមួយ របស់រដ្ឋាភិបាលក្រុងណៃពិដោ។
ការព្រួយបារម្ភរបស់លោក Quintana មានកាន់តែខ្លាំង បន្ទាប់ពីបានអញ្ជើញទៅទស្សនាពន្ធនាគារ Myitkyina នៃរដ្ឋកាឈីន ព្រោះឃើញមានការប្រើអំណាចចាប់ខ្លួន និងធ្វើទារុណកម្មពេលសួរចម្លើយ ពីសំណាក់ក្រុមយោធារដ្ឋាភិបាល ដោយបានចោទប្រកាន់ជាស្វ័យប្រវត្តិជនជាតិកាឈីន ថាជាក្រុមសកម្មជនរបស់អង្គការដើម្បីឯករាជ្យកាឈីន KIOទាំងអស់។
រដ្ឋាភិបាលភូមា បានប្រកាសជាឯកតោភាគីផ្អាកឈប់បាញ់ ប៉ុន្តែជម្លោះនៅតែមានជាបន្ត នៅជិតតំបន់កាន់កាប់របស់ពួកឧទ្ទាមកាឈីន តាមបណ្តាយព្រំដែនប្រទេសចិន ហើយវត្តមានជាប្រចាំរបស់កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលនៅ កាឈីននេះ គឺស្មើនឹងការជាប់ចោទរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។ នេះបើយោងតាមរបាយការណ៍របស់រាយការណ៍អង្គការសហប្រជាជាតិ កង់តាណាដដែល។
សូមបញ្ជាក់ថា តាំងពីមានរដ្ឋាភិបាលស៊ីវិលមក ភូមាបានខិតខំធ្វើកំណែទម្រង់នយោបាយ ដោយបើកផ្លូវធ្វើការចរចាជាមួយក្រុមជនជាតិភាគតិចប្រដាប់ជាច្រើន រហូតបានសម្រេចកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមឧទ្ទាមជនជាតិ ភាគតិច លើកលែងតែជាមួយនឹងពួកកាឈីន។ ជំនួបពិភាក្សាបានប្រព្រឹត្តទៅជាង១០ដង ប៉ុន្តែមិនបានសម្រេចលទ្ធផល។ ការជួបគ្នាថ្មីៗទៀត ជាមួយនឹងក្រុមជនជាតិផ្សេងៗទៀត នៅភូមា គ្រោងនឹងចាប់ផ្តើម នៅប៉ុន្មានថ្ងៃទៀតខាងមុខនេះ នៅភាគខាងជើងប្រទេសថៃ៕ដោយ អៀង សុខម៉ិញ (RFI)