ការបណ្តេញចេញក្នុងទ្រង់ទ្រាយធំ បង្កឱ្យមានការខឹងសម្បារនិងការអាក់អន់ចិត្ត នៅតាមតំបន់ឆ្នេរសមុទ្ររបស់កេនយ៉ា
ប្រជាពលរដ្ឋរាប់សែននាក់នៅតាមតំបន់ ឆ្នេរសមុទ្រនៃប្រទេស កេនយ៉ា (Kenya) កំពុងត្រូវបានបណ្តេញចេញពីដីធ្លីដូនតារបស់ពួកគេ ខណៈពេលដែលតម្លៃទ្រព្យសម្បត្តិមានការកើនឡើង ហើយប័ណ្ណកម្មសិទ្ធិដីធ្លីបានធ្លាក់ទៅក្នុងដៃរបស់ពួកអ្នកមាន។ ដោយមានការអាក់អន់ចិត្ត ប្រជាពលរដ្ឋមួយ ចំនួនបានងាកទៅរកអំពើហិង្សា។
ទឹករលក នៃមហាសមុទ្រឥណ្ឌា បានបោកថ្នមៗទៅលើមាត់សមុទ្រដ៏ស្រស់ស្អាតនៃទីក្រុង គីលីហ្វី ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង ម៉ុមបាសា (Mombasa)។ ដោយមានឆ្នេរខ្សាច់ពណ៌មាស និងអមដោយដើមត្នោតដុះជាជួរ ឆ្នេរខ្សាច់នេះគឺជាអចលនៈទ្រព្យយ៉ាងធំធេងរបស់កេនយ៉ា ដែលមានភាពសមស្របសម្រាប់ការសាងសង់សណ្ឋាគារនិងផ្ទះប្រណិតៗ។
ប៉ុន្តែ តំបន់ឆ្នេរសមុទ្រនេះក៏ជាដីដូនតារបស់ប្រជាពលរដ្ឋតាមតំបន់ឆ្នេរ របស់ កេនយ៉ាដែរ ដែលភាគច្រើននៃអ្នកទាំងនោះ គឺជាប្រជាពលរដ្ឋក្រីក្រ។ ខណៈ ពេលដែលដីធ្លីនៅទីនេះកាន់តែច្រើនឡើងបានធ្លាក់ទៅក្នុងដៃរបស់ ពួកអ្នក មាន ជនជាតិដើមរាប់សែននាក់កំពុងត្រូវបានបណ្តេញចេញ។
លោក ហ្គូដឡាក់ វ៉ាស្សី (Goodluck Washe) ដែលជាសកម្មជនសហគមមួយរូប ដែលបានធ្វើការជាមួយប្រជាពលរដ្ឋក្នុងតំបន់ ចង្អុលទៅដីទំនេរដែលលាត សន្ធឹងយ៉ាងធំធេង ដែលទីនោះធ្លាប់ជាអតីតទីក្រុងមួយ។
«ទីនោះ ធ្លាប់ជាទីក្រុងធំមួយ ដែលត្រូវបានហៅថា ជឺរី (Jeuri)។ ឥឡូវនេះ ទីក្រុង ជឺរី លែងមាននៅទីនោះទៀតហើយ ពីព្រោះប្រជាពលរដ្ឋទាំងអស់ត្រូវបានបណ្តេញចេញពីទីកន្លែងនោះ ហើយពួកគេបានទៅកាន់ទីក្រុង គីកាមបាឡា (Kikambala)។ ភូមិទាំងអស់ត្រូវបានបំផ្លាញ ហើយវាបានក្លាយទៅជាដីរបស់អ្នកផ្សេង»។
ឥឡូវនេះ ភូមិ ម៉ាវីនី (Maweni) ដែលនៅជិតនោះ ហៀបនឹងជួបជោគវាសនាដូចគ្នាដែរ។ លោក ហ្វីលិច ការីសា (Felix Karisa) ដែលមានវ័យ៣៥ឆ្នាំ បានរស់នៅទីនោះពេញមួយជីវិតរបស់លោកទៅហើយ។
«មានក្រុមគ្រួសារជិតចំនួន៥០០នៅក្នុងភូមិនេះ។ ភូមិនេះស្ថិតនៅទីនេះជាយូរយាណាស់មកហើយ»។
នៅក្នុង ខែតុលា ភូមិ ម៉ាវីនី ត្រូវបានផ្តល់ជូនសេចក្តីប្រកាសអំពីការបណ្តេញ ចេញ ដោយស្រ្តីជាតិ សូម៉ាលី(Somali)ម្នាក់ ដែលមានកាន់កម្មសិទ្ធិដីធ្លី។ ដូចជនជាតិដើមនៅតាមតំបន់ឆ្នេរភាគច្រើនដែរ អ្នកភូមិមិនដែលមានកម្មសិទ្ធិលើដីធ្លី ដែលពួកគេបានធំធាត់នៅលើដីនោះទេ។ ឥឡូវនេះ លោក ការីសា និយាយថា លោកមានការភ័យខ្លាចចំពោះការបាត់បង់ផ្ទះសម្បែង ដែលលោកបានសង់សម្រាប់ក្រុមគ្រួសាររបស់លោក។
«យើង រស់នៅក្នុងភាពតក់ស្លុត។ យើងភ័យខ្លាច។ ដូច្នេះ អ្នកឃើញទេ ប្រសិន បើផ្ទះនេះត្រូវបានកម្ទេចចោលនៅថ្ងៃនេះ ពេលនោះខ្ញុំមានអារម្មណ៍ថា វាជាការប្រសើរជាង ប្រសិនបើនរណាម្នាក់សម្លាប់ខ្ញុំចោលតែម្តងទៅ ពីព្រោះខ្ញុំមិនដឹងថានាំកូនខ្ញុំទៅនៅទីណាទេ»។
វា ជារឿងដូចៗគ្នាទៅហើយ។ គ្មាននរណាម្នាក់ដឹងច្បាស់ថា កន្លងមក តើមានប្រជាពលរដ្ឋប៉ុន្មាននាក់ត្រូវបានបណ្តេញចេញនោះទេ។ ប៉ុន្តែ កាលពីខែវិច្ឆិកា កាសែតក្នុងស្រុកមួយបានរាយការថា អ្នកភូមិចំនួនមួយសែនពីរម៉ឺននាក់ ត្រូវបានប្រកាសថាជាមនុស្សដែលគ្មានទីជម្រក ហើយកំពុងត្រូវបានបណ្តេញចេញពីដី ដែលស្ថិតនៅភាគត្បូងនៃទីក្រុង ម៉ុមបាសា។
លោក បូនីហ្វែស អ៊ឹមវីនហ្គូ (Boniface Mwingo) ដែលជាមន្រ្តីរដ្ឋាភិបាលមូលដ្ឋាន ពន្យល់ថា នៅពេលដែលដីធ្លីត្រូវបានបែងចែកដោយរដ្ឋាភិបាល កេនយ៉ា កាលពីទសវត្សរ៍ឆ្នាំ១៩៨០ អ្នកទាំងឡាយដែលកាន់អំណាច បានទាមទារយកចំណែកដីយ៉ាងធំធេង។ ក្នុងខណៈនោះដែរ ប្រជាពលរដ្ឋក្នុងតំបន់ត្រូវបានបែងចែកចំណែកដីដ៏តូច ឬមិនមានផ្តល់ចំណែកទាល់តែសោះ។
ឥឡូវនេះ ខណៈដែលកម្មសិទ្ធិដីធ្លីទាំងនេះ បានចាប់ផ្តើមលេចចេញមក ប្រជាពល រដ្ឋកេនយ៉ាជាច្រើននៅតាមតំបន់ឆ្នេរ បានយល់ឃើញថា ពួកគេគ្មានសិទ្ធិទៅលើដីធ្លីដែលពួកគេរស់នៅឡើយ។ លោក អ៊ឹមវីនហ្គូ និយាយថា ស្ថានភាពនេះបានធ្វើឲ្យមានជូរចត់នៅក្នុងតំបន់នេះ។
«ប្រជាពលរដ្ឋ មិនសប្បាយចិត្តទាល់តែសោះ ពីព្រោះពួកគេគ្មានសេរីភាព។ ពួកគេមិនអាចធ្វើការអភិវឌ្ឍអ្វីទាំងអស់ពីព្រោះពួកគេគ្មានឯកសារ។ប្រជាពលរដ្ឋ ដែលមានឯកសារគឺជាអ្នកធំដែលគ្មានអ្វីដើម្បីបង្ហាញនៅនឹងកន្លែងសោះ»។
ប្រជាពលរដ្ឋ មួយចំនួន កំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងការបណ្តេញចេញនៅ ឯតុលាការ។ ប៉ុន្តែ អ្នកផ្សេងទៀតបានបោះមួយជំហានបន្ថែមទៀត។
ក្រុមប្រឹក្សា សាធារណរដ្ឋ ម៉ុមបាសា (Mombasa Republican Council) ឬហៅកាត់ថា MRC គឺជាចលនាដែលកើតឡើងនៅក្នុងស្រុក ដែលបានពាំនាំយកការអាក់អន់ចិត្តតាមមូលដ្ឋាន ទៅជាការអំពាវនាវសុំផ្តាច់ខ្លួន។ ក្រុមប្រឹក្សា MRC អះអាងអំពីសកម្មភាពប្រកបដោយសន្តិភាព ប៉ុន្តែ កាលពីពេលថ្មីៗនេះ សមាជិករបស់ក្រុមប្រឹក្សានេះ ត្រូវបានចោទប្រកាន់ពីបទវាយប្រហារទៅលើក្រុមមន្រ្តីរៀបចំការបោះឆ្នោត និងការញ៉ុះញ៉ង់ឱ្យមានអំពើហិង្សា។
ហិរញ្ញិក របស់ក្រុមប្រឹក្សា MRC លោក អូម៉ារ៍ បាមបាម (Omar Bambam) និយាយថា គោលបំណងរបស់ចលនានេះ គឺដើម្បីអំពាវនាវឱ្យមានការចាប់អារម្មណ៍ចំពោះស្ថានភាពទុរគតរបស់ ប្រជាពលរដ្ឋតំបន់ឆ្នេរ។
ស្រប ពេលជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ទីក្រុង ម៉ុមបាសា ត្រូវបានកម្ទេចដោយការវាយប្រហារដោយគ្រាប់បែកក្នុងទ្រង់ទ្រាយធំមួយ និងកុប្បកម្ម។ ការ វាយប្រហារមួយចំនួនមានជាប់ពាកព័ន្ធទៅនឹងក្រុមភេរវក សូម៉ាលី គឺក្រុម អាល ស្សាបាប (al-Shabaab)។ លោក វ៉ាស្សី និយាយថា គោលបំណងរបស់ក្រុម អាលស្សាបាប មិនមែនជាគោលបំណងរបស់ប្រជាពលរដ្ឋតំបន់ឆ្នេរនោះទេ។ ប៉ុន្តែ បញ្ហានៃភាពគ្មានដីធ្លី បានធ្វើឲ្យមានភាពងាយស្រួលជាងមុនសម្រាប់ក្រុមនេះ ដើម្បីជ្រៀតចូលមកក្នុងសហគមទាំងឡាយ។
«ពួកគេ ចូលមកជីកអណ្តូងទឹក។ ពួកគេចូលមកនិងផ្តល់ជូនវិហារ។ ពួកគេត្រូវបានស្វាគមន៍ក្នុងនាមជាមនុស្សល្អណាស់ ពីព្រោះមានកន្លែងទំនេរដែលត្រូវបានទុកចោល។ បញ្ហាពិតប្រាកដគឺរឿងដីធ្លី។ ប៉ុន្តែ ដោយសាររដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាដីធ្លីនេះឱ្យបានត្រឹមត្រូវ ពួក អាលស្សាបាប ក៏ចូល មក»។
សម្រាប់ ប្រជាពលរដ្ឋដូចជាលោក ពីរី មុយី (Piry Muye) ដែលមានវ័យ៧៣ឆ្នាំ អំពើហិង្សាមិនមែនជាជម្រើសមួយនោះទេ ហើយលោកថែមទាំងមិនចង់និយាយអំពីក្រុមប្រឹក្សា MRC ទៀតផង។
លោក មុយី ដែលមានកូន១១នាក់ បានបាត់បង់ដីស្ទើរតែទាំងអស់របស់លោក ទៅបុរសម្នាក់ ដែលបានអះអាងថា វាគឺជាអំណោយពីលោកប្រធានាធិបតី។ ឥឡូវនេះ លោកកំពុងរស់នៅដោយគ្មានជម្រកពិតប្រាកដ នៅលើជ្រុងតូចមួយនៃអតីតអគាររបស់លោក ទោះបីជា នៅទីបញ្ចប់ លោករំពឹងថានឹងបាត់បង់ដីនោះក៏ដោយ។
«ពីព្រោះ ខ្ញុំមិនអាចទៅទីណាបាន ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីនោះទេ។ ខ្ញុំមានគ្រួសារធំមួយ ហើយខ្ញុំមិនដឹងថា តើខ្ញុំត្រូវរស់នៅជាមួយស្ថានភាពបែបនេះដោយរបៀបណាទេ»។
លោក មុយី អាចមើលឃើញដើមដូងរបស់លោក នៅលើដីដែលលោកបានបាត់បង់ ដែលបានលូតលាស់ឡើងខ្ពស់និងរឹងមាំនៅខាងក្រោយជញ្ជាំងថ្ម។ ឥឡូវនេះ លោកត្រូវតែសុំការអនុញ្ញាត ដើម្បីឱ្យគោរបស់លោកចូលទៅស៊ីស្មៅនៅទីនោះ។
«គាត់ បានអនុញ្ញាតឱ្យខ្ញុំចូល ប៉ុន្តែ ឥឡូវនេះខ្ញុំយល់ឃើញថា គាត់កំពុងសាងសង់អគារ។ ដូច្នេះ ខ្ញុំមិនដឹងមានកន្លែងណា ដែលសត្វពាហនៈរបស់ខ្ញុំអាចរកស្មៅស៊ីបានទេ។ ខ្ញុំគឺជាបុរសក្រីក្រម្នាក់។ ខ្ញុំគ្មានដីធ្លីទេ។ ដូច្នេះ ខ្ញុំត្រូវការជំនួយពីគ្រប់មជ្ឈដ្ឋានទាំងអស់»។
លោក មុយី មិនបានបាត់បង់ជំនឿទាំងស្រុងទៅលើរដ្ឋាភិបាលនោះទេ ហើយសង្ឃឹមថា ការបោះឆ្នោតជាតិនៅប្រទេសកេនយ៉ា ក្នុងខែមីនា នឹងធ្វើឲ្យអ្វីៗប្រសើរឡើងវិញ។ ប៉ុន្តែ មិនមានប្រជាពលរដ្ឋជាច្រើននៅតំបន់ឆ្នេរ មានគំនិតសុទិដ្ឋិនិយមដូចរូបលោកឡើយ៕ប្រែសម្រួលដោយ ឌី ខាំបូលី (VOA)