លោកពូទីនទុកពេល៣ខែឲ្យមន្ត្រីរដ្ឋការរុស្ស៊ីបិទគណនីខ្លួននៅបរទេស
ការនេះមានចែងក្នុងពង្រាងច្បាប់ ដែលលោកប្រធានាធិបតី ពូទីន បានដាក់ជូនសភា ឌូម៉ា ពិភាក្សា និងអនុម័ត ហើយដែលខ្លឹមសារវា គឺ ហាមមិនឲ្យមន្ត្រីរដ្ឋការមានគណនី ក្នុងធនាគារបរទេស នៅក្រៅព្រំដែនសហព័ន្ធរុស្ស៊ីឡើយ។ ការទាម ទារនៃច្បាប់ ក៏សាយភាយ ទាំងទៅលើភរិយា និងកូនៗ ដែលមិនទាន់ពេញវ័យ របស់មន្ត្រីរដ្ឋការ។
ក្នុងពង្រាងច្បាប់ ពាក្យថា “មន្ត្រីរដ្ឋការ” គឺ រាប់តាំងពីមន្ត្រីដែលធ្វើការក្នុងធនាគាររដ្ឋ និងក្នុងក្រុមហ៊ុនរដ្ឋ។ ប្រាកដណាស់ ដែលនិយមន័យនេះ ប៉ះទាំងទៅ លើ រាល់មន្ត្រីណា ដែលតែងតាំងដោយ ប្រធានាធិបតី ដោយរដ្ឋាភិបាល ដោយអគ្គរដ្ឋអាជ្ញា។
ក្រោយពីពង្រាងច្បាប់នេះក្លាយជាច្បាប់មន្ត្រីរដ្ឋការ និង ប្រពន្ធកូនគេមាន ពេល ៣ខែ សម្រាប់បិទគណនី នៅតាមធនាគារបរទេស ព្រមទាំង សំអាតពីខ្លួន នូវក្រដាសតម្លៃ ក្រដាសហ៊ុន និងមូលបត្រ របស់រដ្ឋបរទេស ដែលគេមាន។ ពុំនោះ សោតទេ បុគ្គល ដែលបំពានលើច្បាប់ ត្រូវតែចាកចេញពីតំណែងខ្លួន មុនកាល កំណត់ ខានមិនបាន។
ច្បាប់ក៏ចែងដែរថា ពេលចូលកាន់តំណែងខ្លួន មន្ត្រីរដ្ឋការ ត្រូវតែជូនព័ត៌មានឲ្យរដ្ឋដឹង អំពី គណនី ដែលគេមាន នៅតាមធនាគារបរទេស ឬក្រដាសតម្លៃរបស់រដ្ឋបរទេសហើយបន្ទាប់ពីចូលកាន់តំណែងខ្លួន ក្នុងរយៈពេល៣ខែទៅមុខ គេត្រូវ តែដកធនធានទាំងនោះចេញមក។ក្នុងករណី បើគេមិនបំពេញតាមល័ក្ខខ័ណ្ឌដែល ទាមទារ ការអង្កេត គង់នឹងរំលេចឲ្យឃើញ។
ស្របនឹងមាត្រានៃច្បាប់ ការអង្កេត អាចធ្វើ ទៅតាមគំនិតផ្តួចផ្តើម នៃអង្គការមហាផ្ទៃ និងអង្គការ នៃរដ្ឋអំណាចផ្សេងៗទៀត របស់សហព័ន្ធរុស្ស៊ី ក៏ដូចជាទៅតាមគំនិតផ្តួចផ្តើម របស់ធនាគារកណ្តាល, អង្គការដឹកនាំនៃគណបក្សនយោបាយប្លែកៗ, សមាគមដែលចុះបញ្ជីជាផ្លូវការ ប៉ុន្តែ មិនមែនជាគណ បក្សទេ, ស្ថាប័នសវនកម្ម, ប្រព័ន្ធផ្សព្វផ្សាយទូទាំងសហព័ន្ធរុស្ស៊ី។
ប៉ុន្តែ បម្រាមហាមមិនឲ្យមានគណនី នៅតាមធនាគារបរទេស ឥតសាយភាយ ទៅលើពួកមន្ត្រី នៃស្ថានទូត, ស្ថានកុងស៊ុល និងស្ថានតំណាងជាផ្លូវការឯទៀត របស់សហព័ន្ធរុស្ស៊ី ប្រចាំនៅបរទេស និងទៅលើភរិយា ឬស្វាមី និង កូនៗដែលមិនទាន់ពេញវ័យ របស់មន្ត្រីនោះឡើយ។
រីឯអចលនទ្រព្យនៅបរទេសនោះ មន្ត្រីរដ្ឋការ គ្រាន់តែត្រូវរាយការណ៍ថា ខ្លួនមានកម្មសិទ្ធិបែបនេះ នៅបរទេស ព្រមទាំងត្រូវពន្យល់ អំពីប្រភពនៃចំណូល ដែលបានអនុញ្ញាតឲ្យគេទិញបានអចលនទ្រព្យនោះ។
ជាទម្លាប់ទៅហើយ ដែលវិធានការ របស់រដ្ឋអំណាច តែងរងនូវការទិតៀន ពីខាង បក្សប្រឆាំង។
ទាក់ទងនឹងសាច់រឿងដែលមានថ្លែងក្នុងសន្និសីទកាសែត ថ្ងៃ១៣កុម្ភៈ រំលឹក ខួប២០ឆ្នាំនៃកំណើតបក្សខ្លួន លោក Guennady Ziouganov ប្រធាន “បក្ស កុម្មុយនិស្តសហព័ន្ធរុស្ស៊ី”ជាបក្សប្រឆាំងធំបំផុតនៅរុស្ស៊ីដៀមដាមថារដ្ឋា ភិបាលលោកពូទីនផ្ទាល់ ទើបផ្ទេរលុយ ៣០.០០០លានដុល្លារ ដោយ ស្ងាត់ ៗ យកទៅផ្ញើទុកនៅឯ ធនាគារក្រៅប្រទេស៕ដោយ កែវ ឆាយា (RFI)