ជនទាមទារផ្តាច់ទឹកដីអ៊ីស្លាមនិយម១៩នាក់ស្លាប់ក្នុងការវាយប្រហារទីតាំងទាហានជើងទឹកថៃ
នៅ ប្រទេសថៃ ថ្ងៃពុធនេះ ជនទាមទារផ្តាច់ទឹកដីអ៊ីស្លាមនិយម ១៩នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារទីតាំងទ័ពជើងទឹកថៃមួយកន្លែង នៅខេត្ត Narathiwat ថៃ ចុងភាគខាងត្បូងប្រទេស។ នៅយប់អាធ្រាតថ្ងៃអង្គារម្សិលមិញ ជនទាមទារផ្តាច់ទឹកដីនិយមរាប់សិបនាក់ បានបើកការវាយប្រហារទៅលើទាហានថៃ ប៉ុន្តែត្រូវបានទាហានថៃវាយតបតមកវិញ។
ក្នុងរយៈពេល៩ឆ្នាំ កន្លងមក ការវាយប្រហាររបស់ជនទាមទារផ្តាច់ទឹកដីនិយម អ៊ីស្លាម ជាការវាយប្រហារដ៏សំខាន់បំផុតក្នុងតំបន់ភាគខាងត្បូងថៃនេះ។ តំបន់នេះ កាលដើមឡើយស្ថិតក្នុងទឹកដីប្រទេសម៉ាឡេស៊ី មុននឹងក្លាយជាកម្មសិទ្ធិរបស់ប្រទេសថៃ នៅដើមសតវត្សរ៍ទី ២០។
នៅ យប់អាធ្រាតថ្ងៃអង្គារម្សិលមិញ ជនទាមទារផ្តាច់ទឹកដីនិយមអ៊ីស្លាមរាប់សិបនាក់ ចង់បើកការវាយប្រហារក្នុងលក្ខណៈមួយធ្ងន់ធ្ងរទៅលើទីតាំងកង ទ័ពជើងទឹកថៃ ក្នុងស្រុក Bacho ស្ថិតក្នុងខេត្ត Narathiwat នៅភាគខាងត្បូងប្រទេសថៃ។ ប៉ុន្តែកងទ័ពជើងទឹកបានដឹងនូវផែនការនេះទាន់ពេលវេលា ហើយបានវាយប្រហារបកមកវិញ ធ្វើអោយស្លាប់ ជនទាមទារផ្តាច់ទឹកដីនិយមអ៊ីស្លាម១៩នាក់ ក្នុងនោះក៏មានស្លាប់មេដឹកនាំនៃការវាយប្រហារផងដែរ។ នៅខាងទាហានថៃ គ្មានកងទ័ពថៃណាម្នាក់ស្លាប់នោះទេ។
ការ វាយប្រហារនេះ ត្រូវបានទាហានជើងទឹកថៃដឹងជាមុន ដោយសារតែមានការរាយការណ៍ពីអតីតជនបះបោរនានា ដែលបានផ្តាច់ខ្លួនចូលមករស់នៅក្នុងសង្គមវិញ។
គិតចាប់ពីឆ្នាំ ២០០៤ មក ការវាយប្រហាររបស់ជនទាមទារផ្តាច់ទឹកដីនិយមអ៊ីស្លាមនៅពេល នេះ ជាការវាយប្រហារដ៏សំខាន់បំផុតក្នុងតំបន់ភាគខាងត្បូងថៃ។ តំបន់នេះ កាលដើមឡើយស្ថិតក្នុងទឹកដីប្រទេសម៉ាឡេស៊ី មុននឹងក្លាយជាកម្មសិទ្ធិរបស់ប្រទេសថៃ នៅដើមសតវត្សរ៍ទី ២០។
នៅឆ្នាំ ២០០៤ ការប្រឈមមុខរវាងក្រុមបះបោរអ៊ីស្លាមនិយម និងកម្លាំងសន្តិសុខថៃ បានបង្កអោយជនបះបោរជាង១០០នាក់បាត់បង់ជីវិត។ រយៈពេល៩ឆ្នាំ កន្លងមកនេះ អំពើហិង្សាក្នុងការបះបោរបានធ្វើអោយមនុស្សប្រហែលជា ៥ ៥០០ នាក់បាត់បង់ជីវិត។
ជនបះបោរអ៊ីស្លាមនិយម មិនមានប្រភពចេញពីចលនាជីហាដ ដែលជាកងកុំម៉ង់ដូអ៊ីស្លាមជ្រុលនិយម ក្នុងពិភពលោកនោះទេ។ ជនបះបោរទាំងនេះ ប្រយុទ្ធប្រឆាំងនឹងការរើសអើងរបស់ជនជាតិថៃ ទៅលើជនជាតិភាគតិចម៉ាឡេស៊ី និងអ្នកកាន់សាសនាអ៊ីស្លាម។
ក្នុងរយៈពេលថ្មីៗនេះ អំពើហិង្សាបះបោរមានការកើនឡើងច្រើន នៅក្នុងតំបន់ភាគខាងត្បូងថៃ។ រាជរដ្ឋាភិបាលថៃហាក់ដូចជាបាក់ស្បាតនៅចំពោះមុខការវាយប្រហារ នានាពីក្រុមជនទាមទារផ្តាច់ទឹកដីនិយមទាំងនេះ។ រដ្ឋអំណាចថៃបានប្រគល់ភារកិច្ចគ្រប់គ្រងតំបន់ភាគខាងត្បូងអោយទៅ ទាហានថៃកាន់កាប់។
ការវាយប្រហារនៅថ្ងៃអង្គារម្សិលមិញ ត្រូវបានតំណាងក្រុមអ្នកវិភាគអន្តរជាតិមួយឈ្មោះ Crisis Group វាយតំលៃថាមិនមានឥទ្ធិពលអ្វីដល់ការស្វែងរកដំណោះស្រាយជម្លោះ នោះទេ។ ក្រុមវិភាគនេះយល់ថា ការដាក់ទាហានក្នុងតំបន់ ការដាក់ខេត្ត Narathiwat ក្នុងភាពអាសន្ន និងការមិនដាក់ទោសលើការរំលោភបំពានផ្សេងៗរបស់ទាហានថៃ វាកាន់តែជំរុញអោយអំពើបះបោរកើតឡើងថែមទៀត៕ដោយ ព្រំ សឿន សូលីណា(RFI)