ម៉ូតូពីរគ្រឿងបុកគ្នារបួសធ្ងន់២នាក់ស្រាលម្នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ មនុស្ស២នាក់របួសធ្ងន់និងស្រាលម្នាក់នៅក្នុង ឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចររវាងម៉ូតូនឹងម៉ូតូនៅចំណុចខាងត្បូងមណ្ឌលសុខភាពចំការដូង ផ្លូវ២១៧ ភូមិខ្វា សង្កាត់-ខណ្ឌដង្កោ។
ជនរងគ្រោះឈ្មោះភួង មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងពីតាន មានទីលំនៅម្តុំ ផ្សារសំរោងយ៉ោង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជនរងគ្រោះរូបនេះជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-7090 ធ្វើ ដំណើរមកពីទិសខាងត្បូងជិះតែម្នាក់ឯងបានរងរបួសធ្ងន់។
ចំណែកជនរងគ្រោះភាគី ម្ខាងទៀតឌុបគ្នា២នាក់មានឈ្មោះដាំរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកឌុប(របួសធ្ងន់) និងម្នាក់ទៀតជាអ្នកអង្គុយពីក្រោយមានឈ្មោះកែវ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ មាន ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះ២នាក់ នេះជិះម៉ូតូម៉ាក់ស្មាសរេវ៉ូ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I-7550 ធ្វើដំណើរមកពីទិសខាងជើងទៅត្បូង។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូ២គ្រឿងនេះជិះបញ្ច្រាសទិសគ្នា មួយមកពីត្បូង មួយមកពីជើង ហើយមុនពេលកើតហេតុឃើញម៉ូតូស្មាសនោះឌុបគ្នា ក្នុងល្បឿនលឿនដោយមិនពាក់មួកសុវត្ថិភាព។ លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០១២នោះជិះម្នាក់ឯងមកពីត្បូង ហើយមកដល់ចំណុចកើត ហេតុនោះក៏មានជង្ហុក ដូច្នេះទំនងគាត់គេចពីជង្ហុកនោះទើបម៉ូតូស្មាស់ជិះគ្នា២នាក់នោះ បុកចំពីមុខតែម្តង។
នគរបាលចរាចរបានឲ្យដឹងថា ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែក ម៉ូតូទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោទុក ឲ្យភាគីទាំង២ចូលមកដោះស្រាយគ្នា៕ ហេង នាង