ប្រតិកម្មអន្តរជាតិប្រឆាំងនឹងការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង
ទង្វើ នៃការសាកល្បងនុយក្លេអ៊ែររបស់ កូរ៉េខាងជើងជាលើកទីបីនេះ បានបង្កអោយមានប្រតិកម្មខ្លាំងក្លាពីសំណាក់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសនានាផ្សេងទៀត។ ប្រទេសទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរិហារថាជាទង្វើរបស់ក្រុងព្យុងយ៉ាង គឺជាសេចក្តីរំលោភបំពានជាក់ស្តែង លើសេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់មិនអោយកូរ៉េខាងជើងធ្វើសកម្មភាពនុយក្លេអ៊ែរ និងបាលីស្ទិក។ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានវាយតំលៃថា ទង្វើនេះជាការបង្កអស្ថិរភាពធ្ងន់ធ្ងរ។ ប្រទេសជាសមាជិក បានថ្កោលទោសយ៉ាងមុតមាំចំពោះការសាកល្បងនុយក្លេអ៊េរនេះ លើកលែងតែប្រទេសចិនដែលមិនបានប្រើពាក្យរហូតដល់ថា “ថ្កោលទោស” នោះទេ។ ទន្ទឹមនឹងនេះ ប្រទេសអ៊ីរ៉ង់ដែលជាប្រទេសដែលទទួលការចោទប្រកាន់នុយក្លេអ៊េរដែរ នោះ ក៏បានបរិហារនូវទង្វើរបស់កូរ៉េខាងជើងផងដែរ។
បន្ទាប់ ពីក្រុងព្យុងយ៉ាង បានប្រកាសសាកល្បងនុយក្លេអ៊ែរក្រោមដី នៅថ្ងៃអង្គារនេះ អង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីស្វែងរកវិធានការទប់ទល់នឹង ទង្វើនេះ។
ការសាកល្បងនុយក្លេអ៊េរក្រោមដីរបស់កូរ៉េខាងជើង បានបង្កប្រតិកម្មយ៉ាងខ្លាំងក្លាពីសហគមអន្តរជាតិ ពិសេសពីសំណាក់ក្រុមប្រឹក្សាសន្តិសុខនៃអង្គ ការសហប្រជាជាតិដែល បានវាយតំលៃថា ទង្វើនេះរបស់ក្រុងព្យុងយ៉ាងជាការបង្កអស្ថិរភាពធ្ងន់ធ្ងរ។
ក្រុងប៉េកាំងបានបង្ហាញនូវជំហរប្រឆាំងមុតមាំ នឹងការសាកល្បងនុយក្លេអ៊ែរនេះ។ ប៉ុន្តែ ខុសពីសមាជិកបួនរូបទៀតរបស់អង្គការសហប្រជាជាតិ ប្រទេសចិនដែលជាមិត្តជិតស្និទ្ធរបស់កូរ៉េខាងជើងមួយនេះ មិនបានប្រើពាក្យរហូតដល់ទៅ “ថ្កោល ទោស” នោះទេ។
នៅបារាំង ប្រធានាធិបតី ហូឡង់ បានចេញមុខថ្កោលទោស ដោយប្រកាសថាក្រុងប៉ារីស នឹងប្រើនូវគោលជំហរតឹងតែងរបស់ខ្លួន ជាមួយនឹងដៃគូផ្សេងទៀតនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងទង្វើរបស់ក្រុងព្យុងយ៉ាង។ ក្រុងប៉ារីសបានបង្ខំអោយក្រុងព្យុងយ៉ាង ទទួលខុសចំពោះកាតព្វកិច្ចរបស់ខ្លួន លើឆាកអន្តរជាតិ។
សហរដ្ឋអាមេរិកដែលជាប្រទេសសត្រូវស្លាប់រស់របស់កូរ៉េខាងជើងវិញ បានប្រកាសថានឹងប្រើគ្រប់វិធានការចាំបាច់ ដើម្បីការពារប្រទេសខ្លួន និងបណ្តាប្រទេសឯទៀតដែលជាដៃគូរបស់អាមេរិក។ ប្រធានាធិបតី អូបាម៉ា បរិហារថា ការសាកល្បងនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងមិនបានជួយអោយកូរ៉េ ខាងជើងទទួលបាននាមថា ជាប្រទេសខ្លាំងក្លា និងសម្បូរសប្បាយនោះទេ ផ្ទុយទៅវិញវាកាន់តែជំរុញអោយប្រទេសនេះស្ថិតក្នុងភាពឯកោ។ លោកអូបាម៉ា បន្ថែមថាគោល បំណងសំរេចអោយបាននូវអាវុធប្រល័យលោក នឹងកាន់តែធ្វើអោយប្រជាជនកូរ៉េខាងជើង កាន់តែក្រីក្រថែមទៀត។
អង់គ្លេសបានសុំអោយមាននូវចំលើយតបត ដ៏ខ្លាំងក្លាមួយទៅនឹងក្រុងព្យុង យ៉ាង។ រីឯជប៉ុនវិញបានប្រកាសថា នឹងសើរើឡើងវិញនូវទណ្ឌកម្មដែលដាក់លើកូរ៉េ ខាងជើងកន្លងមក។ ប្រទេសរុស្ស៊ី ក៏បានថ្កោលទោសផងដែរថាទង្វើរបស់ក្រុងព្យុងយ៉ាង ជាការរំលោភលើសេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិទាំងស្រុង។
ក្នុងប្រតិកម្មប្រឆាំងនានា គេក៏ឃើញមានប្រតិកម្មប្រឆាំងពីសំណាក់អ៊ីរ៉ង់ដែលជាប្រទេសមួយ តែងតែទទួលការចោទប្រកាន់ថាមានអាវុធនុយក្លេអ៊ែរផងដែរ។ អ៊ីរ៉ង់បានបញ្ចេញទស្សនៈថាប្រទេសនីមួយៗមិនគួរមាននូវអាវុធ នុយក្លេអ៊ែរនោះទេ ហើយបន្ថែមទៀតថា គ្រប់ប្រទេសទាំងអស់មានសិទ្ធិនឹងប្រើប្រាស់នូវថាមពលនុយ ក្លេអ៊ែរ។
គួររំលឹកថា សេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិលេខ ១៧១៨ ១៨៧៤ និង២០៨៧ បានហាមឃាត់កូរ៉េខាងជើងមិនអោយធ្វើសកម្មភាពនុយក្លេអ៊ែរ និងបាលី ស្ទិក។ ការសាកល្បងកាំជ្រួច និងនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង កន្លងមក បានធ្វើអោយកូរ៉េខាងជើងទទួលនូវទណ្ឌកម្មផ្សេងៗពីសំណាក់អង្គការ សហប្រ ជាជាតិ ដូចជាការហាមមិនអោយថ្នាក់ដឹកនាំនានារបស់ប្រទេសនេះ ចេញដំណើរទៅក្រៅប្រទេសជាដើម៕ដោយ ព្រំ សឿន សូលីណា (RFI)