រុស្ស៊ីអាចវាយដណ្តើមយកបានប្រទេសស៊ុយអែត តែក្នុងមួយសប្តាហ៍
សេចក្តីថ្លែងការណ៍នេះ ធ្វើដោយអគ្គមេបញ្ជាការជាន់ខ្ពស់ស៊ុយអែត តាមដែលកាសែតរុស្ស៊ី Kommersant លេខថ្ងៃនេះចុះផ្សាយ ញ៉ាំងឲ្យកើតឡើង ជាបរិយាកាសឆោឡោ ក្នុងប្រទេសនោះ ហើយផ្ទុះឡើងជារឿងអាស្រូវ ទាល់តែព្រះរាជអាជ្ញាស៊ុយអែត សម្រេចថាថ្កោលទោសមេទ័ពនោះ ចំពោះការទម្លាយកិច្ចការសម្ងាត់របស់រដ្ឋឲ្យលាន់ខ្ចរខ្ចាយ។
តាមកាសែតរុស្ស៊ី Kommersant បរិយាកាសឆោឡោនោះ កើតឡើងគឺក្រោយពី អគ្គមេបញ្ជាការជាន់ខ្ពស់កងទ័ពស៊ុយអែត ឧត្តមសេនីយ Swerker Joranson ក្នុងបទសម្ភាសន៍ ទៅកាសែតក្នុងស្រុក Svenska Dagblader ពាក់ព័ន្ធនឹងការគម្រាមជាយថាហេតុពីខាងរុស្ស៊ី ថ្លែងថា៖ “ក្នុងករណីមានការវាយប្រហារពីខាងមហាអំណាចខាងកើតនោះ ប្រទេសស៊ុយអែត អាចឈរទប់ខ្លួនយ៉ាងយូរណាស់បានតែ១សប្តាហ៍។ ប្រទេសស៊ុយអែតមិនដែលបំពាក់អាវុធក្នុងកម្រិតខ្លាំងក្លា ទាល់តែថាអាចតទល់ការវាយប្រហារនោះតែម្នាក់ឯងឡើយ។
ដូច្នេះ ជាការចាំបាច់ យើងត្រូវការឲ្យមានជំនួយពីក្រៅ ឬមួយពីខាងបក្សសម្ព័ន្ធ អូតង់ ឬមួយពីខាង ស.រ.អា. ប៉ុន្តែ ពួកអ្នកនយោបាយរបស់យើង ចេះតែមិនបណ្តោយឲ្យធ្វើយោធូបនីយកម្មសង្គមយើង លុះទាល់តែយើងអាចកំចាត់ការគម្រាមពីទិសខាងកើត ដោយកម្លាំងរបស់យើងផ្ទាល់ឡើយ”។
សេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ Joranson តាមការកត់សម្គាល់នៃកាសែតរុស្ស៊ី គឺ នាំឲ្យផ្អើលដល់អាជ្ញាធរស៊ុយអែត។ ព្រះរាជអាជ្ញាស៊ុយអែត Tomas Lindstrand ជឿជាក់ថា ព័ត៌មានទម្លាយចេញពីបបូរមាត់មេទ័ពស៊ុយអែតនោះ គឺសំខាន់សែនសំខាន់ សម្រាប់ប្រទេសណា ដែលសត្រូវស្រាប់នឹងស៊ុយអែត។ ម៉្លោះហើយ បានជាព្រះរាជអាជ្ញានោះ ទាមទារឲ្យធ្វើការស៊ើបអង្កេតអំពីឧប្បត្តិហេតុនេះ ពីព្រោះឧត្តមសេនីយ Joranson អាចយោងទៅលើទិន្នន័យសម្ងាត់ របស់ក្រសួងការពារជាតិស៊ុយអែដផ្ទាល់។ ដោយហេតុថាទិន្នន័យទាំងនោះ ជារឿងសម្ងាត់របស់រដ្ឋ បានជាវាអាចប៉ះពាល់ដល់សន្តិសុខជាតិស៊ុយអែតតែម្តង។ អ្វីដែលកាសែតរុស្ស៊ីចាប់អារម្មណ៍ គឺថា ភាគីរាជអាជ្ញាស៊ុយអែត ទោះថ្លែងថ្កោលទោសក្តី ក៏ប៉ុន្តែមិនបដិសេធឡើយ សំដីពោលអាងរបស់មេទ័ព Joranson ដែលថារុស្ស៊ីជា “សត្រូវធំបំផុត” របស់ស៊ុយអែត។
បទសម្ភាសន៍នាំឲ្យភ្ញាក់ផ្អើលរបស់មេទ័ពស៊ុយអែត ត្រូវបានចុះផ្សាយ គឺនៅចំពេលដែលក្នុងប្រទេសនោះ ប្រព្រឹត្តទៅយ៉ាងពុះខ្ជោល នូវការតស៊ូមតិជុំវិញបញ្ហា “តើស៊ុយអែតគួរចូលជាសមាជិកអូតង់ឬទេ?”។ ថ្វីត្បិតតែរដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោកស្រី Karine Enstrem រំលឹកថា បញ្ហាចូលអូតង់ “ឥតស្ថិតក្នុងរបៀបវារៈប្រចាំថ្ងៃ” ក្តី ក៏ក្នុងសន្និសីទក្រោមបាវចនាថា “ប្រជាជននិងរឿងការពារជាតិ” គឺមានអញ្ជើញរូបលោក Anders Fog Rasmussen ជាអគ្គលេខាធិការបក្សសម្ពន្ធអូតង់ឲ្យចូលរួមដែរ។
ស្របនឹងការស្ទង់មតិនៅស៊ុយអែត ចំនួនអ្នកដែលមិនចង់ឃើញប្រទេសខ្លួន ជាសមាជិកអូតង់ បានថយចុះដល់៣២% ទៅហើយ បើប្រៀបទៅនឹង ៥០%កាលពីឆ្នាំមុន៕ដោយ កែវ ឆាយា (RFI)