ចំណុចពិសេសដោយឡែករបស់សម្តេច សីហនុ បើ ប្រៀបធៀប នឹង មេដឹកនាំ​ក្នុង​លោក​មួយចំនួន

ដោយ  ឆាយ សុផល

សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរ​រាជ​​​បិតា​ឯករាជ្យ បូរណ​ភាព​ដឹកដី និងឯកភាព​ជាតិ​ខ្មែរ​។
សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរ​រាជ​​​បិតា​ឯករាជ្យ បូរណ​ភាព​ដឹកដី និងឯកភាព​ជាតិ​ខ្មែរ​។

 

កាលបើ​រៀបរាប់​ពីសមិទ្ធិផល និង​ហេត្ថារចនាសម្ព័នជាតិក្រោម​រាជ្យកិច្ច​ដឹកនាំ​របស់​អតីត​​ព្រះមហាក្សត្រ នរោត្តម សីហនុ នៅមុន​ថ្ងៃរដ្ឋ​ប្រហារ​ ១៨ មីនា​ ឆ្នាំ ១៩៧០ ពិត​ជា​មាន​​មនុស្ស​​ជា​ច្រើន​បានដឹងពីរឿងនេះ។ ​សូម្បី​តែឯកសារ​ទាំង​សំណេរ ​ទាំងរូបថត និង​ភាព​យន្ត​​​ឯកសារនានា​​ក៏​បាន​បញ្ចាក់​ពីចំណុចទាំង​នេះដែរ។

បើទោះមនុស្សមួយចំនួនដែលតាំងខ្លួនថា ជាអ្នកសាធារណរដ្ឋនិយម មិន​ចូលចិត្ត​ស្តេច ឬ​​ក៏រាជានិយមក៏ដោយ ក៏ប្រជារាស្រ្ត​ខ្មែរភាគច្រើន​​ទាំងអតីតកាល និងបច្ចុប្បន្នពិតជា​គោររព​​ស្រលាញ់​សម្តេច នរោត្តម សីហនុ ហើយ​រាជរដ្ឋាភិបាល​បច្ចុប្បន្នក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្វាយព្រះបរមងារ​ដល់​ព្រះអង្គថា “ព្រះមហាវីរក្សត្រ ព្រះវរ​រាជ​បិតា​ឯករាជ្យ បូរណភាពដឹកដី និងឯកភាពជាតិខ្មែរ​“។

ជាការពិត បុគ្គលម្នាក់ៗទាំងរាស្រ្ត ទាំងមន្រ្តី និងក្សត្យ តែងតែមាន​ចំណុចខ្លាំង និង​ចំណុច​ខ្សោយ ប៉ុន្តែ​អ្វី​ដែលខ្ញុំ​​ចង់​រៀបរាប់​នៅក្នុងអត្ថបទនេះ គឺ​ចំណុច​ពិសេស​ដោយ​ឡែក​​​មួយ​​​ចំនួន ដែល​​​​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ អស្ចារ្យ បើប្រៀបធៀបទៅនឹង​មេដឹក​​នាំកំពូលៗ​​នៃ​​បណ្តា​ប្រទេស​​មួយចំនួនដែលស្ថិតនៅក្នុង​ជំនាន់របស់ព្រះអង្គ។

លោក ស៊ូហារតូ អតី​ប្រធានាធិបតី​ប្រទេសឥណ្ទូណេស៊ី (១៩៦៨-១៩៩៨) ​ត្រូវ​​បាន​​គេ​ចោទ​ប្រកាន់​​​ទាំង​គ្រួសារពី​​បទ​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​​ និងជាជនផ្តាច់ការ​នៅក្នុង​មុខ​តំណែង​របស់ខ្លួន។ នៅក្នុងមុខតំណែងរយៈពេល ៣០ ឆ្នាំ​ គ្រួសារ​របស់​លោក ស៊ូហារតូ បាន​ក្លាយជាសេដ្ឋី។​ លោក​​​បាន​ស្លាប់ក្នុងវ័យ ៨៦ ឆ្នាំ។

លោក ហ្វែឌីណង់ ម៉ាកុស ប្រធានាធិបតីប្រទេសហ្វីលីពីន (១៩៦៥-១៩៨៦) ត្រូវបាន​ជន​ជាតិ​​ហ្វីលីពីនចោទប្រកាន់ថា របប​របស់លោកបាន​​ប្រព្រឹត្តអំពើ​ពុក​រលួយ​ពេញ​បន្ទុក​ ​មាន​ការ​គាប​សង្កត់​​ផ្នែក​នយោបាយ និង​​ហិង្សា​រំលោភសិទ្ធិមនុស្ស​នៅ​ក្នុងមុខដំណែងរបស់លោក​រយៈ​ពេល ២១ ឆ្នាំ។

លោក គីម អ៊ីលស៊ុង ប្រធានា​ធិបតី​ប្រទេស​កូរ៉េខាងជើង​ (១៩៤៨-១៩៩៤) ត្រូវបាន​ជន​ជាតិ​កូរ៉េជាច្រើន​ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង  ដោយរួមទាំង​ប្រជាជ​ន​នៅជុំ​វិញ​ពិភព​​លោក​ផង​ចោទ​​ប្រកាន់​ថា ជាជន​ផ្តាច់ការ ដោយ​កាន់អំណាច​តាម​បែប​កុម្មុយនីស្ត​ និង​គ្រួសារ​​និយម ហើយ​ទុក​​ឲ្យ​ប្រជាជន​ភាគ​ច្រើន​​អត់ឃ្លាន និង​រស់នៅក្នុង​សង្គម​បិទជិត​ដូច​កង្កែប​នៅ​ក្នុង​អណ្តូង។ បន្ទាប់​ពី​កាន់​អំណាចអស់រយៈពេលជិត ៥០ ឆ្នាំ លោក​បាន​ស្លាប់នៅខែកក្កដា ឆ្នាំ ១៩៩៤ ក្នុងអាយុ ៨២ ​ឆ្នាំ ហើយ​​តំណែងប្រធានាធិបតីបាន​ផ្ទេរឲ្យ​កូនប្រុស​របស់​លោក​គឺ​លោក គីម ជុងអ៊ីល។ ក្រោយ​ពី​តំណែង​អស់រយៈពេល១៧ឆ្នាំ គីម ជុងអ៊ីល ក៏ទទួល​មរណភាព​ក្នុង​វ័យ​៧០​​ឆ្នាំ នាខែធ្នូ ​ឆ្នាំ ២០១១ ហើយ​​​តំណែង​ជាប្រធានាធិបតីបានផ្ទេរ​ទៅកូនរបស់លោក គឺលោក គីម ជុងអ៊ុន ដែលមាន​អាយុ​ទើប ២៩ ​ឆ្នាំ។

លោក មូម៉ា ហ្គាដាហ្វី ប្រធានាធិបតី​ប្រទេស​លីប៊ី (១៩៦៩-២០១១) ​ត្រូវ​បាន​គេចោទ​ប្រកាន់​​​ពី​អំពើ​ពុក​រលួយ កាប់សម្លាប់ ផ្តាច់ការ និងគ្រួសារបក្ខពួក​និយមក្នុងមុខដំណែង ៤២ ឆ្នាំ​ ហើយទី​បំផុត​​ត្រូវ​បាន​​គេបាញ់ និង​វាយ​​ធាត់​ធាក់អូស​​​ដូច​សត្វ​ធាតុ​រហូតដល់​ស្លាប់ ខណៈ​ដែល​កូន​ប្រុស​របស់​គាត់​​ក៏​ត្រូវ​បាន​គេ​សម្លាប់​ផង​ដែរ។

លោក មូបារ៉ាក់ ​ប្រធានាធិបតី​ប្រទេស​អេហ្ស៊ីប (១៩៨១-២០១១) ត្រូវបានគេចាប់​មក​​កាត់​ទោស​​ជា​​មួយ​និងកូន​ប្រុស ​ដោយ​ចោទ​ប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុក​រលួយ​នៅ​ក្នុង​មុខ​ដំណែងរយៈ​ពេល​ ៣០ ឆ្នាំ ។

លោក សាដាម​ ហ៊ូ​សេន ​ប្រធានាធិបតី​​ប្រទេស​អ៊ីរ៉ាក់ (១៩៧៩-២០០៣) ​ត្រូវ​​បាន​​គេ​ចាប់​យក​មកកាត់ទោស និងព្យួរក ដោយចោទប្រកាន់​​ពី​បទឧក្រឹដ្ឋ​កម្ម​ប្រល័យ​ជាតិ​សាសន៍ និង​ពុក​រលួយ​​​​នៅ​ក្នុង​អំឡុង​ពេល​​ដែល​​ខ្លួន​កាន់អំណាចរយៈពេល ២៤ ឆ្នាំ ហើយ​កូន​ប្រុស​ត្រូវ​បាន​គេ​សម្លាប់ ខណៈ​ដែល​សាច់​ញាតិ​មួយចំនួនទៀត​ក៏ត្រូវបានជាប់ឃុំ។

លោក ស្លូបូដាន មីឡូសូវីក ប្រធានាធិបតីប្រទេសយូហ្គូស្លាវី  ត្រូវបាន​គេ​ចាប់ខ្លួន ហើយ​ដាក់​ពន្ធនាគារពីបទប្រល័យជាតិសាសន៍ ផ្តាច់ការ និង​ពុករលួយ។​ លោក​បាន​ស្លាប់​នៅ​ក្នុង​ពន្ធនា​គារ​នៅ​ឆ្នាំ ២០០៦ ក្នុងវ័យ ៦៥ ឆ្នាំ។

មេដឹកនាំទាំងនោះបាន​ដឹកនាំ​ប្រទេសរបស់ខ្លួន​នៅ​​ក្នុងជំនាន់ប្រហាក់ប្រហែល​នឹង​​សម្តេច នរោត្តម សីហនុ ដែរ ប៉ុន្តែ​វាសនានិង​កិត្តិនាម​របស់​ពួកគេ​មិនដូចអតីតអង្គក្សត្រ​ខ្មែរ​មួយអង្គនេះ​ឡើយ។

សម្តេច នរោត្តម សីហនុ ពិតជា​មេដឹកនាំ​មួយ​ដ៏កម្រ​នៅក្នុងពិភពលោក ព្រោះថា ​ព្រះ​​អង្គ​​ត្រូវ​បានពួកសាធារណរដ្ឋ​​បណ្តេញចេញពីដំណែងពីព្រះ​ប្រមុខរដ្ឋ​នៃរបបសង្គមរាស្រ្ត​និយម​​នាថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ ទៅ​ហើយ បែរ​ជា​អាច​វិល​ត្រឡប់មកធ្វើជា​ប្រមុខ​រដ្ឋជាលើក​ទីពីរ​របស់​កម្ពុជាប្រជាធិបតេយ្យ​ខ្មែរក្រហមនា​ចុងខែធ្នូ ឆ្នាំ ១៩៧៥។ ក្រោយ​ពី​លា​​ឈប់​​​ពី​​ប្រមុខរដ្ឋ​របស់​កម្ពុជាប្រជាធិបតេយ្យ​នៅខែមេសា ឆ្នាំ ១៩៧៦ ហើយ​ត្រូវបាន​ ប៉ុល ពត ​ចាប់​ឃុំ​ព្រះកាយ​នៅ​ក្នុង​វាំង​​ជាមួយមហេសីក៏ដោយ ក៏​ព្រះអង្គនៅមាន​ឱកាសជាថ្មីបាន​​មក​គ្រង​រាជ​បល័ង្ក​ធ្វើ​ជាប្រមុខ​រដ្ឋ​ជា​លើកទីបីនា​ឆ្នាំ ១៩៩៣ នៅក្នុង​របរបរាជា​និយម​អាស្រ័យ​ធម្មនុញ្ញ​រហូត​ដល់ឆ្នាំ ២០០៤។ នេះ​ជា​ចំណុច​អស្ចារ្យ ដែល​​គ្មាន​មេដឹកនាំ​ក្នុង​ពិភពលោក​ណា​ម្នាក់​បាន​ធ្វើជា​ប្រមុខរដ្ឋពីរបីលើក​បែបនេះ​ឡើយ។

នៅក្នុងរាជកិច្ចដឹកនាំ​ប្រទេសទាំង​ជាប្រមុខរដ្ឋ និង​ជា​ព្រះមហាក្សត្រនា​សម័យ​សង្គមរាស្រ្ត​និយម ​​សម្តេច នរោត្តម សីហនុ ត្រូវបានគេ​សង្កេត​ឃើញនូវ​ចំណុច​ពិសេស​មួយ​ចំនួន ​ក្រៅពី​ការ​អភិវឌ្ឍ​ជាតិ​​​ឲ្យ​​​​សម្បូរ​រុង​រឿង​នោះ។

ចំណុច​ពិសេសទីមួយ គឺព្រះអង្គគិតពី​ប្រយោជន៍ជាតិជាធំ ដោយមិនឱនសិរសា​​នៅ​ចំពោះ​​​មុខជនបរទេស ទាំងបារំាង អាមរិក និង​ប្រទេស​ជិតខាង​។

ចំណុច​ទីពីរ នៅ​ក្នុង​សម័យ​កាល​ដូច​គ្នា ​ព្រះអង្គ​ក្នុងនាមជា​ព្រះ​ប្រមុខរដ្ឋអាណាចក្រ​កម្ពុជា​ ​បាន​ធ្វើ​ឲ្យ​ជាតិ​លេច​ធ្លោរ​លើ​គ្រប់​វិស័យ​នៅ​ក្នុង​តំបន់​អាស៊ី និងនៅ​ក្នុងពិភពលោក។ ​

ចំណុចទីបី ព្រះអង្គ​ត្រូវបាន​គេមើលឃើញថា មិន​ប្រព្រឹត្ត​​អំពើ​​​ពុករលួយ ហើយ​សង្គម​របស់​ព្រះអង្គ​ត្រូវបាន​គេ​ចាត់ទុកថា​ ជាសង្គមស្អាតស្អំ ព្រោះថា មន្រ្តី រាជការ គ្រូបង្រៀន នគរបាល នាយ​ទាហាន ពលទាហាន ​​​និង​កម្មករ​បាន​ទទួល​ប្រាក់ខែសមរម្យល្មមរស់ ខណៈ​ដែលកសិករមាន​លទ្ធភាព​ក្នុងការ​បង្ក​បង្កើន​ផល​បាន​​គ្រប់គ្រាន់ និង​​រស់នៅ​​ដោយ​សុខ​ដុមរមនា និង​សុខសន្តិភាព។ រហូត​ដល់សោយទីវង្គត ព្រះអង្គត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្មាន​ទ្រព្រ​​សម្បត្តិ​ផ្ទាល់​ព្រះកាយ​រាប់​លាន​​ដុល្លារ​​​ឡើយ។

ចំណុច​ទីបួន ដើម្បី​ស្វែង​យល់​និង​បាន​​ដឹង​ពីសុខ​ទុក្ខ​ពិត​ប្រាកដ​​របស់រាស្រ្ត  ​សម្តេច សីហនុ តែង​​តែរៀបចំសវនាការ និងអង្គសមាជ​ជាតិ​ជា​ប្រចាំ​ជា​មួយ​​ប្រជានុរាស្រ្ត​គ្រប់ស្រទាប់វណ្ណៈ។ នៅ​ក្នុង​​ឱកាសសវនាការ និងសមាជជាតិទាំងនោះ ពលរដ្ឋ​អាច​បញ្ចេញ​ទស្សនៈ និងសាកសួរ​​ពីការ​ដឹក​នាំ​​ជាតិ​​របស់​រាជ​រដ្ឋាភិបាល ដែល​ជាហេតុធ្វើ​ឲ្យ​ព្រះអង្គ​បាន​ដឹងពីចំណុចខ្លាំង​និង​ចំណុច​ខ្សោយ​​របស់​​រាជ​រដ្ឋា​ភិបាល។

ទំាងអស់នេះ​គឺពិតជា​​ចំណុច​ខ្លាំងដែលអត់សរសើរមិនបាន។ ព្រះអង្គ​ត្រូវបាន​ជាតិទាំងមូល​ចាត់​ទុក​ជា “ព្រះមហាវីរក្សត្រ ព្រះវរ​រាជ​បិតា​ឯករាជ្យ បូរណភាពដឹកដី និងឯកភាពជាតិខ្មែរ​” ជាទីសក្ការដ៏ខ្ពង់ខ្ពស់​របស់ជាតិ ខណៈដែលសមាជិករាជវង្សានុវង្សកំពុងរស់នៅដោយសុខសាន្ត​នៅ​ក្នុង​ប្រទេស។

ឥឡូវ​ព្រះអង្គ​បាន​ឃ្លាត​ឆ្ងាយ​ពី​​យើង​​​ទាំង​​អស់​​គ្នា​​​ហើយ គឺ​​ឃ្លាតឆ្ងាយ​ជារៀង​រហូតគ្មាន​ថ្ងៃ​បាន​ជួបព្រះភ័ក្រ្ត និង​ព្រះកាយ​ផ្ទាល់​ជា​ថ្មី​ទៀត​ឡើយ។ នេះ​គឺជា​ការ​សោកសង្រេងដ៏ធំធេង​របស់​ប្រជាជាតិទាំងមូល។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ក៏ព្រះ​​រាជ​កិត្តិនាម និង​​ស្នាព្រះហស្ត​​របស់​ព្រះអង្គនៅតែ​គង់​វង្ស​ជា​អមតៈ ដែល​ធ្វើ​ឲ្យកូនចៅ ចៅ​ទួត​ជំនាន់​ក្រោយៗ​​មិន​អាច​បំភ្លេចបាន។

ក្នុងនាម​ប្រជារាស្រ្តខ្មែរ កូនចៅ និង​ចៅទួត សូមលើកហត្ថាទាំងទ្វេ​ប្រណម​បួង​សួង​ដល់​ព្រះ​រតនត្រ័យ​​ជួយយាងព្រះវិញ្ញាណក្ខន្ទ​​របស់​ព្រះអង្គ​ទៅ​សោយ​សុខ​ក្នុងបរមសុគតិភព ហើយសូម​ព្រះ​វិញ្ញាណក្ខន្ទ​​ព្រះ​អង្គ​ងាក​ក្រោយថ្វាយព្រះពរដល់អតីនគរ​និង​ប្រជារាស្រ្ត​របស់​ព្រះអង្គ​​បាន​ទទួល​សេចក្តី​សុខក្សេម​ក្សាន្ត​​​ដូច​សម័យ​​សង្គម​​រាស្រ្តនិយម ក្រោម​ការ​ធ្វើ​​បច្ចុប្បន្ន​​ភាពបន្ត​​របស់​រាជ​រដ្ឋា​ភិ​បាល​​បច្ចុប្បន្ន​ដែលនាំដោយសម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន៕

លោក ស៊ូហារតូ អតី​ប្រធា​នា​ធិបតី​ប្រទេស​ឥណ្ទូ​​ណេស៊ី (១៩៦៨-១៩៩៨)។
លោក ស៊ូហារតូ អតី​ប្រធា​នា​ធិបតី​ប្រទេស​ឥណ្ទូ​​ណេស៊ី (១៩៦៨-១៩៩៨)។
លោក ហ្វែឌីណង់ ម៉ាកុស ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន (១៩៦៥-១៩៨៦)។
លោក ហ្វែឌីណង់ ម៉ាកុស ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន (១៩៦៥-១៩៨៦)។
លោក គីម អ៊ីលស៊ុង ប្រធានា​ធិបតី​ប្រទេស​កូរ៉េខាងជើង​ (១៩៤៨-១៩៩៤)។
លោក គីម អ៊ីលស៊ុង ប្រធានា​ធិបតី​ប្រទេស​កូរ៉េខាងជើង​ (១៩៤៨-១៩៩៤)។
 គីម ជុងអ៊ីល កូន​ប្រុស​របស់​លោក គីម អ៊ីលស៊ុង ប្រធានាធិបតី​កូរ៉េ​ខាងជើង​រយៈពេល​១៧​ឆ្នាំ។
គីម ជុងអ៊ីល កូន​ប្រុស​របស់​លោក គីម អ៊ីលស៊ុង ប្រធានាធិបតី​កូរ៉េ​ខាងជើង​រយៈពេល​១៧​ឆ្នាំ។
លោក គីម ជុងអ៊ុន កូន​ប្រុស​លោក គីម ជុង​អ៊ីល ឡើងធ្វើជា​​ប្រធា​នា​ធិប​តីកូរ៉េខាងជើង​នាចុង​ឆ្នាំ​​២០១១ នៅពេល​លោក​មាន​​អាយុទើប ២៩​ ឆ្នាំ។
លោក គីម ជុងអ៊ុន កូន​ប្រុស​លោក គីម ជុង​អ៊ីល ឡើងធ្វើជា​​ប្រធា​នា​ធិប​តីកូរ៉េខាងជើង​នាចុង​ឆ្នាំ​​២០១១ នៅពេល​លោក​មាន​​អាយុទើប ២៩​ ឆ្នាំ។
លោក មូម៉ា ហ្គាដាហ្វី ប្រធានាធិបតីប្រទេសលីប៊ី (១៩៦៩-២០១១)។
លោក មូម៉ា ហ្គាដាហ្វី ប្រធានាធិបតីប្រទេសលីប៊ី (១៩៦៩-២០១១)។
លោក មូបារ៉ាក់ ប្រធានា​ធិប​តីប្រទេសអេហ្ស៊ីប (១៩៨១-២០១១)។
លោក មូបារ៉ាក់ ប្រធានា​ធិប​តីប្រទេសអេហ្ស៊ីប (១៩៨១-២០១១)។
លោក សាដាម ហ៊ូសេន ប្រធានាធិបតីប្រទេសអ៊ីរ៉ាក់ (១៩៧៩-២០០៣)ុំ
លោក សាដាម ហ៊ូសេន ប្រធានាធិបតីប្រទេសអ៊ីរ៉ាក់ (១៩៧៩-២០០៣)។
លោក ស្លូបូដាន មីឡូ​សូ​វីក អតីត​ប្រធានា​ធិប​តី​ប្រទេស​យូហ្គូស្លាវី។
លោក ស្លូបូដាន មីឡូ​សូ​វីក អតីត​ប្រធានា​ធិប​តី​ប្រទេស​យូហ្គូស្លាវី។

 

 

 

 

 

 

Related Articles

Back to top button
Close
Close