យុវជនម្នាក់ត្រូវមិត្ដភក្ដិវាយប្លន់យកម៉ូតូបានសម្រេច
ភ្នំពេញ ៖ កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី៩ ខែមករា យុវជនជានិស្សិតម្នាក់បានរងរបួសជាច្រើនកន្លែង ខណៈដែលជូនមិត្ដភក្ដិមកពីទារលុយបងប្អូន ហើយមិត្ដភក្ដិនោះបានប្លន់យកម៉ូតូតែម្ដង ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយកែងផ្លូវបេតុង ស្ថិតក្នុងភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
យុវនិស្សិតដែលត្រូវមិត្តភក្ដិ វាយនិងចាក់ឱ្យរងរបួសនោះមានឈ្មោះ ដុន ដានីត អាយុ២០ឆ្នាំ ជានិស្សិតផ្នែកច្បាប់ឆ្នាំទី១សាកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះជួលភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឫស្សី ។ ម៉ូតូដែលជនសង្ស័យវាយប្លន់យកទៅនោះម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1N-7892 ។
ជនសង្ស័យដែលវាយប្លន់នោះឈ្មោះ អាស្កាយ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ អាហ៊ីង អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី សង្កាត់មានជ័យ ខណ្ឌមានជ័យ ។
តាមការឱ្យដឹងពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុមិត្ដភក្ដិទាំងនោះបានសុំឲ្យជនរងគ្រោះជូនពួកគេទៅទារ លុយបងប្អូន ពេលជិះម៉ូតូមកដល់កន្លែងកើតហេតុជនសង្ស័យបានឱ្យជនរងគ្រោះឈប់ ម៉ូតូអង្គុយលេង តែជនរងគ្រោះបានបបួលជនសង្ស័យទាំង២ទៅផ្ទះ ពេលនោះជនសង្ស័យទាំង២នាក់ក៏បានវាយជនរងគ្រោះប្លន់យកម៉ូតូរួច គេចខ្លួនបាត់តែម្ដង ។
ក្រោយករណីឃាតកម្មខាងលើ នគរបាលខណ្ឌសែនសុខដឹកនាំបញ្ជាផ្ទាល់ពីលោកអធិការ ម៉ក់ ហុង បានចុះស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ បានម្នាក់ ។ បច្ចុប្បន្នកំពុងចាត់ចែងស៊ើបអង្កេតបន្តស្វែងរកបក្ខពួកជនដៃដល់បន្តទៀត ៕
ដោយ៖ ហេង នាង