ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យបុរសបីនាក់រងរបួសធ្ងន់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៣ និង០០ នាទីយប់ថ្ងៃទី ២៩ ខែមករា ម៉ូតូពីរគ្រឿងជិះបុកគ្នា បណ្តាលឲ្យបុរសបីនាក់ត្រូវរងរបួស ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1AH 1138 ជិះតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីត្បូងទៅជើង ខណៈជិះដល់ចំណុចខាងលើស្រាប់តែមានក្រុមស្ទាវពីរនាក់ជិះម៉ូតូ មួយគ្រឿងម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៣ ពាក់ស្លាកលេខ ពោធិ៍សាត 1D 3685 ក្នុងល្បឿនយ៉ាងលឿនមកបុកពីក្រោយម៉ូតូសេ១២៥ ស៊េរី ២០០៩ ពេញទំហឹងតែម្តងដែលបណ្តាលឲ្យម្ចាស់ម៉ូតូទាំងពីរគ្រឿង មានគ្នាបីនាក់ ត្រូវរងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុម៉ូតូទាំងពីរគ្រឿងត្រូវសមត្ថកិច្ចចុះមកវាស់វែង ដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយតាមច្បាប់ ៕ រដ្ឋ
ដោយ៖ ហេង នាង