សហគមន៍អន្តរជាតិ​យល់ព្រម​លុបបំណុល​ជាងពាក់កណ្តាល​របស់​ភូមា

នៅ​ថ្ងៃ​ច័ន្ទ ទី២៨ មករា​នេះ រដ្ឋាភិបាល​ប្រទេស​ភូមា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុម ប្រទេស​ម្ចាស់បំណុល​នៃ​ក្លិប​ប៉ារីស​បាន​យល់ព្រម​លុបចោល​ប្រាក់បំណុល​ចំនួន​ពាក់កណ្តាល​ដែល​ភូមា​បាន​ជំពាក់។ តាម​សេចក្តី​ជូនដំណឹង​មួយ​ចុះផ្សាយ​ដោយ​កាសែតផ្លូវការ​ប្រចំាថ្ងៃ​ឈ្មោះ New Light of Myanmar ឲ្យ​ដឹង​ថា កិច្ច ព្រមព្រៀង​ចុះ​ហត្ថលេខា​នៅ​ថ្ងៃសុក្រ ទី២៥ មករា បាន​សម្រេច​កាត់បន្ថយ​ប្រាក់ បំណុល​ក្រៅប្រទេស​របស់​ភូមា​ប្រមាណ​ជា ៦ ០០០លានដុល្លារ។ នេះ​ជា​សញ្ញា​វិជ្ជមាន​ថ្មី​មួយ​ទៀត​ដែល​សហគមន៍​អន្តរជាតិ​បាន​ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល ស៊ីវិល​ភូមា។

នៅ​ក្នុង​ចំណោម​ប្រាក់បំណុល​លុបចោល​ប្រមាណ​ជា ៦ ០០០លានដុល្លារ​នោះ ប្រទេស​ជប៉ុន​តែ​មួយ​បាន​សម្រេច​លុប​ចោល​ចំនួន ៣ ០០០លាន​ដុល្លារ និង​ប្រទេស​ន័រវែស​ចំនួន ៥៣៤លានដុល្លារ។ រីឯ​បំណុល​សេសសល់​ដែល​ភូមា​នៅ​ជំពាក់​ជប៉ុន និង​ន័រវែស​នឹង​ត្រូវ​ពន្យារ​ពេល​សង​រយៈពេល ១៥ឆ្នំា។ យោង​តាម​កិច្ច ព្រមព្រៀង​ដដែល ប្រទេស​ម្ចាស់បំណុល​ផ្សេងទៀត​នឹង​ត្រូវ​ប្រកាស​ពី​ការ​លប់ ចោលបំណុល​របស់​ ខ្លួន​នៅ​ក្នុង​រយៈពេល ៦ខែ​ខាង​មុខ។ លោក​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ភូមា វីន ស្ហេន​បាន​បញ្ជាក់​ថា កាយវិការ​របស់​ក្លិបប៉ារីស គឺ​ជា​ការ​បើក​សករាជ​ថ្មី​មួយ​ដែល​ភូមា​សន្យា​ធ្វើ​សហប្រតិបត្តិការ​ ពេញទំហឹង​ជាមួយ​គ្រប់​ប្រទេស​សមាជិក​នៃ​ក្លិប​ប៉ារីស។ ប្រទេស​សមាជិក​ក្លិប​ប៉ារីស​រួម​មាន​សហ រដ្ឋអាមេរិក ជប៉ុន និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ធំ។

ក្នុង​ពេល​ជា​មួយ​គ្នា​នេះ រដ្ឋាភិបាល​ភូមា​ក៏​បាន​ទូទាត់​បញ្ជី​សេសសល់​ជាមួយ​ធនា គារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក្នុង​ទឹកប្រាក់​សរុប ៩០០លានដុល្លារ តាម​រយៈ​ប្រាក់កម្ចី​បន្ត​របស់​ប្រទេស​ជប៉ុន។ ទង្វើ​នេះ​បាន​ជួយ​សម្រួល និង​អនុញ្ញាត​ឲ្យ​ភូមា​អាច​វិល​ត្រលប់​មក​ទទួល​ជំនួយ​អន្តរជាតិ​ជា​ថ្មី​ដែល ​ប្រទេស​ក្រីក្រ​មួយ​នេះ​បាន​អាក់ខាន​អស់​រយៈពេល​ជា​យូរ​ឆ្នំា​មក​ហើយ។ យ៉ាង​ណា​ក៏​ដោយ លោក ស្រី Annette Dixon នាយិកា​នៃ​ធនាគារ​ពិភពលោក​ប្រចំា​ភូមា​បាន​គូសបញ្ជាក់​ថា មាន​កិច្ចការ​ជា​ច្រើន​ដែល​ភូមា​ត្រូវ​បន្ត​ធ្វើ​នៅ​ក្នុង​កំណែទម្រង់​វិស័យ ​សេដ្ឋកិច្ច​របស់​ខ្លួន។

នៅ​លើ​វិស័យ​សេដ្ឋកិច្ច សភា​បាន​អនុម័ត​ច្បាប់​មួយ​ស្តីពី​វិនិយោគបរទេស និង​កំពុង​ពិនិត្យមើល​លើ​ច្បាប់​មួយ​ទៀត​ស្តីពី​ការ​ធានា​ឯករាជភាព​របស់​ ធនាគារ កណ្តាល។ កាល​ពី ១០ថ្ងៃ​មុន​នេះ រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​បាន​ទទួល​ជួប​ក្រុមប្រទេស​អ្នកផ្តល់​ជំនួយ។ ក្នុង​ឱកាស​នោះ រដ្ឋាភិបាល​បាន​បង្ហាញ​ជូន​នូវ​ឯកសារ​មួយ​ស្តីពី​ជម្រើស​ជា​យុទ្ធសាស្រ្ត​ របស់​រដ្ឋាភិបាល​នៅ​ឆ្នំា​ខាង​មុខ ព្រម​ទំាង​កិច្ចសន្យា​ស្តីពី​អភិបាលកិច្ច​ល្អ និង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆំាង​នឹង​អំពើ​ពុករលួយ។ យោង​តាម​ឯកសារ​នោះ​ដដែល រដ្ឋាភិបាល​ក៏​បាន​បង្ហាញ​អំពី​កំណើន​សេដ្ឋកិច្ច​ទទួល​បាន ៥,៥% ពី​ខែ​មីនា ឆ្នំា ២០១១ ដល់​ខែ​មេសា​ឆ្នំា ២០១២ ព្រម​ទំាង​ការ​ព្យាករណ៍​សម្រាប់​ឆ្នំា ២០១២-២០១៣ ចំនួន ៦,២៥% ផង​ដែរ។

គួរ​ជម្រាប​ជូន​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក​ប្រធានាធិបតី​ថេន សេន​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លំាង តាម​រយៈ​កម្មវិធី​កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​ដ៏​ស្វាហាប់​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ និង​ក្រៅ​ពី​ការ​បោះឆ្នោត​សភា​ដែល​អនុញ្ញាត​ឲ្យ​លោកស្រី​អ៊ុង សានស៊ូជី​បាន​ទទួល​កៅអី​តំណាងរាស្រ្ត​នោះ លោក​ថេន សេន​ក៏​បាន​សម្រេច​ដោះលែង​អ្នកទោស​នយោបាយ​មួយ​ចំនួន។ គឺ​កាយវិការ​ទំាង​អស់​នេះ​ហើយ​ដែល​បាន​ជម្រុញ​ឲ្យ​ក្រុម​ប្រទេសលោកខាងលិច​លើក​ទ័ណ្ឌកម្មឬ​មួយ​ក៏​ព្យួរ​ទ័ណ្ឌកម្ម​មួយ​ចំនួន ពិសេស ​គឺ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​កាល​ពី​ ដំណាច់​ឆ្នំា ២០១២៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close