ជនសង្ស័យពីរធ្វើសកម្មភាពកាច់កម៉ួតូត្រូវសម្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ២៨ មករា ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចកាច់ក ម៉ូតូគេទុកនៅមុខផ្ទះលេខ 176B ផ្លូវជាតិលេខ៦ ក្រុម៤ ភូមិបាក់ខែង ចំណុច ស្ពានលេខ៤ សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ ម៉ុន្តែត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានយកទៅ សាកសួរនៅ ប៉ុស្តិ៍ព្រែកលៀប ។
ប្រភពព័ត៌មានពី សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ មានគ្នា២នាក់ជិះម៉ូតូ សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ជិះពីភ្នំពេញ ទៅរកធ្វើ សកម្មភាពនៅជាយក្រុង ខណៈពេលជិះមកដល់មុខផ្ទះ កើតហេតុខាងលើ ស្រាប់តែប្រទះឃើញម៉ូតូសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX 6772 ចតទុកនៅមុខផ្ទះ ស្រាប់តែជនសង្ស័យបាន ទម្លាក់គ្នាម្នាក់ចុះទៅធ្វើសកម្មភាពលួចកាច់ក ម៉ូតូរួចជិះម៉ូតូ នោះទៅដល់គល់ ស្ពានជ្រោយចង្វា ស្រាប់តែប្រទះឃើញនគរបាល កំពុងតែកាក់ រថយន្តធ្វើការត្រួតពិនិត្យ ក៏បត់ម៉ូតូត្រឡប់ក្រោយមកដល់មុខ អតីតភោជនីយដ្ឋាន ហេង ឡាយ ស្ថិតក្នុង ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ ឃើញមាននគរបាល មួយក្រុមទៀត ធ្វើឲ្យជនសង្ស័យភ័យពេក ផ្តួលម៉ូតូចោលកណ្តាលផ្លូវ រត់ទៅពួននៅកន្លែងងងឹត ប៉ុន្តែសមត្ថកិច្ចបានដើរ រុករកឃើញក្របួចយកទៅ សាកសួរនៅ ប៉ុស្តិ៍ព្រែកលៀប ។
រីឯជនសង្ស័យម្នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ ។ ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ អ៊ូ សុខរតនា ភេទប្រុស អាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យន័រតុន ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ ដឹម សារុំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕
ដោយ៖ ហេង នាង