ការប្រែប្រួលអាកាសធាតុប៉ះពាល់បណ្តាប្រទេសក្រីក្រមុនគេ
នៅថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានបិទបញ្ចប់នៅក្រុង ដាវ៉ូស ប្រទេសស្វ៊ីស ធនាគារពិភពលោកបានក្រើនរំលឹកសហគមន៍អន្តរជាតិជាថ្មីម្តងទៀត អោយគិតគូរអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងការឡើងកំដៅនៃភពផែនដី ដែលមានតែបណ្តាប្រទេសក្រីក្រតែប៉ុណ្ណោះ រងនូវការប៉ះពាល់នេះមុនគេ។ ធនាគារពិភពលោក បានលើកឡើងថា បណ្តាប្រទេសក្រីក្រជាងគេ រងមុនគេនូវគ្រោះរាំងស្ងួត ដែលជាមូលហេតុនៃការកើនឡើងខ្ពស់នូវតម្លៃស្រូវ និងធញ្ញជាតិ។ ធនាគារពិភពលោកបានសុំអោយមានការយកចិត្តទុកដាក់ ជួយដល់បណ្តាប្រទេសក្រីក្រទាំងនេះ។
“ការប្រែប្រួលនៃអាកាសធាតុ គឺជាមូលហេតុនាំអោយមានការកើនឡើងខ្ពស់នៃតម្លៃម្ហូបអាហារ ហើយថែមទាំងបង្កអោយមានបញ្ហាកង្វះស្បៀងអាហារ ដល់កុមារនានាទៀតផង” នេះជាប្រសាសន៍របស់លោក Jim Yong Kim ប្រធានធនាគារពិភពលោក កាលពីថ្ងៃសៅរ៍ ម្សិលមិញ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានបិទបញ្ចប់នៅក្រុង ដាវ៉ូស ប្រទេសស្វ៊ីស។ វេទិកានេះបានប្រារព្ធឡើង កាលពីថ្ងៃ ទី២៣ មករា កន្លងមក។
ធនាគារពិភពលោក បានបង្ហាញអំពីសេចក្តីព្រួយបារម្ភរបស់ខ្លួន ចំពោះបញ្ហាប្រែប្រួលនៃអាកាសធាតុ និងការកើនឡើងកំដៅនៃភពផែនដី ដែលផ្តល់ប៉ះពាល់ធ្ងន់ជាងគេ តែលើបណ្តាប្រទេសក្រីក្រប៉ុណ្ណោះ។
ធនាគារពិភពលោក បានរំលឹកឡើងវិញនូវសេចក្តីសន្និដ្ឋានក្នុងរបាយការណ៍មួយ ដែលចែងអំពីផលប៉ះពាល់នៃការឡើងកំដៅភពផែនដី ចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមក។ យោងតាមរបាយការណ៍នេះ ភពផែនដីយើងនឹងទទួលរងនូវការកើនសីតុ ណ្ហភាព ៤ អង្សារ ថែមទៀត ចាប់ពីឆ្នាំ ២០៦០ ទៅ។ ហេតុការណ៍នេះប្រៀបបានទៅនឹងការក្រឡាប់ផែនដី ហើយវាយប្រហារមុនគេតែបណ្តាប្រទេសក្រីក្រ ព្រមទាំងបំផ្លាញដល់ការអភិវឌ្ឈន៍ជាច្រើនឆ្នាំទៀតផង។ ធនាគារពិភព លោកបានសុំអោយមានការយកចិត្តទុកដាក់ ជួយដល់បណ្តាប្រទេសក្រីក្រទាំងនេះ។
ទន្ទឹមនេះដែរ ធនាគារពិភពលោក បានសំដែងការទុកចិត្ត នៅចំពោះមុខហេតុ ការណ៍អាកាសធាតុនានា នាពេលថ្មីៗនេះ ដូចជារលកនៃសីតុណ្ហភាពត្រជាក់ដែល បានបក់បោក នៅទូទាំងអឺរ៉ុប រឺក៍គ្រោះរាំងស្ងួតនៅប្រទេសអូស្ត្រាលី ជាដើម ដែលសុទ្ធតែជាហេតុការណ៍ជួយអោយរដ្ឋាភិបាល និងសាធារណជននានា ភ្ញាក់គំនិត ខិតខំស្វែងរកវិធានការអោយបានដិតដល់ដើម្បីជួយបរិដ្ឋាន។
ធនាគារពិភពលោកបានលើកសរសើរប្រទេសចិន ដែលជាប្រទេសគំរូក្នុងការចូលរួមស្រោចស្រង់បរិដ្ឋាន។ គួររំលឹកថា ក្រុងប៉េកាំងបានសន្យាវិនិយោគទឹកប្រាក់ជាង ១៤ពាន់លានដុល្លារ ចាប់ពីពេលនេះរហូតដល់ដំណាច់ទសវត្សរ៍ ដើម្បីអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះមានការប្រើប្រាស់រថយន្តចំនួន ៥លាន គ្រឿង ដែលចរាចរបានដោយថាមពលថ្មីៗ។ លើសពីនេះ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០១៥ ប្រទេសចិនមានគំរោងបិទអោយលែងដំណើរការនូវរោងចក្រ ១២០០កន្លែង ដែលសុទ្ធសឹងជារោងចក្របំពុលបរិដ្ឋាន៕ដោយ ព្រំ សឿន សូលីណា (RFI)