ការជំនុំជម្រះរឿងក្តីឧទ្ធរណ៍របស់លោក Charles Taylor ចាប់ផ្តើម
ប៉ារីស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិមួយក្នុងទីក្រុងឡាអេ បានជំនុំជម្រះរឿងក្តីឧទ្ធរណ៍របស់អតីតប្រធានាធិបតីប្រទេសលីបេរីយ៉ា និងជាស្តេចសង្គ្រាម Charles Taylor ដែលត្រូវបានកាត់ទោសនៅក្នុងឆ្នាំ២០១២ ពីបទដែលលោកមានចំណែកនៅក្នុងការប្រើអំពើឃោរឃៅក្នុងអំឡុងពេល សង្គ្រាមស៊ីវិលនៅ Sierra Leone ក្នុងទសវត្សរ៍១៩៩០។
ជិតមួយឆ្នាំ ក្រោយពីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥០ឆ្នាំ ពីបទជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមនៅ Sierra Leone លោក Charles Taylor បានវិលត្រឡប់ចូលតុលាការវិញនៅថ្ងៃអង្គារសប្តាហ៍នេះ ។ លោកបានស្លៀកសម្លៀកបំពាក់អាវធំពណ៌ខ្មៅ ចងក្រវ៉ាត់កពណ៌ក្រហម គ្រាដែលលោកស្តាប់ការចាប់ផ្តើមបើកអង្គជំនុំជម្រះរឿងក្តីឧទ្ធរណ៍ របស់លោក។
នៅខែមេសា ឆ្នាំ២០១២ អតីតមេដឹកនាំប្រទេសលីបេរីយ៉ារូបនេះ ត្រូវបានរកឃើញថាមានទោសក្នុងបទគាំទ្រ ជំរុញ និងការរៀបចំគំរោងប្រព្រឹត្តអំពើឧក្រិដ្ឋដ៏សាហាវយង់ឃ្នងនៅ Sierra Leone ដែលជាប្រទេសជិតខាង។ នៅក្នុងអំពើឧក្រិដ្ឋកម្មនេះ មានដូចជាការសម្លាប់ ការរំលោភផ្លូវភេទ និងការប្រើកុមារឲ្យធ្វើជាទាហាន។
ក៏ប៉ុន្តែ លោក Charles Taylor ដែលមានវ័យ៦៤ឆ្នាំរូបនេះ នៅតែរក្សាជំហរដដែលថា លោកគ្មានទោស។ ឥឡូវនេះ លោកមានឱកាសជាថ្មី ដើម្បីបញ្ចុះបញ្ចូលចៅក្រមនានានៅតុលាការអន្តរជាតិក្នុងទីក្រុងឡាអេ ថា លោកគ្មានទោស ។
ក្រុមអង្គការសិទ្ធិមនុស្សដែលបានសាទរចំពោះការកាត់ទោសលោក Taylorនៅឆ្នាំ២០១២ ក៏បានស្វាគមន៍ដំណើរការរឿងក្តីឧទ្ធរណ៍នេះផងដែរ។ Elise Keppler ជាសមាជិកាជាន់ខ្ពស់នៃក្រុមប្រឹក្សានៃអង្គការសិទ្ធិមនុស្សHuman Rights Watch នៅក្នុងទីក្រុង New York។ អ្នកស្រី ថ្លែងថា៖
«សវនការរឿងក្តីឧទ្ធរណ៍នៅថ្ងៃនេះ និងនៅថ្ងៃស្អែកនៅក្នុងការជំនុំជម្រះលោក Charles Taylor ជានាទីដ៏សំខាន់នៅក្នុងអ្វីដែល គេបានហៅថា ការជំនុំជម្រះដ៏គួរឲ្យកត់សំគាល់មួយ។ នេះ ជាការកាត់ទោសអតីតមេដឹកនាំប្រទេសមួយ ជាលើកដំបូងនៅចំពោះមុខតុលាការអន្តរជាតិ ចាប់តាំងពីការជំនុំជម្រះរឿងក្តី Numremburgនោះមក ហើយលោក Taylor ត្រូវបានរកឃើញថាមានទោស នៅក្នុងបទឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងបំផុតមួយនៅក្នុងប្រទេស Sierra Leone។ ឥឡូវនេះ យុត្តិធម៌ដ៏ត្រឹមត្រូវ និងអាចយកជាការបាន មានន័យថា មានសិទ្ធិប្តឹងទៅឧទ្ធរណ៍ ហើយយើងរង់ចាំចៅក្រមធ្វើការងាររបស់ខ្លួន ក្នុងការវាយតម្លៃបញ្ហាណាមួយដែលនឹងកើតមានឡើងនៅក្នុងដំណើរការ រឿងក្តីឧទ្ធរណ៍នេះ»។
មេធាវីការពារក្តីរបស់លោក Taylor ចង់ឲ្យមានការបដិសេធការសម្រេចទោសទៅលើកូនក្តីរបស់ខ្លួន ដោយនិយាយថា នោះជាយុត្តិធម៌មិនពេញលក្ខណៈ ហើយការសម្រេចទោសនោះ គឺអាស្រ័យលើភ័ស្តុតាងមិនពិត និងគ្មានការបញ្ជាក់ច្បាស់លាស់។ ចំណែកឯ អង្គជំនុំជម្រះវិញ ចង់បន្ថែមទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល៨០ឆ្នាំ។
ចៅក្រមនៅក្នុងតុលាការអន្តរជាតិក្នុងទីក្រុងឡាអេ ត្រូវគេរំពឹងថា នឹងចេញសាលក្រមនៅខែកញ្ញាខាងមុខនេះ។ បើលោក Taylor ចាញ់ក្នុងរឿងក្តីនេះ លោកនឹងត្រូវចូលក្នុងពន្ធនាគារ នៅប្រទេសអង់គ្លេស៕ ប្រែសម្រួល ដោយ លី ម៉ូរីវ៉ាន់ (VOA)