មេក្លោង​អាល់កៃដា​ បេលម៉ុកតារ​ ទំលាក់​កំហុស​​សោកនាដកម្ម​នៅ​រោងចក្រ​ប្រេង​ និង​ឧស្ម័ន​ In​ Amenas​ ទៅ​​លើ​ទាហាន​អាល់ហ្សេរី​

នៅ​ប្រទេស​អាល់​ហ្សេរីមេ​ក្លោង​អាល់កៃ​ដា​ នៅ​​ម៉ាហ្ក្រេប ​មួយ​រូប​ ឈ្មោះ​ បេល​ម៉ុក​តារ បាន​ទំលាក់​កំហុស​​​​​សោកនាដកម្ម​​​ដែល​កើត​ឡើង​ នៅ​រោងចក្រ​ប្រេង​ និង​ឧស្ម័ន In Amenas ទៅ​លើ​ទាហាន​​អាល់​ហ្សេរី។ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​​ ផ្ញើ​ទៅ​ស្ថាប័ន​ព័ត៌មាន​ម៉ូរីតានី Nouakchoott ​កាល​ពី​ថ្ងៃ​​​អាទិត្យ​ម្សិលមិញ ​​​ បេលម៉ុកតារ​បាន​ចោទ​ទាហាន​អាល់​ហ្សេរី ​ថា ឆាប់​​​ប្រលូក​​​ខ្លួន​ ក្នុង​សង្គ្រាម​ ដោយ​មិន​​សូវ​គិត​គូរ ​ពី​​អាយុ​ជីវិត​របស់​​ចំណាប់​ខ្មាំង​ នៅ​ពេល​ដែល​​​​​ផ្នែក​ឧទ្ទាម​ ព្យាយាម​ធ្វើ​ការ​ចរចា​ រក​ដំណោះស្រាយ​។ សូម​រំលឹក​ថា កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ប្រតិបត្តការ​របស់​​កង​កម្លាំង​ពិសេសអាល់ហ្សេរី ក្នុង​ការ​រំដោះ​ចំណាប់​ខ្មាំង​ ពី​ពួក​ឧទ្ទាម​ ​នៅ​រោងចក្រ​ប្រេង​ និង​ឧស្ម័ន In Amenas ​ បាន​ធ្វើ​អោយ​បាត់​បង់​ជីវិត​ ​ចំណាប់​ខ្មាំងជាតិ​អាល់ហ្សេរី​ និង​បរទេស​ ​២៣​នាក់​ និង ​ភេរវជន ​៣២​នាក់។

មេ​ក្លោង​អាល់កៃ​ដា នៅ​ម៉ាហ្ក្រេប​​​​ ឈ្មោះ​ ម៉ុកតារ​ បេល​ម៉ុក​តារ ដែល​​​ប្រកាស​ថា​ ខ្លួន​ជា​អ្នក​ចាប់​ជំរិត​​ចំណាប់​ខ្មាំង​ នៅ​រោងចក្រ​ប្រេង​ និង​ឧស្ម័ន In Amenas ក្នុង​ប្រទេស​អាល់​ហ្សេរីបាន​ចោទ​ទាហាន​អាល់​ហ្សេរី​​ថា​ រាល់​ដំណាក់​កាល​​បង្ហូរ​ឈាម​​​​​ ក្នុង​​សោកនាដកម្ម​ ​ គឺ​បង្ក​ឡើង​ដោយ​​​ទាហាន​​អាល់​ហ្សេរី។

យោង​តាម​សេច​ក្តី​ថ្លែង​ការណ៍​ ​របស់​មេ​ក្លោង​អាល់កៃ​ដា រូប​នេះ ដំបូង​ឡើយ​ ពួក​ឧទ្ទាម​បាន​ព្យាយាម​​​ធ្វើ​ការ​ចរចា​ ជាមួយ​ទាហាន​អាល់​ហ្សេរី ដោយ​សុំ​អោយ​​ទាហាន​អាល់​ហ្សេរីដក​ទ័ព​ថយប៉ុន្តែ​ទាហាន​​អាល់​ហ្សេរី បាន​សំលាប់​ចំណាប់​ខ្មាំង ​ពីរ​នាក់​ ដើម្បី​​ឆ្លើយ​តប​ទៅ​ពួក​ឧទ្ទាម​​វិញ​។ បន្ទាប់​ពី​នោះ​​មក​​ ឧត្ថម្ភាគចក្រ​នានា​ បាន​​ទំលាក់​គ្រាប់​បែក នៅ​តំបន់​នោះ។​​​​

ក្រុម​ឧទ្ទាម​បាន​បដិសេធ​ថា មិន​បាន​នាំ​ចំណាប់​ខ្មាំង​ចេញ​ពី​​ប្រទេស​អាល់​ហ្សេរី​ឡើយ ផ្ទុយ​ទៅវិញ​ ក្រុម​ខ្លួន​​បាន​​ទៅ​​កាន់​​រោងចក្រ ​ដើម្បី​ការពារ​អាយុជីវិត​​ពួក​​អ៊ីស្លាម និង​ចំណាប់​ខ្មាំង។ ក្រុម​ឧទ្ទាមយល់​ថា​ ​គឺ​ការ​វាយ​ប្រហារ​​នៃ​ឧត្ថម្ភាគ ចក្រ ​របស់​ទាហាន​អាល់​ហ្សេរី​នេះ​ហើយ​ ដែល​ប៉ះពាល់​​ដោយ​ផ្ទាល់​ទៅ​លើ​​ជីវិត​ របស់​​ចំណាប់​ខ្មាំង។

ក្រុម​ឧទ្ទាម​បាន​បន្ថែម​ថា ខ្លួន​បាន​សាក​ល្បង​​រក​ការ​ចរចា ម្តងទៀត ជាមួយ​ក្រុម​ទាហាន​ ដោយ​​សុំ​អោយ​មាន​ការ​ព្យួរ​​​អន្តរាគមន៍​​​ទ័ព​នៅ​ម៉ាលី ជា​ថ្នូរ​នឹង​ការ​​ដោះ​លែង​ចំណាប់​ខ្មាំង​ ​ប៉ុន្តែ​ទាហាន​អាល់​ហ្សេរី​ នៅ​តែ​បដិសេធ​ និង​​​​បន្ត​ការ​វាយ​ប្រហារ។

ពួក​ឧទ្ទាម​បាន​ប្រាប់​ថា បាន​ទាក់ទង​ទូរសព្ទ​ ជាមួយ​ឧត្តម​សេនីយ៍​អាល់​ហ្សេរី​មួយ​រូប ដែល​​​​​​ត្រៀម​ខ្លួន​ នឹង​បំផ្លាញ​​​​​ចោល​អស់​នូវ​រោងចក្រ​ប្រេង​ និង​ឧស្ម័ន In Amenas ក្នុង​​ការ​វាយ​ប្រហារ​​នេះ។ យោង​តាម​​ក្រុម​ភេរវជន​ទាំង​នេះ ការ​វាយ​ប្រហារ​​របស់​ទាហាន​អាល់​ហ្សេរី គឺ​​ជា​ការ​គ្រោង​ទុក​មុន​ជា​ស្រេចរបស់​រដ្ឋាភិបាល​ ដើម្បី​​អោយ​អាល់​ហ្សេរី​ បាន​ចូល​រួម​​ប្រតិបត្តការ​សង្គ្រាម​ ​នៅ​ប្រទេស​​ម៉ាលី តាម​រយៈ​ការ​ហោះ​ហើរ​ផ្លូវ​អាកាស​ និង​ការ​បិទ​ព្រំដែន​របស់​ខ្លួន៕ ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close