រដ្ឋាភិបាល​បាន​ប្រកាស​បិទបញ្ចប់​ការវាយប្រហារ​លើ​ពួកឧទ្ទាម​កាឈីន

នៅ​ថ្ងៃ​សុក្រ ទី១៨ មករា​ម្សិលមិញ រដ្ឋាភិបាល​ភូមា​បាន​ប្រកាស​បិទបញ្ចប់​ការ​វាយប្រហារ​លើ​ពួក​ឧទ្ទាម​កាឈីន​ នៅ​តំបន់​ប៉ែក​ខាង​ជើង​ប្រទេស ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ចិន។ តំបន់​ដែល​ការ​ប្រយុទ្ធ​គ្នា​រវាង​ទ័ពរដ្ឋាភិបាល និង​ពួកឧទ្ទាម​កាឈីន​បាន​ចាប់​ផ្តើម​ជា​ថ្មី​កាល​ពី​ខែ​មិថុនា ឆ្នំា ២០១១ និង​បាន​ឡើង​តានតឹង​ខ្លំាង​តំាង​ពី​ដំណាច់​ខែ​ធ្នូ ឆ្នំា ២០១២។ យ៉ាង​ណា​ក៏​ដោយ ក្រុមឧទ្ទាម​នៅ​មិន​ទាន់​ទុកចិត្ត ដោយ​បាន​ប្រកាស​ទទួល​យក​ការ​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​ដោយ​ ប្រយ័ត្នប្រយែង​បំផុត។

ការ​ដែល​ក្រុមឧទ្ទាម​បាន​ប្រកាស​ទទួល​យក​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​ដោយ ​ប្រយ័ត្ន​ប្រយែង​នៅ​ពេល​នេះ មក​ពី​ពួក​គេ​ចង់​រង់ចំា​មើល​បន្តិច​ទៀត​សិន​ថា តើ​​រដ្ឋាភិបាល​នឹង​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ដែរ ឬ​ទេ ពិសេស ថា​តើ​កងទ័ព​នឹង​គោរព​តាម​បទបញ្ជា​របស់​លោក​ប្រធានាធិបតី​ថេន សេន ដែរ ឬ​អត់ ?។ នៅ​ថ្ងៃ​សៅរ៍ ទី១៩ មករា​នេះ​ទៀត លោក​ថេន សេន​បាន​បញ្ជាក់​ជា​ថ្មី​នៅ​ក្នុង​សន្និសីតកាសែត​មួយ​នា​ទីក្រុង​ណៃពីដ៏​ថា លោក​បាន​បញ្ជា​ឲ្យ​កងទ័ព​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៅ​ក្នុង​ ជម្លោះ​ជាមួយ​ពួកឧទ្ទាម​កាឈីន ព្រម​ទំាង​អំពាវនាវ​ឲ្យ​ពួកឧទ្ទាម​កាឈីន​អនុវត្ត​នូវ​វិធានការ​ដូច​គ្នា​ នេះ។

ក៏​ប៉ុន្តែ សំណួរ​ដែល​គ្រប់​គ្នា​បាន​ចោទ​ឡើង​នោះ​គឺ​ថា តើ​លោក​ប្រធានាធិបតី​ពិត​ជា​មាន​អំណាច​លើ​ពួក​យោធា​មែន ឬ​អត់ ព្រោះ​សូម​កុំ​ភ្លេច​ថា កាល​ពី​មួយ​ឆ្នំា​មុន រូប​លោក​ថេន សេន​ក៏​ធ្លាប់​បាន​ចេញ​បទបញ្ជា​ឲ្យ​កងទ័ព​ឈប់​វាយប្រហារ​លើ​ពួកឧទ្ទាម​កាឈីន ​ម្តង​ហើយ តែ​បទបញ្ជា​របស់​លោក​កាលណោះ​មិន​ត្រូវ​បាន​កងទ័ព​យក​ត្រចៀក​ស្តាប់​ទេ។ តែ​អ្វី​ជា​ការ​កត់សម្គាល់​នៅ​លើក​នេះ កងទ័ព​ហាក់​ដូច​ជា​បាន​គោរព​តាម​សំណើ​របស់​លោក​ថេន សេន ព្រោះ​ថា កងទ័ព​ដែល​មាន​អសនៈ​ប្រមាណ​ជា ១ភាគ៤​នៅ​ក្នុង​រដ្ឋសភា​ភូមា​បច្ចុប្បន្ន មិន​បាន​បោះ ឆ្នោត​ប្រឆំាង​នឹង​ញត្តិ​ដែល​បាន​អំពាវនាវ​ឲ្យ​កិច្ចសន្ទនា​ នយោបាយ​ជាមួយ​ពួកឧទ្ទាម​កាឈីន​នោះ​ទេ។

ម្យ៉ាង​ទៀត កាយវិការ​សម្រុះសម្រួល​របស់​រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​ចំពោះ​ក្រុមឧទ្ទាម​ កាឈីន​ពេល​នេះ ក៏​អាច​ជា​ផ្លៃផ្កា​បាន​មក​ពី​គំនាប​របស់​សហគមន៍​អន្តរជាតិ​ផង​ដែរ ពិសេស​គំនាប​ពី​សំណាក់​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​ របស់​ភូមា​តែ​ម្តង។ ចិន​ដែល​បាន​បរិហារ​ការ​បាញ់​គ្រាប់កំាភ្លើងត្បាល់​ចូល​ក្នុង​ទឹកដី​របស់​ ខ្លួន​ជា​ច្រើន​គ្រាប់ ព្រម​ទំាង​រិះគន់ ទិតៀន​ការ​ប្រើ​អំពើហិង្សា​របស់​កងទ័ព​លើ​ពួកឧទ្ទាម​កាឈីន។ ចំណែក​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប​វិញ​ក៏​ធ្លាប់​បាន​ទាមទារ​ឲ្យ​មាន​កិច្ចចរចា​ឡើង​វិញ​រវាង​ រដ្ឋាភិបាល និង​ពួកឧទ្ទាម​កាឈីន​ដែរ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close