បើករថយន្តទៅបុករថយន្តចតនៅស្ងៀម បោកក្បាលនឹងចង្កូតរងរបួសខ្លួនឯង
ភ្នំពេញ ៖កាលពីនៅវេលាម៉ោង១ និង៤៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ មករា រថយន្តតូយ៉ូតាប្រ៊ូស ពណ៌ខ្មៅ បើកបុករថយន្តហាំមឺរចតស្ងៀម នៅមុខខារ៉ាអូខេសូនី តាមផ្លូវលេខ២១៤កែង១១១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា បណ្តាលឲ្យអ្នកបើករថយន្តប៊្រូសរងរបួសដោយបោកក្បាលនឹងចង្កូតរថយន្ត។
សន្តិសុខនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តតូយ៉ូតាប្រ៊ូស ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ តាមផ្លូវលេខ២១៤ ពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើបានរេចង្កូតទៅបុករថយន្តហាំមឺរ ពណ៌ខ្មៅ ចតនៅមុខហាងខារ៉ាអូខេ ម្ចាស់ចូលទៅច្រៀងបាត់ហើយ ធ្វើឲ្យរថយន្តហាំមឺរ វេគូទបន្តិចក្រពិតមុខផ្នែកខាងឆ្វេង ចំណែករថយន្តបង្កផ្ទុះពោងសុវត្ថិភាពទាំង ពីរ និងខូចខាតផ្នែកខាងមុខ តៃកុងរថយន្តបោកក្បាលនឹងចង្កូតរថយន្ត បែកហូរឈាមប្រឡាក់ពេញអាវ ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានទូរស័ព្ទហៅសាច់ញាតិដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ។ ចំណែករថយន្តទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌ ៧មករា ៕
ដោយ៖ ហេង នាង