បើករថយន្ដចូលហាងហូបគុយទាវជាន់ហ្វ្រាំងច្រឡំជ្រល់ចូលហាងរងរបួស ២នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមករា រថយន្ដ ១គ្រឿងបានបោះពួយចូលក្នុងហាងគុយទាវបណ្ដាល ឱ្យមានការខូចខាតសម្ភារលក់ដូរមួយចំនួន និងបណ្ដាលឱ្យមានមនុស្ស២នាក់រងរបួសស្រាល ស្ថិតនៅក្នុងហាងអាហារដ្ឋានអូរឫស្សីផ្ទះលេខ៤២ អឺសូន្យ ផ្លូវ១៨២ កែងផ្លូវលេខ១២៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
រថយន្តបង្កឡើងដោយរថយន្ដកាមរីហាយព្រីត ពណ៌ស្ករ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 2R-4689 បើកបរដោយយុវជនម្នាក់ ឈ្មោះ ផូ ជីសៀន អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ11FEo សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងរថយន្ដបង្កហេតុខាង លើបានធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ១៨២ ខាងមុខផ្សារអូរឫស្សី ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើត ហេតុបានបត់ចូលហាង គុយទាវក្នុងគោលបំណងចូលហូបគុយទាវ តែពុំទាន់បានហូបផង ស្រាប់តែរថយន្ដបង្កខាងលើ បានជាន់ហ្គាស្ទុះទៅ បុកចូលហាងគុយទាវ បណ្ដាលឱ្យភ្ញៀវនៅក្នុងហាងរត់ជាន់ជើងគ្នាតែម្ដង។
បច្ចុប្បន្នជនរងគ្រោះនិងអ្នកបើកបរបង្កហេតុរួមទាំងម្ដាយជនបង្កកំពុងដោះស្រាយគ្នានៅកន្លែងកើតហេតុ ៕
ដោយ៖ ហេង នាង